ប្រែក្លាយ​ស្ពៃ​សាឡា​ត់ ទៅជា «រោងចក្រ» ផលិត​វ៉ាក់សាំង​ដែល​គេ​អាច​ហូប​បាន

ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុង​ស្រាវជ្រាវ​រក​វិធី​ដើម្បី​បញ្ចូល DNA ដែលមាន​ផ្ទុក​វ៉ាក់សាំង​ប្រភេទ mARN ទៅក្នុង​កោសិកា​រុក្ខជាតិ ដូច្នេះ​គេ​អាច​បញ្ចូល​វ៉ាក់សាំង​ទៅក្នុង​រាងកាយ​មនុស្ស​ដោយ​មិនបាច់​ប្រើប្រាស់​ម្ជុល។

ក្រុម​អ្នកវិទ្យាសាស្ត្រ​ប្រចាំ​សាកលវិទ្យាល័យ California Riverside (UCR) ស្រាវជ្រាវ​រក​វិធី​ប្រែក្លាយ​រុក្ខជាតិ​ដែល​អាច​ហូប​បាន​ដូចជា ស្ពៃ​សាឡា​ត់​ជាដើម ឱ្យទៅជា «រោងចក្រ» វ៉ាក់សាំង​ប្រភេទ mARN និង​បង្កើត​វ៉ាក់សាំង​ដែល​មនុស្ស​អាច​ហូប​បាន។ នេះ​បើតាម Jerusalem Post ចុះផ្សាយ​កាលពី​ថ្ងៃទី 18 កញ្ញា។

ជាមួយនឹង​ប្រាក់​ជំនួយ 500,000 ដុល្លារ ពី​មូលនិធិ​វិទ្យាសាស្ត្រ​ជាតិ (NSF) របស់ សហរដ្ឋ​អាម៉េរិក គម្រោង​វិទ្យាសាស្ត្រ​នេះ​មាន​គោលដៅ​បញ្ចូល DNA ដែលមាន​ផ្ទុក​វ៉ាក់សាំង mARN ទៅក្នុង​កោសិកា​រុក្ខជាតិ និង​ទុកឱ្យ​ពួកវា​កកើត​កូនចៅ ដែល​អាច​បញ្ជាក់ថា រុក្ខជាតិ​អាច​ផលិត​វ៉ាក់សាំង​គ្រប់គ្រាន់​ដើម្បី​ប្រកួតប្រជែង​នឹង​ការចាក់​វ៉ាក់សាំង​ដោយ​ប្រើ​ម្ជុល​បែប​បុរាណ ក្រោយមក ពួកគេ​នឹង​កំណត់​បរិមាណ​សម​ស្រាប។

«លទ្ធផល​ដ៏​អស្ចារ្យ​គឺថា រុក្ខជាតិ​មួយ​ដើម​នឹង​បង្កើត​វ៉ាក់សាំង mARN គ្រប់គ្រាន់​សម្រាប់​មនុស្ស​ម្នាក់។ យើង​កំពុង​ពិសោធ​វិធី​នេះ​នៅលើ​ស្ពៃ​ស្ពី​ណា​ច (spinach) និង​ស្ពៃ​សាឡា​ត់ ជាមួយនឹង​គោលដៅ​រយៈពេល​យូរ​គឺថា គ្រប់គ្នា​អាច​ដាំ​វា​នៅក្នុង​ចំការ។ ក្នុង​អនាគត កសិករ​អាច​ដាំ​វា​មួយ​វាល​ក៏បាន» ជួន ប៉ា​ប្លូ គី​រ៉ា​ល​ដូ (Juan Pablo Giraldo) ប្រធាន​ក្រុម​ស្រាវជ្រាវ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​រុក្ខជាតិ​ប្រចាំ UCR និយាយ​ដូច្នេះ។

ក្លរ៉ូប្លាស (chloroplasts)

កត្តា​សំខាន់​នៃ​វិធីសាស្ត្រ​នេះ​គឺ ក្លរ៉ូប្លាស (chloroplasts) ដែលជា​អវយវៈ​តូច​នៅក្នុង​កោសិកា​រុក្ខជាតិ ជួយ​បំប្លែង​ពន្លឺព្រះអាទិត្យ​ទៅជា​ថាមពល ហៅថា រស្មី​សំយោគ ដែល​រុក្ខជាតិ​អាច​ប្រើប្រាស់​បាន។ «ពួកវា​គឺជា​រោងចក្រ​ថាមពលព្រះអាទិត្យ​ដ៏​តូច​ដែល​ផលិត​ជាតិ​ស្ករ និង​ម៉ូ​លិ​គុលផ្សេងៗ អនុញ្ញាតឱ្យ​រុក្ខជាតិ​លូតលាស់។ ពួកវា​ក៏​ជា​ប្រភព​មិនទាន់​ត្រូវបាន​ទាញយក​ប្រយោជន៍ ដែល​អាចជួយ​បង្កើត​ម៉ូ​លិ​គុល​ទៅតាម​បំណង» គី​រ៉ា​ល​ដូ ថ្លែង​ដូច្នេះ។

នៅក្នុង​គម្រោង​ថ្មី​នេះ គី​រ៉ា​ល​ដូ សហការ​ជាមួយ នី​កុល ស្ទី​ន​មេ​ត (Nicole Steinmetz) សាស្ត្រាចារ្យ​ផ្នែក​បច្ចេកទេស​ណា​ណូ នៅ​សាកល​វិទ​ញ​យា​ល័យ California San Diego ដើម្បី​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ណា​ណូ​ដែល​ក្រុម​របស់​លោកស្រី​បាន​បង្កើតឡើង សម្រាប់​ការដឹកជញ្ជូន​វត្ថុ​ធាតុ​ហ្សែ​ន​ទៅឱ្យ​ក្លរ៉ូប្លាស​ក្នុង​កោសិកា​រុក្ខជាតិ។ «គំនិត​របស់​យើង​គឺ​ប្រើប្រាស់​គ្រាប់​ណា​ណូ​ធម្មជាតិ ពិសេស​គឺ​វីរុស​រុក្ខជាតិ ដើម្បី​បញ្ជូន​ហ្សែ​ន​ទៅក្នុង​រុក្ខជាតិ» ស្ទី​ន​មេ​ត បកស្រាយ​ដូច្នេះ។

បើសិនជា​ជោគជ័យ ការស្រាវជ្រាវ​ថ្មី​នេះ​អាច​ប្ដូរផ្លាស់​វិធី​បញ្ចូល​វ៉ាក់សាំង​ទៅក្នុង​រាងកាយ​មនុស្ស។ ប្រការនេះ​ពិតជា​មាន​សារប្រយោជន៍​ខ្លាំង ក្នុង​គ្រា​ដែល​មនុស្ស​ជាច្រើន​នៅតែមាន​ការរារែក​ក្នុង​ការចាក់​វ៉ាក់សាំង៕

Advertisement