ថ្លើម​ក្នុង​រាងកាយ​មនុស្ស ដំណើរការ​ដោយ​របៀប​ណា? – (វីដេអូ)

ថ្លើម​គឺជា​សរីរាង្គ​ដ៏​សំខាន់ និង​មាន​ទម្ងន់​ធ្ងន់​ជាងគេ​បង្អស់​នៅក្នុង​រាងកាយ​មនុស្ស ដែល​ធ្វើ​សកម្មភាព​ដូច​ទៅនឹង​រោងចក្រ​ដ៏​មមាញឹក ជួយ​បន្សាប​ជាតិពុល សំយោគ​ប្រូតេអ៊ីន និង​ការផលិត​សារ​ធាតុគីមី​ជីវសាស្ត្រ​ដែល​ចាំបាច់​សម្រាប់​រំលាយ​អាហារ។ល។

ថ្លើម​មាន​ទម្ងន់​ប្រហែល 1.4 គីឡូក្រាម និង​ដំណើរការ 24 ម៉ោង​ជា​រៀងរាល់ថ្ងៃ។ វា​គឺជា​សរីរាង្គ​ដែលមាន​សារសំខាន់​បំផុត​មួយ​នៅក្នុង​រាងកាយ។ រចនាសម្ព័ន្ធ​របស់​វា ធ្វើ​សកម្មភាព​ដូច​ទៅនឹង​ឃ្លាំង រោងចក្រ​ផលិត និង​កែច្នៃ។ មុខងារនីមួយៗ មាន​ទំនាក់ទំនង​ជាមួយនឹង​ភារកិច្ច​បន្ទាប់បន្សំសំខាន់ៗជាច្រើន ហើយ​បើសិនជា​វា​បាត់​ខ្លួន រាងកាយ​របស់​យើង​នឹង​លែង​ដំណើរការ។

តួនាទី​មួយ​ក្នុងចំណោម​តួនាទីចម្បងៗរបស់​ថ្លើម​គឺ​ការលាង​ឈាម។ ថ្លើម​ទទួល​ឈាម​ពី​ពីរ​ប្រភព៖ សរសៃឈាម​អា​ទែ (artery) និង​សរសៃ​ឈាមវ៉ែន (vein)។ សរសៃ​អា​ទែ​របស់​ថ្លើម​ទទួល​ឈាម​ពី​បេះដូង ខណៈដែល​សរសៃ​វ៉ែន​របស់​ថ្លើម​ទទួល​ឈាម​ពី​ប្រព័ន្ធ​ពោះវៀន។ ដំណើរការ​ទាំងពីរ​ខាងលើនេះ នាំសារ​ជាតិ​បំប៉ន​ដល់​ថ្លើម ហើយ​ក្រោយមក​នឹងត្រូវ​បាន​បែង​ជា​ប្រភេទ ចាត់ចែង និង​រក្សាទុក ដោយមាន​ជំនួយ​ពី «រោងចក្រ​កែច្នៃ» ល្អិតៗចំនួន​រាប់ពាន់ ដែល​ត្រូវបាន​គេ​ហៅថា Lobule។

ប្រភព​ទាំងពីរ​នេះ​ក៏​ផ្គត់ផ្គង់​អុកស៊ីសែន​ដែល​ថ្លើម​ត្រូវការ​ដើម្បី​ធ្វើ​សកម្មភាព។ ឈាម​ដែល​បានមកពី​ប្រព័ន្ធ​ពោះវៀន ផ្ទុក កាបូ​អ៊ី​ដ្រា​ត, ជាតិ​ខ្លាញ់, វីតាមីន និង​ជាតិ​បំប៉ន​ដទៃទៀត​ដែល​ត្រូវបាន​ស្រូប​ពី​អាហារ​ដែល​អ្នក​ហូប។ ទាំងនេះ​ត្រូវបាន «កែច្នៃ» ទៅតាម​វិធីផ្សេង។ ចំពោះ កាបូ​អ៊ី​ដ្រា​ត ថ្លើម​នឹង​កម្ទេច​វា ហើយ​បំប្លែង​ទៅជា​ស្ករ​ដើម្បីឱ្យ​រាងកាយ​ប្រើប្រាស់​ជា​ថាមពល នៅពេល​ឈាម​ត្រូវបាន​លាង​ជាថ្មី។

ពេលខ្លះ រាងកាយ​មាន​សារជាតិ​បំប៉ន​ច្រើន​ហួស និង​មិនត្រូវ​ការប្រើភ្លាមៗ ដូច្នេះ ថ្លើម​នឹង​រក្សា​វា​ទុក ដោយ​ដាក់​វា​ទៅក្នុង «ឃ្លាំង»។ ផ្នែក​នេះ​ដំណើរការ​ដូច​ទៅនឹង​ផ្ទះបាយ ដែល​អាច​ផ្គត់ផ្គង់​សារជាតិ​បំប៉ន​ដល់​រាងកាយ នៅពេល​ចាំបាច់។

ប៉ុន្តែ ឈាម​ដែល​រត់​ចូលទៅ​កាន់​ថ្លើម មិនមែន​ពេលណា​ក៏​នាំ​របស់ល្អៗមកជា​មួយ​នោះដែរ។ វា​ក៏មាន​ផ្ទុក​ជាតិពុល និង​ផលិតផល​គ្មាន​ប្រយោជន៍ ដែល​រាងកាយ​មិនអាច​ប្រើប្រាស់​បាន។ ថ្លើម​គ្រប់គ្រង​របស់​ទាំង​នេះ​យ៉ាង​ម៉ត់ចត់។ នៅពេល​រកឃើញ​ជាតិពុល ឬ​របស់​គ្មាន​ប្រយោជន៍ ថ្លើម​នឹង​បំប្លែង​វា​ទៅជា​ផលិតផល​ដែល​មិនអាច​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ ឬ​ចាប់យក​វា​បោះចោល ដោយ​វិធីសាស្ត្រ​បញ្ជូន​វា​ទៅកាន់​តម្រងនោម និង​ពោះវៀន​ដើម្បី​បញ្ចេញ​វា​មក​ក្រៅ។

យ៉ាងនេះ​ក្ដី ថ្លើម​នឹងមិន​ត្រូវបាន​គេ​ចាត់ទុកជា​រោងចក្រ​មួយ​នោះទេ បើសិនជា​វា​ពុំមាន​សកម្មភាព​ផលិត។ ថ្លើម​ផលិត​របស់​គ្រប់យ៉ាង តាំងពី​ប្រូតេអ៊ីន​ប្លា​ស្មា (Blood proteins/plasma proteins) ដឹកជញ្ជូន​អាស៊ីត​ខ្លាញ់ និង​ជួយ​បង្កើត​ដុំ​ឈាមកក រហូតដល់ កូ​លេ​ស្តេ​រ៉ុល ជួយ​ឱ្យ​រាងកាយ​បង្កើត អ័រម៉ូន។ វា​ក៏​បង្កើត វីតាមីន D និង​សារជាតិ​ជួយ​ដល់​ការរំលាយ​អាហារ​ផងដែរ។

ប៉ុន្តែ មួយ​ក្នុងចំណោម​ផលិតផល​សំខាន់បំផុត​របស់​ថ្លើម នោះ​គឺ​ទឹកប្រមាត់។ ដូច​ទៅនឹង​រោងចក្រ​ដែល​ល្អ​សម្រាប់​បរិស្ថាន ថ្លើម​ប្រើប្រាស់ hepatocyte ឬ​កោសិកា​ថ្លើម ដើម្បី​បំប្លែង​សារធាតុ​អាក្រក់​ទៅជា​ធាតុ​រាវ​មាន​រសជាតិ​ល្វីង ពណ៌​បៃតង ដែល​ក្រោយមក​ត្រូវ​ហូរ​ចូលទៅក្នុង​អាង​ផ្ទុក​តូច​មួយ​នៅក្រោម​ថ្លើម ដែល​គេ​ហៅថា ថង់​ប្រមាត់ មុននឹង​ត្រូវបាន​បន្ត​ក់​ជា​តំណក់​ទៅក្នុង​ពោះវៀន ជួយ​កម្ចាត់​ជាតិ​ខ្លាញ់ សម្លាប់​បាក់តេរី​អាក្រក់ និង​បន្សាប​ជាតិ​អាស៊ីត​ក្នុង​ក្រពះ។ ទឹកប្រមាត់​ក៏​ជួយ​បណ្ដេញ​ជាតិពុល និង​ផលិតផល​គ្មាន​ប្រយោជន៍​ចេញពី​ថ្លើម​មក​ខាងក្រៅ​រាងកាយ។

ដូច​អ្នក​បានឃើញ​ហើយ ថ្លើម​គឺជា​រោងចក្រ​មួយ​ដ៏​មាន​ប្រសិទ្ធភាព អនុវត្ត​តួនាទី​ជាច្រើន​ដែល​ជួយ​គ្នា​ទៅវិញ ទៅមក។ ប៉ុន្តែ ប្រព័ន្ធ​មួយ​ដ៏​ស្មុគស្មាញ​បែបនេះ​ត្រូវ​ការរក្សា​សកម្មភាព​ឱ្យបាន​រលូន ដោយ​ការថែរក្សា​វា​ឱ្យនៅ​មាំមួន និង​មិន​ត្រូវឱ្យ​វា​ធ្វើការ​លើស​កម្លាំង ព្រោះតែ​ជាតិពុល​ច្រើន​ហួរ​នោះឡើយ ហើយ​វា​គឺជា​រោងចក្រ​មួយ​ដែល​យើង​មិនត្រូវ​ទុកឱ្យ​វា​ឱ្យ​ឈប់​ដំណើរការ​នោះដែរ៕

Advertisement