WHO ព្រមាន​ថា អូ​មី​ក្រុង (Omicron) អាច «ឡើង​គ្រប់គ្រង» ពិភពលោក ជំនួស ដេ​លតា (Delta)

អ្នកវិទ្យាសាស្ត្រ​ជាន់ខ្ពស់​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ថ្លែងថា អូ​មី​ក្រុង អាច​ចូលមក​ជំនួស  ដេ​លតា ដើម្បី​ក្លាយជា វ៉ា​រ្យ៉​ង់ លេចធ្លោ​ជា​គេ​នៅ​ទូទាំង​សកលលោក ប៉ុន្តែ វ៉ាក់សាំង​បច្ចុប្បន្ន នៅតែមាន​ប្រសិទ្ធភាព​ប្រឆាំងនឹង វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ។

«វា​អាច​នឹង​ក្លាយជា វ៉ា​រ្យ៉​ង់ ដែលមាន​ប្រៀប​ជាងគេ» Soumya Swaminathan អ្នក​វិទ្យា​ជាន់ខ្ពស់​របស់ WHO ថ្លែង​ដូច្នេះ​នៅក្នុង​សន្និសីទ Reuters Next នៅ ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស កាលពី​ថ្ងៃទី ៣ ធ្នូ ២០២។ ប៉ុន្តែ លោកស្រី​បាន​សង្កត់ធ្ងន់ថា នេះ​គឺជា​សេណា​រី​យ៉ោ ដែល​មិនទាន់​អាច​ព្យាករ​បានច្បាស់លាស់​នៅឡើយ។ បច្ចុប្បន្ន ដេ​លតា នៅតែ​ជា វីរុស​បំប្លែង​ខ្លួន​ថ្មី ដែល​លេចធ្លោ​ជាងគេ ដោយ «គ្រប់គ្រង» ករណី​ឆ្លង​ថ្មី​រហូតដល់ ៩៩% នៅក្នុង​ពិភពលោក។

លោក​ស្រី Soumya Swaminathan អ្នកវិទ្យាជាន់ខ្ពស់របស់ WHO

ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅឯ សហភាព​អឺរ៉ុប (EU) អូស្ត្រាលី និង សិង្ហ​បុរី មុន​នោះ​ក៏បាន​ព្យាករ​ថា អូ​មី​ក្រុង អាច​បង្កឱ្យមាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ-១៩ ច្រើនជាង ដេ​លតា ក្នុង​រយៈពេល ៣ ទៅ ៦ ខែ​ខាងមុខ។

បើសិន ទ្វីបអាហ្វ្រិក បានទទួល​វ៉ាក់សាំង និង​មាន​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ល្អ​ជាង​នេះ នោះ អូ​មី​ក្រុង ប្រហែលជា​មិនបាន​បង្ហាញខ្លួន​ដូច​បច្ចុប្បន្ន។ នេះ​បើតាម​ការយល់ឃើញ​រប​ស់លោក​ស្រី Swaminathan។

ការ​ប្រៀប​ធៀប​អំពី​ វ៉ារ្យ៉ង​ នានា​របស់​ កូវីដ-១៩

យ៉ាងណាក៏ដោយ លោកស្រី Swaminathan ថ្លែងថា ពិភពលោក​មិនគួរ​ព្រួយ​ភ័យ​ខ្លាំងពេក​ទេ ព្រោះថា វ៉ាក់សាំង​បច្ចុប្បន្ន នៅតែមាន​ប្រសិទ្ធភាព​ប្រឆាំងនឹង វីរុស​បំប្លែង​ខ្លួន​ថ្មី បើទោះជា​តួលេខ​អ្នក​ឆ្លង​ថ្មី​នៅ អាហ្វ្រិក​ខាងត្បូង កើនឡើង​ទ្វេគុណ​ជា​រៀងរាល់ថ្ងៃ៕

Advertisement