តួលេខ​វិជ្ជមាន​នឹង COVID-19 ថយចុះ​ទាប​ខ្លាំង​នៅ​ទូទាំង​ពិភពលោក កាលពី​សប្ដាហ៍​មុន

WHO បានឱ្យដឹងថា តួលេខ​នៃ​ករណី​ឆ្លង COVID-19 ទូទាំង​សកលលោក​កាលពី​សប្ដាហ៍​មុន បាន​ថយចុះ​ប្រហែល 400,000 នាក់ ធៀប​នឹង​មួយ​សប្ដាហ៍​មុន​នោះ ដែល​នេះ​គឺជា​ការថយចុះ​ដំបូង​នៅក្នុង​រយៈពេល 2 ខែ។

អង្គការ​សុខ​ភា​ពិភពលោក (WHO) បានឱ្យដឹងថា ពិភពលោក​បាន​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន 3.6 លាន​នាក់ នៅក្នុង 1 សប្ដាហ៍​កន្លងទៅ ពោលគឺ​ថយចុះ 400,000 នាក់ ធៀប​នឹង​តួលេខ​អ្នក​វិជ្ជមាន 4 លាន​នាក់ កាលពី 1 សប្ដាហ៍​មុន​នោះ។ តំបន់​ចំនួន 2 ដែល​ត្រូវបាន​រាយការណ៍​ថា ថយចុះ​ច្រើនជាងគេ​គឺ មជ្ឈិមបូព៌ា (22%) និង អាស៊ីអាគ្នេយ៍ (16%)។ ករណី​វិជ្ជមាន​ថ្មី​ស្ទើរតែ​ទាំងអស់​ស្ថិតនៅ សហរដ្ឋ​អាម៉េរិក, ឥណ្ឌា, អង់គ្លេស, តួ​ក​គី និង ហ្វីលីពីន។ វីរុស COVID-19 ប្រភេទ ឌែ​លតា (Delta) បានបង្ហាញ​វត្តមាន​នៅក្នុង​ប្រទេស​ចំនួន 185 និង​ក្លាយជា​វ៉ា​រ្យ៉​ង់​ដែល​លេចធ្លោ​ជាងគេ​នៅ​ទូទាំង​ពិភពលោក។

ចំណែក​តួលេខ​អ្នកស្លាប់​ដោយសារ COVID-19 នៅ​ទូទាំង​ពិភពលោក ក៏​ថយចុះ 7% នៅក្នុង​សប្ដាហ៍​កន្លង ដោយមាន​អ្នកជំងឺ 60,000 នាក់​បាន​ស្លាប់។ អាស៊ីអាគ្នេយ៍ គឺជា​តំបន់​ដែលមាន​ករណី​ស្លាប់​ថយចុះ​ច្រើនជាងគេ (30%)។

ពិភពលោក​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង COVID-19 សរុប​ចំនួន 230,868,745 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 4,732,669 នាក់, ជាសះស្បើយ 207,561,828 នាក់ និង កំពុង​ព្យាបាល​ចំនួន 18,574,248 នាក់។

គិត​មកដល់​បច្ចុប្បន្ន វ៉ាក់សាំង COVID-19 ជាង 6 ពាន់​លាន​ដូ​ស ត្រូវបាន​ប្រើប្រាស់​នៅ​ទូទាំង​សកលលោក ក្នុងនោះ ពលរដ្ឋ​ចំនួន 43.7% បាន​ចាក់​យ៉ាងតិច 1 ដូ​ស ប៉ុន្តែ នៅក្នុង​បណ្ដា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប អត្រា​នេះ​មាន​ត្រឹមតែ 2% ប៉ុណ្ណោះ៕

Advertisement