គុយបា ពិចារណា​អំពី​ការពិសោធ​វ៉ាក់សាំង COVID-19 លើ «កុមារ​អាយុ​ក្រោម​ពីរ​ឆ្នាំ»

បុគ្គលិកសុខាភិបាលម្នាក់ កំពុងត្រៀមចាក់វ៉ាក់សាំងបង្ការ COVID-19 ដោយប្រើវ៉ាក់សាំង Soberana 02 កាលពីខែមីនា

ប្រទេស​គុយបា កំពុងតែ​វាយតម្លៃ​លើ​លទ្ធភាព​នៃ​ការពិសោធ​វ៉ាក់សាំង​ប្រឆាំង COVID-19 នៅលើ​កុមារ​ដែលមាន​អាយុ​ក្រោម 2 ឆ្នាំ ក្រោយពី​បានទទួល​លទ្ធផល​ល្អ​ពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​នាពេល​កន្លង។

Eduardo Martinez ប្រធាន​ក្រុមហ៊ុន​ឱសថ​ជីវសាស្ត្រ​ជាតិ​របស់​ប្រទេស​គុយបា (BioCubaFarma) កាលពី​សប្ដាហ៍​មុន​បានឱ្យដឹងថា ក្រុមមន្ត្រី​កំពុង​ពិនិត្យ ពិចារណា​អំពី​ការពិសោធ​លើ​កុមារ​អាយុ​ក្រោម 2 ឆ្នាំ ដោយ​ប្រើប្រាស់​វ៉ាក់សាំង COVID-19 ក្នុងស្រុក ព្រោះតែ​កម្រិត​សុវត្ថិភាព​ខ្ពស់​ត្រូវបាន​បញ្ជា​ក់រួច​ហើយ​នៅក្នុង​ការពិសោធ​កន្លង​មក ក៏ដូចជា​នៅក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ទូទាំងប្រទេស។

សារព័ត៌មាន​ក្នុងស្រុក Prensa Latina បាន​រាយការណ៍​ថា គុយបា គឺជា​ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក ដែល​បាន​ចាក់​វ៉ាក់សាំង COVID-19 ដល់​កុមារ​ដែលមាន​អាយុ​ចាប់ពី 2-18 ឆ្នាំ ដោយ​ប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ 2 ដូ​ស Soberana 02 និង​ប្រភេទ 1 ដូ​ស Soberana Plus ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​វិទ្យាស្ថាន Vaccine Finlay ជាមួយនឹង​ប្រសិទ្ធភាព 91.2%។ លទ្ធផល​នៃ​ការស្រាវជ្រាវ​លើ​ការចាក់​វ៉ាក់សាំង​ដល់​កុមារ នឹង​ត្រូវបាន​បញ្ជូនទៅ​កាន់​មជ្ឈមណ្ឌល​គ្រប់គ្រង​ឱសថ និង​សម្ភារៈ​សុខាភិបាល​ជាតិ (CECMED) ដើម្បី​វាយតម្លៃ​នាពេលឆាប់ៗខាងមុខ។

លោក Martinez ឱ្យដឹងថា កុមារ និង​ក្មេង​ជំទង់​ដែលមាន​អាយុ​ចាប់ពី 2 ដល់ 18 ឆ្នាំ បានទទួល​ការចាក់​វ៉ាក់សាំង Soberana 02 យ៉ាងតិច 1 ដូ​ស។ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល Jose Angel Portal Miranda បញ្ជាក់ថា តួលេខ​នេះ​ស្មើនឹង 92% នៃ​ចំនួន​កុមារ និង​ក្មេង​ជំទង់​សរុប​នៅ​ប្រទេស​នេះ ខណៈ 8% ទៀត​គឺជា​កុមារ​អាយុ​ក្រោម 2 ឆ្នាំ។ រដ្ឋមន្ត្រី​រូបនេះ​សង្កត់ធ្ងន់ថា គុយបា នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក ដែល​បើក​ដំណើរការ​សាលារៀន​ដែល​បង្រៀន​ដោយផ្ទាល់​ឡើងវិញ នៅពេល​សិស្សានុសិស្ស​បាន​ចាក់​វ៉ាក់សាំងគ្រប់ៗគ្នា នៅក្នុង​ខែវិច្ឆិកា។

គុយបា គឺជា​ប្រទេស​ដំបូង​គេ​នៅ អាម៉េរិក​ឡា​ទិន ដែល​បាន​អភិវឌ្ឍ​វ៉ាក់សាំង COVID-19 ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​បណ្តុំ​ប្រូតេអ៊ីន ដែលជា​វ៉ាក់សាំង​មិន​ទាមទារ​ឱ្យ​រក្សាទុក​ក្នុង​សីតុណ្ហភាព​ត្រជាក់​ខ្លាំង ដែល​ផ្ទុយ​ពី​វ៉ាក់សាំង​បច្ចេកវិទ្យា mRNA ដែល​ប្រើប្រាស់​កំណែ​ចម្លង​របស់​ម៉ូលេគុល RNA ព័ត៌មាន ដើម្បី​បង្កើត​ភាពស៊ាំ​ក្នុង​រាងកាយ ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​បន្ទាន់​រួចហើយ៕

Advertisement