កុមារ​អាយុ​ពី 5 ឆ្នាំ ដល់ 11 ឆ្នាំ ចាប់ផ្ដើម​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 នៅ អេក្វាទ័រ

កាលពី​ថ្ងៃទី 18 តុលា អនុ​ប្រធានាធិបតី​នៃ ប្រទេស​អេក្វាទ័រ លោក Alfredo Borrero ប្រកាស​ចាប់ផ្ដើម​ជា​ផ្លូវការ​នូវ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ដល់​កុមារ​ដែលមាន​អាយុ​ចាប់ពី 5 ឆ្នាំ ដល់ 11 ឆ្នាំ ក្នុង​គ្រា​ដែល​ស្ថានភាព​ជំងឺ​រាតត្បាត​នេះ​នៅតែមាន​ភាពស្មុគស្មាញ។

ក្នុង​ពិធី​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង លោក Borrero អះអាងថា នឹង​សម្រេច​ជា​ស្ថាពរ​នូវ​យុទ្ធនា​ការបង្កើត​ភាពស៊ាំ​ក្នុង​សហគមន៍ និង​ជំរុញ​សង្គម​ឱ្យ​ត្រលប់​មករក​សភាព​ដើម​វិញ ទៅតាមជំហាន។ ទន្ទឹមនឹងនេះ ការចាក់​វ៉ាក់សាំង​ដល់​កុមារ​នឹង​ជួយ​ឱ្យ​ពួកគេ​ត្រលប់​ចូល​សាលារៀន​វិញ​ប្រកបដោយ​សុវត្ថិភាព។

យោងតាម​ក្រុមមន្ត្រី​សុខាភិបាល ក្រុម​កុមារ​ដែលមាន​អាយុ 5 ឆ្នាំ នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង Pfizer របស់ សហរដ្ឋ​អាម៉េរិក ក្នុង​លក្ខខណ្ឌ «បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ដទៃ​រួចរាល់»។ ចំណែក​កុមារ​ដែលមាន​អាយុ​ចាប់ពី 6 ឆ្នាំ ដល់ 11 ឆ្នាំ នឹងត្រូវ​ចាក់​វ៉ាក់សាំង​ចិន Sinovac។

នៅ ប្រទេស​អេក្វាទ័រ កុមារ​ដែលមាន​អាយុ​ចាប់ពី 5 ដល់ 11 ឆ្នាំ មាន​ចំនួន 13% ធៀប​នឹង​ចំនួន​ប្រជាជន​សរុប 17.7 លាន​នាក់។ មកដល់​បច្ចុប្បន្ន ពលរដ្ឋ​ប្រហែល 10 លាន​នាក់​របស់​ប្រទេស​នៅ ទ្វីប​អាម៉េរិក​ខាងត្បូង​មួយ​នេះ បានទទួល​ការចាក់​វ៉ាក់សាំង COVID-19 រួចរាល់។ អា​ក្វា​ទ័​រ គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​អ្នកស្លាប់​ដោយសារ COVID-19 ច្រើនជាងគេ​នៅ​តំបន់ អាម៉េរិក​ឡាទីន។ ប្រទេស​ប្រេ​ស៊ី​ល ប៉េ​រូ, កូ​ឡុំ​ប៊ី អា​ហ្ស​ង់​ទីន និង ស៊ី​លី ក៏​សុទ្ធតែជា​ប្រទេស​ដែលមាន​អត្រា​នៃ​ការស្លាប់​ដោយសារ COVID-19 ខ្ពស់​ជាងគេ​នៅ​តំបន់​ខាងលើ៕

Advertisement