Pfizer ពិសោធ​​ «​ថ្នាំ​លេប» ​ទប់​ទល់​នឹង​​វីរុស​ COVID-19 ដំណាក់​កាល​ចុង​ក្រោយ​

ក្រុម​ហ៊ុន​ផលិត​វ៉ាក់សាំង​ Pfizer ប្រកាស​ចាប់​ផ្ដើម​ដំណើរការ​ពិសោធ​ទ្រង់​ទ្រាយ​ធំ​​ចំពោះ​ថ្នាំ​លេប​សម្រាប់​ប្រឆាំង​នឹង​វីរុស​នៅ​លើ​មនុស្ស​ដែល​បាន​ប៉ះពាល់​អ្នក​ជំងឺ​ COVID-19 ឬ​មាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ឆ្លង​វីរុស​នេះ​។

យោង​តាម​ប្រកាស​កាល​ពី​ថ្ងៃទី 27 កញ្ញា​ របស់​ក្រុម​ហ៊ុន​ Pfizer ថ្នាំ​លេប​​ PF-07321332 សម្រាប់​ប្រឆាំង​វីរុស​ COVID-19 នឹង​ត្រូវ​បាន​ធ្វើ​​ការពិសោធ​​​ដំណាក់​កាល​ចុង​ក្រោយ​នៅ​លើ​មនុស្ស​ចំនួន​ 2,660​ នាក់​ ដែល​មាន​សុខភាព​មាំមួន​ មាន​អាយុ​ចាប់​ពី​ 18 ឆ្នាំ​ឡើង​ទៅ​ និង​កំពុង​រស់​នៅ​ក្នុង​ផ្ទះ​ជាមួយ​អ្នក​ផ្ទុក​វីរុស​ COVID-19 ដែល​មាន​រោគ​សញ្ញា​។

ថ្នាំ​នេះ​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដើម្បី​ទប់​ស្កាត់​សកម្មភាព​របស់​ អង់ហ្សីម​ ដ៏សំខាន់​មួយ​ប្រភេទ​ដែល​វីរុស​ត្រូវ​ការ​ដើម្បី​ «បង្កើត​កូន​ចៅ» ហើយ​ថ្នាំ​នេះ​ក៏​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់អម​ជាមួយ​នឹង​ ritonavir កម្រិត​ទាប​។ Ritonavir គឺជា​ថ្នាំ​ដែល​ពេញ​និយម​ក្នុង​ការ​ព្យាបាល​អ្នក​ផ្ទុក​វីរុស​ HIV។

ក្រុម​ហ៊ុន​ Pfizer ឱ្យ​ដឹង​ថា ថ្នាំ​នេះ​នឹង​ត្រូវ​បាន​ប្រើ​សម្រាប់​អ្នក​ដែល​មាន​​សញ្ញា​​នៃ​ការ​ឆ្លង​ដំបូង​ ឬ​ភ្លាម​ៗ​បន្ទាប់​ពី​ដឹង​ថា​ខ្លួន​អាច​ឆ្លង​វីរុស​ ដោយ​មិន​បាច់​ចូល​ពេទ្យ​។

នៅ​ សហរដ្ឋ​អាម៉េរិក​ បច្ចុប្បន្ន​ ថ្នាំ​តែ​មួយ​ប្រភេទ​គត់​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ប្រើ​សម្រាប់​អ្នកជំងឺ​ COVID-19 នោះ​គឺ​​ remdesivir របស់​ក្រុម​ហ៊ុន​ Gilead Sciences។ ថ្នាំ​នេះ​ធ្លាប់​ត្រូវ​បាន​យក​ទៅ​ព្យាបាល​អតីត​ប្រធានាធិបតី​ សហរដ្ឋ​អាម៉េរិក​ លោក​ Donald Trump ផងដែរ​។

ក្រៅ​ពី​ Pfizer ក៏​នៅ​មាន​ក្រុម​ហ៊ុន​ផលិត​វ៉ាក់សាំង​ COVID-19 ធំៗ​ជា​ច្រើន​ទៀត​ ដូច​ជា​ Merck & Co. និង​ Roche Holding AG ជា​ដើម កំពុង​តែ​ប្រកួត​ប្រជែង​គ្នា​ក្នុងការ​អភិវឌ្ឍ​ថ្នាំ​លេប​​ប្រឆាំង​ COVID-19៕

Advertisement