WHO ព្រមាន​អំពី​មូលហេតុ​ដែល COVID-19 អាច​អូសបន្លាយ​ពេល​ដល់​ឆ្នាំ 2022

វេជ្ជបណ្ឌិត Bruce Aylward ទីប្រឹក្សានៃប្រធានអង្គការសុខភាពពិភពលោក

អង្គការ​សុខភាព​ពិភពលោក (WHO) ឱ្យដឹងថា មហា​រោគរាតត្បាត COVID-19 នឹង​បន្ត​អូស​បន្លាយពេល​រហូតដល់​ឆ្នាំក្រោយ ដោយសារតែ​បណ្ដា​ប្រទេស​ក្រីក្រ​មិន​ទទួលបាន​វ៉ាក់សាំង​ក្នុង​បរិមាណ​ដែល​ចាំបាច់។

«យើង​កំពុង​ដើរ​ខុស​ទិសដៅ។ យើង​ពិតជា​ត្រូវការ​ជំរុញ​ល្បឿន​នៃ​យុទ្ធនា​ការបែងចែក​វ៉ាក់សាំង មិន​ដូច្នេះ​ទេ ជំងឺ​រាតត្បាត​នឹង​បន្ត​កើតឡើង​មួយឆ្នាំ​ទៀត» វេជ្ជបណ្ឌិត Bruce Aylward ទីប្រឹក្សា​នៃ​ប្រធាន​អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃទី 20 តុលា បាន​ព្រមាន​អំពី​ការដែល COVID-19 អាច​បន្ត​អូស​បន្លាយពេល​យូរ​ជាង​នេះ។

ការព្រមាន​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​គ្រា​ដែល​បណ្ដា​ប្រទេស​ក្រីក្រ​មិនទាន់​ទទួលបាន​បរិមាណ​វ៉ាក់សាំង​គ្រប់គ្រាន់​តាម​ការចាំបាច់​របស់​ពួកគេ។ ប្រជាជន​នៅក្នុង ទ្វីបអាហ្វ្រិក មិន​ដល់ 5% នៅឡើយ​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង ខណៈដែល​អត្រា​នេះ​នៅក្នុង​បណ្ដា​ទ្វីបផ្សេងៗ មាន​ចំនួន​ចាប់ពី 40% ឡើងទៅ។

បណ្ឌិត Aylward បាន​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​អ្នកមាន ទុក​លទ្ធភាព​ឱ្យ​បណ្ដា​ក្រុមហ៊ុន​ផ្គត់ផ្គង់​វ៉ាក់សាំង អាច​ផ្ដល់​អាទិភាព​នៃ​ការបញ្ជាទិញ​វ៉ាក់សាំង​ដល់​បណ្ដា​ប្រទេស​ដែលមាន​ចំណូល​ទាប។

បណ្ដា​ប្រទេស​អភិវឌ្ឍ គួរ​ស្រង់​ស្ថិតិ​ឡើងវិញ​ដើម្បី​ឱ្យដឹងថា ពួកគេ​កំពុង​អនុវត្ត​ដល់​ណា​ហើយ​ទាក់ទង​នឹង​ការសន្យា​ស្ដីពី​ការផ្ដល់​ជំនួយ​ជា​វ៉ាក់សាំង​ដល់​ពិភពលោក ដែល​ពួកគេ​បានលើកឡើង​នៅក្នុង​សន្និសីទ​កំពូល​នានា ដូចជា G7 នៅ St Eives នៃ ប្រទេស​អង់គ្លេស។

People’s Vaccine ដែលជា​សម្ព័ន្ធ​អង្គការ​មនុស្សធម៌​មួយ បាន​បញ្ជាក់ថា គិត​មកដល់​បច្ចុប្បន្ន វ៉ាក់សាំង​ចំនួន​ត្រឹមតែ 1/7 ប៉ុណ្ណោះ​ដែល​ត្រូវបាន​បញ្ជូន​ទៅដល់​បណ្ដា​ប្រទេស​ក្រីក្រ នៅក្នុង​ចំណោម​វ៉ាក់សាំង​ដែល​បណ្ដា​ក្រុមហ៊ុន​ឱសថ និង​បណ្ដា​ប្រទេស​អ្នក​មានបាន​សន្យា​ផ្ដល់ឱ្យ។

វ៉ាក់សាំង​ភាគច្រើន​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​បណ្ដា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់ ឬ​មធ្យម ខណៈដែល​វ៉ាក់សាំង​ដែល​ត្រូវបាន​បញ្ជូន​ទៅដល់ ទ្វីបអាហ្វ្រិក មាន​ត្រឹមតែ 2.6% ប៉ុណ្ណោះ ធៀប​នឹង​ពិភពលោក​ទាំងមូល។

គំនិត​ផ្ដួចផ្ដើម​ដែល​ហៅថា COVAX ត្រូវបាន​បង្កើតឡើង​ដើម្បី​ជួយ​ដល់​បណ្ដា​ប្រទេស​ក្រីក្រ​ទទួលបាន​ការផ្គត់ផ្គង់​វ៉ាក់សាំង​ដោយ​ស្មើភាព​គ្នា​នឹង​បណ្ដា​ប្រទេស​អ្នកមាន។ COVAX ដំបូង​ឡើយ​បានកំណត់​គោលដៅ​ផ្គត់ផ្គង់​វ៉ាក់សាំង​ឱ្យបាន 2 ពាន់​លាន​ដូ​ស​ក្នុង​ឆ្នាំ 2021 ប៉ុន្តែ មកដល់​បច្ចុប្បន្ន ទើបតែ​ផ្គត់ផ្គង់​បាន 371 លាន​ដូ​សប​ណ្ណោះ៕

Advertisement