ជំនួយ​ជា​វ៉ាក់សាំង​បង្ការ COVID-19 ជាង 3 សែន​ដូ​ស​ទៀត នឹង​មកដល់ កម្ពុជា នៅ​រសៀល​ថ្ងៃនេះ

វ៉ាក់សាំង AstraZeneca ចំនួន 3.2 សែន​ដូ​ស​ដែលជា​ជំនួយ​អន្តរជាតិ​តាមរយៈ​យន្តការ COVAX នេះ នឹងត្រូវ​បាន​ដឹក​មក​ដល់​ កម្ពុជា នៅ​ថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2021 វេលា​ម៉ោង​ប្រហែលជា 4 រសៀល។

នេះ​គឺជា​លើក​ទឹក​បី​ហើយ​ដែល កម្ពុជា ទទួលបាន​ជំនួយ​ជា​វ៉ាក់សាំង​ពី​អន្តរជាតិ​តាមរយៈ​យន្តការ COVAX របស់​អង្គការ​សុខភាព​ពិភពលោក ក្នុងនោះ លើកទីមួយ កម្ពុជា ទទួលបាន​វ៉ាក់សាំង AstraZeneca ផលិត​នៅ ឥណ្ឌា ចំនួន 324,000 ដូ​ស កាលពី​ខែមីនា ឆ្នាំ 2021 និង​លើក​ទី​ពី​គឺ​វ៉ាក់សាំង Sinovac ផលិត​នៅ​ប្រទេស ចិន ចំនួន 124,800 ដូ​ស កាលពី​ខែតុលា ឆ្នាំ 2021 ខណៈ​លើក​ទី​បី​គឺ​វ៉ាក់សាំង AstraZeneca ចំនួន 324,000 ដូ​ស ដែល​នឹង​មកដល់​នៅ​រសៀល​ថ្ងៃនេះ។ ជា​សរុប កម្ពុជា ទទួលបាន​វ៉ាក់សាំង​ដែលជា​ជំនួយ​ពី​អន្តរជាតិ​តាមរយៈ​យន្តការ COVAX នេះ ចំនួន 772,800 ដូ​ស។

គិត​មកដល់​បច្ចុប្បន្ន កម្ពុជា បានទទួល​វ៉ាក់សាំង​បង្ការ COVID-19 សរុប​ចំនួន​ប្រមាណ 30,000,000 ដូ​ស ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ ក្នុងនោះ ចិន គឺជា​ប្រទេស​ដែល​បានផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 មកដល់ កម្ពុជា ច្រើនជាងគេ។

កំណើន​នៃ​អត្រា​ចាក់​វ៉ាក់សាំង COVID-19 នៅ កម្ពុជា  គិត​ត្រឹម​ថ្ងៃទី 14 ខែវិច្ឆិកា ឆ្នាំ 2021 រួមមាន៖

-លើ​ប្រជាជន​អាយុ​ពី 18 ឆ្នាំ​ឡើង មាន 100.57% ធៀប​នឹង​ចំនួន​ប្រជាជន​គោលដៅ 10 លាន​នាក់

-លើ​កុមារ-យុវវ័យ​អាយុ​ពី 12 ឆ្នាំ ទៅ​ក្រោម 17 ឆ្នាំ មាន 98.47% ធៀប​នឹង​ចំនួន​ប្រជាជន​គោលដៅ 1,827,348 នាក់

-លើ​កុមារ​អាយុ​ពី 6 ឆ្នាំ ដល់​ក្រោម 12 ឆ្នាំ មាន 103.7% ធៀប​នឹង​ប្រជាជន​គោលដៅ 1,897,382 នាក់

-លើ​កុមារ​អាយុ 5 ឆ្នាំ មាន 76.23% ធៀប​នឹង​ប្រជាជន​គោលដៅ 304,317 នាក់

-លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប 16 លាន​នាក់ មាន 87.85% ៕

Advertisement