ប្រសិទ្ធភាពរបស់ «ថ្នាំគ្រាប់ព្យាបាល COVID-19» ធ្វើឱ្យ ទីប្រឹក្សារបស់ Joe Biden «ពេញចិត្ត»

វេជ្ជបណ្ឌិត Fauci និយាយថា ថ្នាំ​គ្រាប់​សម្រាប់​ព្យាបាល​ជំងឺ COVID-19 ឈ្មោះ molnupiravir ផ្ដល់​លទ្ធផល​ល្អ គួរ​ជាទី​ពេញចិត្ត នៅក្នុង​ការពិសោធ​លើ​មនុស្ស បើទោះជា​ការអនុម័ត​ឱ្យប្រើ​ប្រាស់​អាច​ត្រូវ​ចំណាយពេល​យូរ។

ក្រុមហ៊ុន​ផលិត​ឱសថ Merck កាលពី​ម្សិលមិញ (01 តុលា) បានប្រកាស​លទ្ធផល​នៃ​ការពិសោធ​លើ​មនុស្ស​របស់​ថ្នាំ​គ្រាប់ molnupiravir ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Merck និង​ក្រុមហ៊ុន Ridgeback Biotherapeutics។ Merck ឱ្យដឹងថា ថ្នាំ​នេះ​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការចូល​ពេទ្យ ឬ​ស្លាប់ នៅពេល​ប្រើប្រាស់​សម្រាប់​អ្នកជំងឺ COVID-19 ពេញវ័យ ដែលមាន​អាការ​ស្រាល និង​មធ្យម។

ក្រុមហ៊ុន​បានឱ្យដឹងថា ការពិសោធ​ក្រោយ​រយៈពេល 29 ថ្ងៃ បង្ហាញថា ពុំមាន​អ្នកជំងឺ​ណា​ម្នាក់​ក្នុងចំណោម 385 នាក់​ដែល​ប្រើប្រាស់​ថ្នាំ​នេះ ស្លាប់​នោះទេ ហើយ​មានតែ 28 នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​ចូល​ពេទ្យ តួលេខ​នេះ​ស្មើនឹង​ពាក់កណ្ដាល បើ​ធៀប​នឹង​ក្រុម​ដែល​ប្រើ​ថ្នាំ​បញ្ឆោត (placebo)។

Molnupiravir (EIDD-2801)

ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​សេត​វិមាន កាលពី​ថ្ងៃទី 1 តុលា វេជ្ជបណ្ឌិត Anthony Fauci ទីប្រឹក្សា​កំពូល​ផ្នែក​សុខាភិបាល​របស់​ប្រធានាធិបតី Joe Biden ថ្លែងថា លោក​ទទួលបាន​ការជូន​ដំណឹង​យ៉ាង​ល្អ​ពី Merck។ Merck នឹង​បញ្ជូន​ទិន្នន័យ​ឱ្យ​នាយកដ្ឋាន​គ្រប់គ្រង​អាហារ​និង​ភេសជ្ជៈ (FDA) ដើម្បី​សុំ​ការអនុម័ត​បន្ទាន់។

«ទិន្នន័យ​ពិតជា​គួរឱ្យ​ពេញចិត្ត» លោក Fauci និយាយ​ដូច្នេះ បើទោះជា​លោក​ព្រមាន​ថា ដំណើរការ​នៃ​ការអនុម័ត​ឱ្យប្រើ​ប្រាស់​ពី FDA អាច​នឹងត្រូវ​ចំណាយពេល​យូរ។

COVID-19-Exposé-molnupiravir

រដ្ឋាភិបាល​អាម៉េរិក បាន​បញ្ជា​ទិញ ថ្នាំ molnupiravir នេះ ចំនួន 1.7 លាន​កញ្ចប់ (1 កញ្ចប់​សម្រាប់​ព្យាបាល​មួយ​ជា) ក្នុងតម្លៃ 1.2 ពាន់​លាន​ដុល្លារ។ នេះ​បើតាម Jeff Zient អ្នកចាត់ចែង​យុទ្ធនាការ​ប្រឆាំង​រោគរាតត្បាត​របស់ សេត​វិមាន។

បើទោះជា​មាន​ដំណឹង​ល្អ​ពី​ក្រុមហ៊ុន Merck ប៉ុន្តែ ក្រុមមន្ត្រី​សុខាភិបាល​សាធារណៈ នៅតែ​លើកឡើងថា ការចាក់​វ៉ាក់សាំង​គឺជា​ដំណោះស្រាយ​ល្អ​បំផុត​សម្រាប់​ការប្រយុទ្ធ​ប្រឆាំងនឹង COVID-19៕

Advertisement