កម្ពុជា នឹង​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ដល់​កុមារ​អាយុ​ពី 6 ឆ្នាំ ដល់ 12 ឆ្នាំ ចាប់ពី​ថ្ងៃទី​សុក្រ​ខាងមុខ

នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច ហ៊ុន សែន ប្រកាស​ឱ្យ​ចាប់ផ្តើម​រៀបចំ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ដល់​កុមារ​ដែលមាន​អាយុ​ចាប់ពី 6 ឆ្នាំ ដល់ 12 ឆ្នាំ ដើម្បី​អាច​បើក​ដំណើរការ​សាលាបឋមសិក្សា​ឡើងវិញ។ នេះ​បើតាម សារ​ជា​សំឡេង ដែល​ផ្ញើ​ទៅកាន់​មន្ត្រី​ពាក់ព័ន្ធ នា​ព្រឹក​ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2021។

«បើ​មិន​ចាក់​វ៉ាក់សាំង​ឱ្យ​កុមារ​អាយុ​ពី 6 ឆ្នាំ ទៅ 12 ឆ្នាំ​ទេ យើង​មិនអាច​ឈានទៅ​បើក​សាលាបឋមសិក្សា​បានទេ ព្រោះ​អាយុ​នេះ គឺ​នៅក្នុង​ក្របខ័ណ្ឌ​បឋមសិក្សា ហើយ​យើង បែរជា​បើក​តែ​អនុវិទ្យាល័យ-វិទ្យាល័យ ដូច្នេះ​ធ្វើឱ្យមាន​បញ្ហាលំបាក» ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍​ដូច្នេះ។

សម្តេច បាន​បញ្ជាក់ថា ប្រទេសមួយ​ចំនួន​បាន​ចាក់​វ៉ាក់សាំង COVID-19 ដល់​កុមារ​ក្រោម​អាយុ 12 ឆ្នាំ​រួចហើយ បន្ទាប់​មានការ​សិក្សា​ស្រាវ​នៅតាម​បណ្ដា​ប្រទេស។

ការចាក់​វ៉ាក់សាំង COVID-19 ឱ្យ​កុមារ​អាយុ​ពី 6 ឆ្នាំ ដល់ 12 ឆ្នាំ ដែលមាន​ចំនួន​ជាង 1.8 លាន​នាក់​នៅ កម្ពុជា នឹង​ចាប់ផ្តើម​ពីថ្ងៃ​សុក្រ ទី 17 ខែកញ្ញា ឆ្នាំ 2021 ក្នុង​ក្រប​ខ័​ណ្ណ​ទូទាំងប្រទេស។

Advertisement