ភ័ស្ដុតាង​ថ្មី បង្ហាញថា វីរុស​ COVID-19 មិន​មែន​មាន​ប្រភពពី​ល្អាង​ប្រ​ច្រៀ​វ​នៅ ប្រទេស​​ចិន

អ្នកវិទ្យាសាស្ត្រ​មួយក្រុម​មកពី ប្រទេស​បារាំង បាន​រកឃើញ​ភ័ស្ដុតាង​បង្ហាញថា វីរុស SARS-CoV-2 (COVID-19) មិនមាន​ប្រភព​ចេញពី​ល្អាង​ភ្នំ​នៅក្នុង​ខេត្ត Yunnan ប្រទេស​ចិន។

យោងតាម​សារព័ត៌មាន Sputnik (រុស្ស៊ី) កាលពី​ឆ្នាំមុន អ្នកស្រាវជ្រាវ​មួយក្រុម​របស់ ឥណ្ឌា បានចេញ​ផ្សាយ​របាយការណ៍​មួយ​និយាយថា ល្អាង Mojiang នៅ​ភាគ​និរតី​នៃ ប្រទេស​ចិន ដែលមាន​ចម្ងាយ 1,500 គីឡូម៉ែត្រ​ពី​ទីក្រុង Wuhan អាចជា​កន្លែង​ដែលមាន​សម្បុក​របស់​វីរុស Corona ថ្មី។ ការស្រាវជ្រាវ​នេះ​ឱ្យដឹងថា វីរុស​មួយ​ប្រភេទ​ដែល​ប្រហាក់ប្រហែល​នឹង COVID-19 ត្រូវបាន​រកឃើញ​នៅក្នុង​ខណ្ឌ Mojiang កាលពី​ឆ្នាំ 2012។

កាលណោះ  កម្មករ​អណ្ដូងរ៉ែ Mojiang ចំនួន 6 នាក់ បាន​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី​បាន​បោសសម្អាត​លាមក​សត្វ​ប្រចៀវ​ក្នុង​ល្អាង ដើម្បី​រុករក​លោហធាតុ​ស្ពាន់។ បុរស​ជា​កម្មករ​ទាំងនេះ ត្រូវបាន​បញ្ជូន​ចូល​មន្ទីរពេទ្យ​នៅក្នុង​ទីក្រុង Kunming នៃ​ខេត្ត Yunnan ប្រទេស​ចិន ដោយសារ​មាន​អាការ​ក្អក​ខ្លាំង ក្ដៅខ្លួន ឈឺក្បាល ឈឺទ្រូង និង​ពិបាក​ដកដង្ហើម។ 3 នាក់ ក្នុងចំណោម​ពួកគេ បាន​ស្លាប់​ដោយសារ​រោគ​នេះ។

ការធ្វើ​តេស្ត​ក្រោយមក ក៏បាន​បង្ហាញថា កម្មករ​ទាំងនេះ​បាន​ឆ្លង​វីរុស Corona មួយ​ប្រភេទ ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះថា RaTG13។ សំណាក​វីរុស​នេះ​ត្រូវបាន​ប្រមូលយក​ដោយ​វិទ្យាស្ថាន​វីរុស​សាស្ត្រ Wuhan។ ក្រុម​អ្នកវិទ្យាសាស្ត្រ ឥណ្ឌា យល់ថា RaTG13 គឺជា​អម្បូរ​ជិត​របស់ COVID-19។ ក៏ប៉ុន្តែ ក្រុម​អ្នកវិទ្យាសាស្ត្រ ជនជាតិ​បារាំង ថ្មីៗនេះ បានប្រកាស​ផ្ទុយ​ពីនេះ។

យោងតាម​ការស្រាវជ្រាវ​បឋម ដែល​គ្រោង​នឹងត្រូវ​បានប្រកាស​នៅ​ឆ្នាំក្រោយ ក្រុមកម្មករ​រុករក​រ៉ែ​ខាងលើ​ដែល​បាន​ឆ្លង​វីរុស RaTG13 មាន​អាការរោគ​ខុសពី​អ្នកជំងឺ COVID-19។ ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់ បារាំង បានដាក់​ជា​សំណួរ​ថា «ហេតុអ្វី ក្រុម​វេជ្ជបណ្ឌិត និង​អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់​នឹង​កម្មករ​ទាំងនោះ មិន​ឆ្លង​រោគ?»។

ប្រជាជនចិន​ នៅ​តំបន់​ផ្សារ​​សត្វ​ព្រៃ​ ក្នុង​ទីក្រុង​ Wuhan កាល​ពី​ខែកុម្ភៈ ឆ្នាំ​ 2021

ក្រោយ​ការពិនិត្យ​ឯកសារ​ពេទ្យ​របស់​ក្រុមកម្មករ​អណ្ដូងរ៉ែ​នេះ អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា អ្នកជំងឺ RaTG13 មាន​អាការ​ក្អក​ធ្លាក់ឈាម និង​ធ្លាក់​ទឹករងៃ។ រូបភាព​ស្កេ​ន CT បង្ហាញថា កម្មករ​ទាំងនេះ​មិនមាន​បញ្ហា​របួស​សួត​ដូច​អ្នកជំងឺ COVID-19 នោះទេ។

សំណួរ​ផ្សេង​មួយទៀត សួរថា «ហេតុអ្វី វីរុស​មួយ​ប្រភេទ​ដែល​បានសម្លាប់​មនុស្ស​ជាង 5 លាន​នាក់ និង​ឆ្លងទៅ​មនុស្ស​ជាង 200 លាន​នាក់ ក្នុង​រយៈពេល 18 ខែ បែរជា​មិនបាន​ឆ្លងទៅ​មនុស្ស​សូម្បីតែ​ម្នាក់ នៅក្នុង​អំឡុង 7 ឆ្នាំ ចាប់ពី​ឆ្នាំ​ 2012 ដល់​ឆ្នាំ​ 2019?»។

ក្រុម​អ្នកវិទ្យាសាស្ត្រ បារាំង យល់ថា លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​ពួកគេ បាន​ច្រានចោល​សម្មតិកម្ម​កន្លង​មក​ដែល​គិតថា វីរុស​បង្ក​ជំងឺ​រាតត្បាត COVID-19 លេច​ធ្លាយ​ចេញពី​បន្ទប់ពិសោធន៍។

«ការច្រានចោល​សម្មតិកម្ម​ដែលថា វីរុស​មាន​ប្រភពពី​អណ្ដូងរ៉ែ Mojiang ក៏​មានន័យថា ពុំមាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ណាមួយ​បង្ហាញថា វីរុស​លេច​ធ្លាយ​ចេញពី​បន្ទប់ពិសោធន៍។ សម្មតិកម្ម​មុន​នោះ​គ្រាន់តែ​ជាការ​យល់ឃើញ​ប៉ុណ្ណោះ» ក្រុម​អ្នកស្រាវជ្រាវ​របស់ បារាំង បាន​សរសេរ​ដូច្នេះ។

ទោះ​ជា​យ៉ាងនេះ​ក៏​ដោយ​ ការស្រាវជ្រាវ​របស់ បារាំង ខាងលើនេះ ក៏​នៅតែ​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ជាច្រើន មាន​មន្ទិលសង្ស័យ។ សាស្ត្រាចារ្យ Lawrence Young អ្នកឯកទេស​ផ្នែក​វីរុស​សាស្ត្រ​នៃ​សាកល​វិទ្យា Warwick យល់ថា សម្មតិកម្ម​ដែលថា វីរុស​លេច​ធ្លាយ​ចេញពី​បន្ទប់ពិសោធន៍ នៅតែ «មិនអាច​ត្រូវបាន​លុបចោល»។

សាស្ត្រាចារ្យ David Livemore អ្នកជំនាញ​ផ្នែក​អតិសុខុមសាស្ត្រ មកពី​សាកលវិទ្យាល័យ East Anglia ថ្លែងថា បើទោះជា​លោក​ជឿថា សម្មតិកម្ម​ដែលថា វីរុស​លេច​ធ្លាយ​ចេញពី​បន្ទប់ពិសោធន៍ មិន​ប្រាកដថា​ជា​ប្រភព​របស់ COVID-19 ក្ដី ប៉ុន្តែ នៅតែមាន «ចំណុច​ចៃដន្យ​មួយចំនួន​ដ៏​គួរឱ្យ​យកចិត្តទុកដាក់»។

មក​ដល់​បច្ចុប្បន្ន COVID-19 បាន​សម្លាប់​មនុស្ស​រាប់​លាន​នាក់​ទៅ​ហើយ

«មហា​រោគរាតត្បាត​បានចាប់ផ្ដើម​កើតមាន​ដំបូង​នៅ​ទីក្រុង Wuhan ជាទី​ដែល​នៅ​ឆ្ងាយ​ពី​ល្អាង​សត្វ​ប្រចៀវ​នៅ​ភាគខាងត្បូង​នៃ ប្រទេស​ចិន និង​ជាទី​ដែលមាន​វិទ្យាស្ថាន​វីរុស​សាស្ត្រ ដែលជា​ស្ថាប័ន​ធ្វើការ​ស្រាវជ្រាវ​ម៉ូ​លិ​គុល រួមមាន​ទាំង​ភារកិច្ច​បង្កើន​មុខងារ​នៅលើ​វីរុស Corona ផងដែរ» លោក David Livemore បញ្ជាក់​ដូច្នេះ។

ពិភពលោក បច្ចុប្បន្ន បាន​ឈាន​ចូលដល់​ឆ្នាំ​ទី​ពីរ​របស់ COVID-19 ប៉ុន្តែ ប្រភព​របស់​វីរុស​នេះ មិនទាន់​ត្រូវបាន​រកឃើញ​នៅឡើយ។ ក្រុម​អ្នកវិទ្យាសាស្ត្រ បានលើកឡើង​ការបកស្រាយខុសៗគ្នា។

កាលពី COVID-19 ទើបតែ​បានចាប់ផ្ដើម សហគមន៍​អ្នកស្រាវជ្រាវ​យល់ថា វីរុស​នេះ​មាន​ប្រភពពី​សត្វ​ប្រចៀវ។ ពួកវា​បាន​ឆ្លងទៅ​សត្វព្រៃ មុននឹង​ឆ្លង​មក​មនុស្ស។ ប៉ុន្តែ ក្រោយមក មនុស្ស​មួយចំនួន​ជឿថា វីរុស COVID-19 បាន​លេច​ធ្លាយ​ចេញពី​បន្ទប់ពិសោធន៍​នៅ​ទីក្រុង Wuhan ប្រទេស​ចិន ជាទី​ដែល​ករណី​ឆ្លង​ដំបូង​ត្រូវបាន​រាយការណ៍ ឬថា វីរុស​នេះ​ត្រូវបាន​មនុស្ស​បង្កើតឡើង។ សម្មតិកម្ម​ទាំងពីរ​នេះ សុទ្ធតែ​ត្រូវបាន​ច្រានចោល។ អង្គការ​សុខភាព​ពិភពលោក (WHO) ប្រកាសថា «មនុស្ស​ពិតជា​ពិបាក​ក្នុងការ​បង្កើត COVID-19»។

កាលពី​ខែសីហា ឆ្នាំ 2021 របាយការណ៍​ស៊ើបការណ៍​មួយ​ដែល​ត្រូវបាន​បង្ហើប​ដោយសារ​ព័ត៌មាន Wall Street Journal ឱ្យដឹងថា អ្នកវិទ្យាសាស្ត្រ 3 រូប នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​វីរុស​សាស្ត្រ Wuhan បាន​ចូល​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេ​ត្យ ដោយសារ​មាន​អាការ​ដូច​អ្នកជំងឺ COVID-19 កាលពី​ខែវិច្ឆិកា ឆ្នាំ 2019 ពោលគឺ 3 សប្ដាហ៍​មុនពេល ចិន រាយការណ៍​ករណី​ឆ្លង COVID-19 ដំបូង នៅ​ទីក្រុង​នេះ។ របាយការណ៍​របស់ ប្រទេស​ចិន បាន​នាំឱ្យមាន​ការស្រាវជ្រាវ​មួយ​ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​អាជ្ញាធរ​របស់​ប្រធានាធិបតី អាម៉េរិក លោក Joe Biden។ ក៏ប៉ុន្តែ សកម្មភាព​នេះ​នៅតែ​មិនអាច​សន្មត​បាន​អំពី​ប្រភព​របស់ COVID-19 ដដែល៕

Advertisement