រុស្ស៊ី ពិសោធ​វ៉ាក់សាំង​បង្ការ​ COVID-19 ប្រភេទ​បាញ់​ចូល​តាម​រន្ធ​ច្រមុះ

ពលរដ្ឋរុស្ស៊ី នៅ​ទីលាន​ក្រហម​ Red Square កាល​ពីថ្ងៃទី 09 តុលា​ 2021

ប្រទេស​រុស្ស៊ី នឹងធ្វើ​ការពិសោធ​វ៉ាក់សាំង​បង្ការ COVID-19 ឈ្មោះ Sputnik V ប្រភេទ​បាញ់​ចូល​តាម​រន្ធ​ច្រមុះ នៅលើ​អ្នកស្ម័គ្រចិត្ត​ពេញវ័យ ដើម្បី​រួមចំណែក​គ្រប់គ្រង​ករណី​ឆ្លង និង​ស្លាប់​ដោយសារ​វីរុស​នេះ។

យោងតាម​ឯកសារ​ចុះបញ្ជី​ដែល​បានប្រកាស​កាលពី​ថ្ងៃទី 12 តុលា វ៉ាក់សាំង​បង្ការ COVID-19 ឈ្មោះ Sputnik V ប្រភេទ​បាញ់​ច្រមុះ​នឹងត្រូវ​បាន​ពិសោធ​ជា​ពីរ​ដូ​ស នៅលើ​អ្នកស្ម័គ្រចិត្ត​ពេញវ័យ នៅឯ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង St. Petersburg។ ឯកសារ​នេះ​មិនបាន​បង្ហើប​ឱ្យដឹង​អំពី​ពេលវេលា​នៃ​ការពិសោធ​នេះ​នោះទេ។

ប្រទេស​រុស្ស៊ី បានចាប់ផ្ដើម​អភិវឌ្ឍ​វ៉ាក់សាំង Sputnik V យ៉ាង​ឆាប់រហ័ស បន្ទាប់ពី COVID-19 ផ្ដើម​ផ្ទុះ​ឆ្លង​រាលដាល​កាលពី​ឆ្នាំមុន ប៉ុន្តែ យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​ត្រូវបាន​ធ្វើឡើងយឺតៗ ដោយសារតែ​ពលរដ្ឋ​ប្រទេស​នេះ​មានការ​រារែក​ចំពោះ​ផលិតផល​សុខាភិបាល​ថ្មី។

ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin កាលពី​ថ្ងៃទី 12 តុលា បានឱ្យដឹងថា៖ «ការចាក់​វ៉ាក់សាំង ជួយ​ការពារ​ពលរដ្ឋ​ពី​ការឆ្លង​ជំងឺ និង​រោគសញ្ញា​ធ្ងន់ធ្ងរ។ យើង​ត្រូវការ​បង្កើនល្បឿន​នៃ​ការចាក់​វ៉ាក់សាំង»។

រុស្ស៊ី គឺជា​សម្បុក​វីរុស COVID-19 ធំជាងគេ​លំដាប់​ទី 5 ក្នុង​ពិភពលោក ដោយមាន​អ្នក​ឆ្លង​សរុប​ជាង 7.8 លាន​នាក់ និង​ស្លាប់​ជាង 218,000 នាក់៕

Advertisement