ផ្លូវ​ការ​! កុមារ​អាយុ​ពី 3 ឆ្នាំ ដល់ 11 ឆ្នាំ ទទួល​ការចាក់​វ៉ាក់សាំង COVID-19 នៅ អា​ហ្ស​ង់​ទីន

(អា​ហ្ស​ង់​ទីន)-កាលពី​ថ្ងៃទី 12 តុលា រដ្ឋាភិបាល​ប្រទេស​អា​ហ្ស​ង់​ទីន បានចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ដល់​កុមារ​ដែលមាន​អាយុ​ចាប់ពី 3 ឆ្នាំ ដល់ 11 ឆ្នាំ បន្ទាប់ពី​ត្រូវបាន​អគ្គនាយកដ្ឋាន​គ្រប់គ្រង​ឱសថ ស្បៀងអាហារ និង​បច្ចេកវិទ្យា​សុខាភិបាល (ANMAT) ផ្ដល់​ការអនុម័ត​កាលពី​ដើមខែ​នេះ។

ប្រភពព័ត៌មាន​ពី​រដ្ឋធានី ប៊ុ​យ​ណូ​ស៊ែ (Buenos Aires) ឱ្យដឹងថា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល Carla Vizzotii បាន​ថ្លែងថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​ឱ្យ​កុមារ ត្រូវបាន​ធ្វើឡើង​ក្នុងពេល​តែមួយ​នៅ​ទូទាំងប្រទេស ហើយ​នេះ​នឹង​ក្លាយជា​មូលដ្ឋាន​ដើម្បីឱ្យ អា​ហ្ស​ង់​ទីន ឆ្ពោះទៅ​សម្រេច​គោលដៅ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​នៅ​ចុងឆ្នាំ 2021។

ដើម្បី​អនុវត្ត​ផែនការ​នេះ រដ្ឋាភិបាល​អា​ហ្ស​ង់​ទីន បាន​បែងចែក​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ចិន Sinopharm ជាង 2 លាន​ដូ​ស ទៅឱ្យ​តំបន់​នៅ​មូលដ្ឋាន។ ក្រៅពីនេះ អា​ហ្ស​ង់​ទីន ក៏​នៅមាន​វ៉ាក់សាំង​ប្រភេទ​នេះ​ជាង 9 លាន​ដូ​ស​ទៀត សម្រាប់​ចាក់ឱ្យ​កុមារ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាល ក៏​បែងចែក​វ៉ាក់សាំង​របស់ Pfizer ចំនួន 1.6 លាន​ដូ​ស ដើម្បី​បន្ត​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដល់​ក្មេង​ជំទង់​ដែលមាន​វ័យ​ចាប់ពី 12 ឆ្នាំ​ឡើងទៅ​ផងដែរ។

យោងតាម​ទិន្នន័យ​ផ្លូវការ បច្ចុប្បន្ន​ប្រជាជន​របស់ អា​ហ្ស​ង់​ទីន ប្រមាណ 23.9 លាន​នាក់ ស្មើនឹង 52% នៃ​ប្រជាជន​សរុប បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 រួចរាល់ និង 30.1 លាន​នាក់ ស្មើនឹង 66% នៃ​ប្រជាជន​សរុប បាន​ចាក់​យ៉ាងតិច 1 ដូ​ស។

ប្រទេស​អា​ហ្ស​ង់​ទីន មាន​អ្នក​ឆ្លង​វីរុស COVID-19 សរុប​ជាង 5.2 លាន​នាក់ ក្នុងនោះ​មាន 115,491 នាក់ បាន​ស្លាប់។ ប៉ុន្តែ ប៉ុន្មាន​ខែ​កន្លងមកនេះ តួលេខ​នៃ​ការឆ្លង​វីរុស បាន​ថយចុះ​គួរឱ្យកត់សម្គាល់ ដោយមាន​ជា​មធ្យម 1,000 នាក់/ថ្ងៃ៕

Advertisement