រួច​​ផុត​ពី​ក្ដី​ស្លាប់ បន្ទាប់ពី​សួត​ទាំងពីរ​សងខាង​ត្រូវ COVID-19 «ស៊ី​ខ្ទេច​ស្ទើរ​គ្មាន​សល់»!

(សហរដ្ឋ​អាម៉េរិក)-បុរស​វ័យ 25 ឆ្នាំ​ម្នាក់ ត្រូវ​ទទួល​ការវះកាត់​ត​ភ្ជាប់​សួត​ទាំងពីរ​សងខាង បន្ទាប់ពី​ត្រូវ COVID-19 ស៊ី​ទម្លុះ​គ្រប់កន្លែង។

Blake Bargatze រស់នៅក្នុង​រដ្ឋ Georgia សហរដ្ឋ​អាម៉េរិក បាន​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាលពី​ខែមេសា ពេល​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ដោយសារ​ឆ្លង COVID-19។ ក្នុងអំឡុង​សម្រាក​ព្យាបាល ស្ថានភាព​ជំងឺ​ចេះតែ​ធ្ងន់ធ្ងរឡើងៗ រហូតដល់​ថ្នាក់​ក្រុម​វេជ្ជបណ្ឌិត​ឱ្យដឹងថា Bargatze ត្រូវការ​ការវះកាត់​ភ្ជាប់​សួត ទើប​អាចរ​ស់បាន។ Bargatze ត្រូវបាន​វះកាត់​ភ្ជាប់​សួត​ចំនួន​ពីរ​កាលពី​ខែមិថុនា។

«COVID-19 ស៊ី​សួត​ទាំងពីរ​សងខាង​របស់​ខ្ញុំ អស់​គ្មាន​សល់» Bargatze រៀបរាប់​នៅក្នុង​កិច្ច​សម្ភាស​ជាមួយ Insider កាលពី​ថ្ងៃទី 26 កញ្ញា។ «ពេល​គ្រូពេទ្យ​យកចេញ សួត​របស់ខ្ញុំ​មើលទៅ​ដូចជា​សំណល់​ស្ការ​កៅស៊ូ ធ្លុះ​ស្ទើរ​គ្រប់កន្លែង។ ខ្ញុំ​សំណាង​ណាស់ ព្រោះ​មុខងារ​នានា​ក្នុង​រាងកាយ មិន​ចុះខ្សោយ»។

សួត​របស់​ Bargatze មើល​ទៅ​ដូច​សំណល់​ស្ករ​កៅស៊ូ

Bargatze គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​អ្នកជំងឺ​ដែល​បាន​វះកាត់​ភ្ជាប់​សួត​ទាំងសងខាង​ដោយ​ជោគជ័យ ក្រោយពី​បាន​ឆ្លង COVID-19។ Bargatze យល់ថា ខ្លួន​បាន​ឆ្លង​វីរុស​នេះ​នៅពេល​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​មួយ​នៅ Florida កាលពី​ខែមីនា ហើយ​គាត់​ពិតជា​មាន​វិប្បដិសារី​ជាខ្លាំង។

កាលណោះ Bargatze ពាក់​ម៉ាស ប៉ុន្តែ​មិនទាន់បាន​ចាក់​វ៉ាក់សាំង ព្រោះតែ​មិនមាន​លក្ខខណ្ឌ​គ្រប់គ្រាន់ និង​រង់​ចាំមើល​ផលវិបាក​របស់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចហើយ។

ម្ដាយ​របស់ Bargatze និយាយថា៖ «វា​ចង់​រង់ចាំ​រហូតដល់​វ៉ាក់សាំង​អភិវឌ្ឍ​បាន 10 ឆ្នាំ​ទៀត ឬ​យូរ​ជាង​នេះ ដូច​ទៅនឹង​មនុស្ស​ជាច្រើន​ដែល​កំពុង​រារែក​នៅពេល​នេះ»។

ក្រោយ​ការវះកាត់​ត​ភ្ជាប់​សួត កំលោះ​វ័យ 25 ឆ្នាំ​រូបនេះ បាន​អំពាវនាវ​ឱ្យ​គ្រប់គ្នា​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ COVID-19។ Bargatze សង្ឃឹមថា ខ្លួន​នឹង​ឆាប់​បាន​ត្រលប់​ទៅធ្វើ​កិច្ច​ការដែល​ខ្លួន​ចូលចិត្ត ដូច​ជាការ​ស្ទូចត្រី​ជាដើម។ គាត់​នឹង​ត្រលប់​ទៅធ្វើ​ការ​វិញ​ចាប់ពី​សប្ដាហ៍​នេះ និង​បាន​និយាយថា នេះ​គឺជា «ជោគជ័យ​ដ៏​ធំ​មួយ»។ ទោះជា​ត្រូវ​លេបថ្នាំ 50 គ្រាប់​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ Bargatze នៅតែ​រីករាយ ព្រោះថា ខ្លួន​នៅ​ដើរ​បាន និង «អរគុណ​ដែល​នៅមាន​ជីវិត»។

បច្ចុប្បន្ន Black Bargatze បានទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​ពីរ​រួចហើយ។ គ្រួសារ​របស់​បុរស​នេះ បាន​បង្កើត​ទំព័រ​សម្រាប់​រៃអង្គាសប្រាក់ ដោយ​សង្ឃឹមថា សប្បុរសជន​នានា​នឹង​ជួយ​ដល់ Bargatze៕

Advertisement