WHO ព្រមាន​ថា ទ្វីបអាហ្វ្រិក នឹង​ក្លាយជា «ទូ​ភ្ញាស់» ​វីរុស​ COVID-19 ប្រភេទ​បំប្លែង​ខ្លួន​ថ្មី

តំបន់​នានា​នៅក្នុង​ទ្វីបអាហ្វ្រិក ប្រឈម​នឹង​ហានិភ័យ​ក្លាយ​ជាទី​ចាប់កំណើត​របស់​បណ្ដា​វ៉ា​រ្យ៉​ង់​ថ្មី​នៃ​វីរុស COVID-19 ដែល​អាច​ស៊ូទ្រាំ​បាន​ជាមួយនឹង​វ៉ាក់សាំង ដោយសារតែ​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ទាប​ដែល​កើតឡើង​ពី​បញ្ហា​កង្វះ​ប្រភព​ផ្គត់ផ្គង់។

«បញ្ហា​សមភាព​ដ៏​គួរឱ្យ​ព្រួយបារម្ភ និង​ភាពយឺតយ៉ាវ​នៅក្នុង​ការផ្គត់ផ្គង់​វ៉ាក់សាំង អាចធ្វើឱ្យ​តំបន់​នានា​របស់​ទ្វីបអាហ្វ្រិក ក្លាយជា​សម្បុក​នៃ​វ៉ា​រ្យ៉​ង់​ដែលមាន​សមត្ថភាព​ទប់​ទល់នឹង​វ៉ាក់សាំង។ ស្ថានភាព​នេះ​អាច​នាំ​ពិភពលោក​ត្រលប់​ទៅកាន់​ចំនុច​ចាប់​ផ្ដើមដំបូង» Matshidiso Moeti ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រចាំ​ទ្វីបអាហ្វ្រិក ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​នៅ Brazzaville នៃ​សាធារណរដ្ឋ​កុង​ហ្គោ កាលពី​ថ្ងៃទី 16 កញ្ញា។

ដោយសារតែ​បញ្ហា​កង្វះ​វ៉ាក់សាំង​នៅ​ទូទាំង​សកលលោក យន្តការ COVAX នឹង​ដឹកជញ្ជូន​វ៉ាក់សាំង COVID-19 ប្រហែល 150 លាន​ដូ​ស​តែប៉ុណ្ណោះ ទៅឱ្យ​ទ្វីបអាហ្វ្រិក ដែល​តួលេខ​នេះ​តិចជាង​ផែនការ​ដំបូង។ ការិយាល័យ​តំបន់​របស់ WHO បានឱ្យដឹងថា ទ្វីបអាហ្វ្រិក នឹងខ្វះ​វ៉ាក់សាំង​ប្រហែល 470 លាន​ដូ​ស ក្នុងឆ្នាំនេះ ដូច្នេះ​ប្រជាជន​ចំនួន​តែ 17% ប៉ុណ្ណោះ ដែល​នឹង​ទទួលបាន​ការការពារ ទាប​ជាង​គោលដៅ 40% ដែល WHO បានកំណត់។

លោកស្រី Matshidiso Moeti ប្រធានអង្គការសុខភាពពិភពលោក (WHO) ប្រចាំទ្វីបអាហ្វ្រិក

«បើសិនជា​បណ្ដា​ប្រទេស​អ្នកមាន នៅតែ​រារាំង COVAX ពី​ទីផ្សារ​វ៉ាក់សាំង នោះ​គោលដៅ​នៃ​ការចាក់​វ៉ាក់សាំង​នៅ​ទ្វីបអាហ្វ្រិក នឹងត្រូវ​ខកខាន» ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រចាំ​ទ្វីបអាហ្វ្រិក បញ្ជាក់​ដូច្នេះ។

បញ្ហា​កង្វះ​វ៉ាក់សាំង បាន​កើតឡើង​ក្នុង​គ្រា​ដែល​អ្នក​វិជ្ជមាន​នឹង COVID-19 នៅ​ទ្វីបអាហ្វ្រិក ក្នុង​សប្ដាហ៍​នេះ បាន​កើន​ឡើងដល់​ជាង 8 លាន​នាក់។ វ៉ាក់សាំង​ប្រហែល 95 លាន​ដូ​ស គួរ​ណាស់​តែ​ត្រូវបាន​ដឹក​ទៅឱ្យ​ទ្វីបអាហ្វ្រិក តាមរយៈ​យន្តការ COVAX នៅក្នុង​ខែកញ្ញា។ យោងតាម WHO «ទ្វីបអាហ្វ្រិក ទើបតែ​អាច​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ចំនួន 50 លាន​នាក់ ប្រហាក់ប្រហែល​នឹង 3.6% នៃ​ប្រជាជន​សរុប​របស់​ទ្វីប​នេះ»។

COVAX ជា​យន្តការ​ផ្ដល់ជំនួយ​វ៉ាក់សាំង COVID-19 ដែល​ត្រូវបាន​គេ​ជឿថា នឹង​ជួយ​ឱ្យ​ប្រទេស និង​ដែនដី​ក្រីក្រ​ចំនួន 92 ក្នុង​ពិភពលោក ទទួលបាន​វ៉ាក់សាំង​ដោយ​មិន​គិតថ្លៃ​ពី​បណ្ដា​ប្រទេស​អ្នកមាន។ កាលពី​សប្ដាហ៍​មុន កម្មវិធី​ខាងលើ​បានឱ្យដឹងថា បរិមាណ​វ៉ាក់សាំង​ដែល​គ្រោង​នឹងត្រូវ​បាន​គេ​ផ្ដល់​ជា​ជំនួយ នឹងត្រូវ​ថយចុះ ដោយសារតែ «បទបញ្ជា​ហាម​នាំចេញ ដើម្បី​ផ្ដល់​អាទិភាព​ដល់​កិច្ចព្រមព្រៀងទ្វេភាគី​រវាង​បណ្ដា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង និង​បណ្ដា​ប្រទេស រួម​នឹង​បញ្ហាយឺតយ៉ាវ​ក្នុងការ​ស្នើសុំ​ការអនុម័ត​សម្រាប់​ការប្រើប្រាស់​វ៉ាក់សាំង» ព្រមទាំង​កត្តា​ជាច្រើន​ផ្សេងទៀត៕

Advertisement