អាម៉េរិក ទិញ​វ៉ាក់សាំង 500 លាន​ដូ​ស​បន្ថែមទៀត សម្រាប់​ផ្ដល់​ជា​ជំនួយ​ដល់​ពិភពលោក ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19

អាជ្ញាធរ​របស់​ប្រធានាធិបតី Biden កំពុង​ចរចា​ជាមួយ​ក្រុមហ៊ុន Pfizer ដើម្បី​ទិញ​វ៉ាក់សាំង 500 លាន​ដូ​ស​ទៀត ក្នុង​បំណង​ជួយ​ដល់​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង COVID-19 ដែល​កំពុង​បន្ត​រាតត្បាត​ទូទាំង​សកលលោក។

ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា កិច្ចព្រមព្រៀង​រវាងរ​ដ្ឋា​ភិ​បាល សហរដ្ឋ​អាម៉េរិក និង​ក្រុមហ៊ុន Pfizer នឹងត្រូវ​បានប្រកាស​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ មុនពេល​កិច្ចប្រជុំ​កំពូល​អន្តរជាតិ​ស្ដីពី COVID-19 ដែល​ប្រធានាធិបតី Joe Biden ស្នើឱ្យ​ធ្វើឡើង​ដំណាលគ្នា​នឹង​មហាសន្និបាត​អង្គការសហប្រជាជាតិ។

រដ្ឋាភិបាល​របស់លោក Biden សម្រេចបាន​កិច្ចព្រមព្រៀង​មួយ​ដែល​ស្ទើរតែ​ដូចគ្នានេះ​កាលពី​ខែសីហា ហើយ Pfizer កំពុង​ដឹកជញ្ជូន​វ៉ាក់សាំង​ទាំងនេះ​ទៅឱ្យ COVAX ដែលជា​យន្តការ​ផ្គត់ផ្គង់​វ៉ាក់សាំង COVID-19 ដោយ​មិន​គិតថ្លៃ​សម្រាប់​បណ្ដា​ប្រទេស​ក្រីក្រ។

អ្នកសម្របសម្រួល​ចំពោះ​កិច្ចការ​ប្រឆាំង COVID-19 របស់​សេត​វិមាន លោក Jeffrey Zients

«ប្រធានាធិបតី​បាន​អះអាង​ច្បាស់​ថា យើង​នឹង​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ជួយ​ដល់​ការខិតខំ​ក្នុង​ការចាក់​វ៉ាក់សាំង​របស់​ពិភពលោក» អ្នកសម្របសម្រួល​ចំពោះ​កិច្ចការ​ប្រឆាំង COVID-19 របស់​សេត​វិមាន Jeffrey Zients បានបញ្ជាក់​កាលពី​ថ្ងៃទី 17 កញ្ញា។

សហរដ្ឋ​អាម៉េរិក បច្ចុប្បន្ន​គឺជា​ប្រទេស​ម្ចាស់ជំនួយ​ផ្នែក​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក ខណៈដែល​ប្រទេស​ចិន ឈរ​លំដាប់​លេខ 2 ចំណែក ជប៉ុន និង អង់គ្លេស ឈរ​លេខ​រៀង​បន្ទាប់ គិត​ត្រឹម​ថ្ងៃទី 9 កញ្ញា។ នេះ​បើតាម​ទិន្នន័យ​របស់​មូលនិធិ​កុមារ​របស់​អង្គការសហប្រជាជាតិ (UNICEF)៕

Advertisement