CEO របស់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Pfizer ថា «ជីវភាព​ធម្មតា​នឹង​ត្រលប់​មកវិញ​នៅ​ឆ្នាំក្រោយ»

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pfizer លោក Albert Bourla

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Pfizer លោក Albert Bourla ជឿថា ជីវភាព​រស់នៅ​របស់​មនុស្ស​នឹង​ត្រលប់​មករក​សភា​ពធ​ម្ម​តា​វិញ​នៅ​ឆ្នាំក្រោយ បើទោះជា​វ៉ា​រ្យ៉​ង់ថ្មីៗរបស់ COVID-19 នៅតែ​បន្ត​បង្ហាញខ្លួន។

«ខ្ញុំ​យល់ថា យើង​អាច​ត្រលប់​ទៅរក​ជីវភាព​ធម្មតា​វិញ​ក្នុង​រយៈពេល 1 ឆ្នាំ​ទៀត» នាយក​ប្រតិបត្តិ​របស់ Pfizer លោក Bourla បាន​ប្រាប់ ABC News កាលពី​ថ្ងៃទី 26 កញ្ញា​ដូច្នេះ។ លោក​បន្តថា «ប៉ុន្តែ នេះ​មិនមែន​មានន័យថា វីរុស​បំប្លែង​ខ្លួន​នានា​នឹង​លែង​បង្ហាញខ្លួន ហើយ​យើង​បន្ត​រស់នៅ​ដោយ​មិនបាច់​ចាក់​វ៉ាក់សាំង​នោះទេ»។

ទាក់ទង​នឹង​បញ្ហា​នេះ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាម៉េរិក Moderna លោក Stephane Bancel កាលពី​សប្ដាហ៍​កន្លងទៅ​ក៏បាន​ព្យាករ​ថា រោគរាតត្បាត​សកល COVID-19 នឹង​បញ្ចប់ «ក្នុង​រយៈពេល 1 ឆ្នាំ​ខាងមុខ» ដោយសារ​ការផលិត​វ៉ា​ក់​សាំង​ត្រូវបាន​ពង្រីក​នៅ​ទូទាំង​ពិភពលោក អនុញ្ញាតឱ្យ​គ្រប់គ្នា​មានឱកាស​ទទួល​បានកា​រ​ចាក់​វ៉ាក់សាំង។ លោក Bancel និយាយថា អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​នឹង «មាន​ភាពស៊ាំ​ឯកឯង» ព្រោះថា វ៉ា​រ្យ៉​ង់ Delta មាន​សមត្ថភាព​ឆ្លង​រាលដាល​ខ្ពស់។ នេះ​មានន័យថា អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​នឹងត្រូវ​ឆ្លង COVID-19 ប្រភេទ Delta មិន​ខាន។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាម៉េរិក Moderna លោក Stephane Bancel

CEO របស់ Pfizer ជឿថា ប្រជាជន​អាច​នឹងត្រូវ​ការចាក់​វ៉ាក់សាំង​បង្ការ COVIDD-19 ជា​រៀងរាល់ឆ្នាំ ដើម្បី​ទប់ស្កាត់​វីរុស​បំប្លែង​ខ្លួន​ថ្មី​ដែល​បង្ហាញខ្លួន​នៅ​ពាសពេញ​ពិភពលោក។ «សេណារីយោ​ដែលមាន​លទ្ធភាព​កើតឡើង​បំផុត​គឺ​ការចាក់​ប្រចាំឆ្នាំ ប៉ុន្តែ យើង​ពិតជា​មិន​បានដឹង​ច្បាស់ ដូច្នេះ​ត្រូវការ​រង់ចាំ​មើល​ទិន្នន័យ​ជាក់ស្ដែង»។

ការ​ព្យាករ​ខាងលើ​ត​នេះ​ត្រូវ​បានលើកឡើង​នៅក្នុង​គ្រា​ដែល​ប្រជាជន​អាម៉េរិក ដែល​គ្រប់​លក្ខខណ្ឌ នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​ដូ​ស​បន្ថែម។ នាយកដ្ឋាន​គ្រប់គ្រង​អាហារ​និង​ឱសថ (FDA) របស់ សហរដ្ឋ​អាម៉េរិក កាលពី​សប្ដាហ៍​មុន​បាន​យល់​ព្រមឱ្យ​ចាក់​ដូ​ស​បន្ថែម​ដល់​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី 65 ឆ្នាំ​ឡើងទៅ អ្នក​ដែលមាន​ហានិភ័យ​ឈឺ​ធ្ងន់​បើសិន​ឆ្លង COVID-19 រួម​នឹង​អ្នក​ដែលមាន​ហានិភ័យ​ឆ្លង​ខ្ពស់ ដោយសារ​កន្លែង​រស់នៅ និង​កន្លែងធ្វើការ។

សហរដ្ឋ​អាម៉េរិក បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​ជិត 44 លាន​នាក់ និង​អ្នកស្លាប់​ដោយសារ COVID-19 សរុប​ជាង 706,000 នាក់ នេះ​បើតាម​ទិន្នន័យ​ពី​ទំព័រ Worldometer។ គិត​ត្រឹម​សប្ដាហ៍​មុន តួលេខ​អ្នកស្លាប់​ដោយសារ COVID-19 នៅ សហរដ្ឋ​អាម៉េរិក បាន​កើន​លើសពី​តួលេខ​នៃ​ជនជាតិ​អាម៉េរិក ដែល​បាន​ស្លាប់​ដោយសារ​រោគរាតត្បាត​សកល​កាលពី​ចន្លោះ​ឆ្នាំ 1918-1919៕

Advertisement