​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច សម្រាប់​ការព្យាបាល​ជំងឺ​កូ​វីដ-១៩ របស់​ក្រុម​ហ៊ុន​ Brii Biosciences ទទួល​បាន​ «ភ្លើងខៀវ» ពី ប្រទេស​ចិន

កាលពី​ថ្ងៃទី ៨ ធ្នូ អាជ្ញាធរ​គ្រប់គ្រង​ឱសថ​ជាតិ NMPA របស់ ប្រទេស​ចិន ប្រកាសថា បានផ្ដល់​ការអនុញ្ញាតឱ្យ​ប្រើប្រាស់​ថ្នាំ អង់​ទី​ប៊ី​យោ​ទិច របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជីវសាស្ត្រ Brii Biosciences នៅក្នុង​ការព្យាបាល​ជំងឺ​កូ​វីដ-១។ នេះ​គឺជា​ថ្នាំ​ព្យាបាល​ជំងឺ កូ​វីដ-១៩ ដំបូង​គេ​ដែល​ទទួលបាន «សញ្ញា​ភ្លើង​ខៀវ» នៅ​ប្រទេស​នេះ។

ថ្នាំ​ខាងលើនេះ នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ព្យាបាល​អ្នកជំងឺ​ដែលមាន​អាការ​ស្រាល និង​មធ្យម ប៉ុន្តែ​មាន​ហានិភ័យ​ចូល​ពេទ្យ​ខ្ពស់។ ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច របស់ Brii Biosciences អាច​ព្យាបាល​ទាំង​អ្នកជំងឺ​ពេញវ័យ ទាំង​អ្នកជំងឺ​ដែលមាន​អាយុ​ចាប់ពី ១២ ដល់ ១៧ ឆ្នាំ។

កាលពី​ខែតុលា​កន្លងទៅ ក្រុមហ៊ុន Brii Biosciences ឱ្យដឹងថា ក្នុងការ​ពិសោធ​លើ​មនុស្ស​ដំណាក់កាល​ទី ៣ ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដោយបាន​ជួយ​កាត់បន្ថយ​អត្រា​ចូល​ពេទ្យ និង​ស្លាប់​រហូតដល់ ៧៨% នៅលើ​ក្រុម​ដែលមាន​ហានិភ័យ​ខ្ពស់។ លទ្ធផល​នេះ​ត្រូវបាន​លើកឡើង​ដោយ​យោងទៅលើ​ការសិក្សា​ស្រាវជ្រាវ​នៅក្នុង​ប្រទេស​ចំនួន ៦ នៃ​ទ្វីប​ចំនួន ៤ និង​នៅឯ​មូលដ្ឋាន​ស្រាវជ្រាវ​ចំនួន ១១១ កន្លែង ក្នុងពេល​ពិភពលោក បាន​រកឃើញ វ៉ា​រ្យ៉​ង់ ថ្មី ច្រើន​ប្រភេទ របស់ វីរុស​កូ​វីដ-១៩ (SARS-CoV-2)។

ថ្នាំ​ខាងលើនេះ ត្រូវបាន​ក្រុមហ៊ុន Brii Biosciences សហការ​អភិវឌ្ឍ​ជាមួយ​ក្រុម​ស្រាវជ្រាវ​របស់​សាស្ត្រាចារ្យ Zhang Linqi នៃ​សាកលវិទ្យាល័យ Tsinghua, មន្ទីរពេទ្យ​ប្រជាជន​លេខ៣ ដែល​ស្ថិតក្នុង​ទីក្រុង Shenzhen នៃ​ខេត្ត​ក្វាង​ទុង។ ចាប់ពី​ថ្ងៃទី ៥ វិច្ឆិកា ថ្នាំ​នេះ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ព្យាបាល​អ្នកជំងឺ​ចំនួន​ជិត ៧០០ នាក់​រួចមកហើយ នៅក្នុង​ក្របខណ្ឌ​បន្ទាន់។

បច្ចុប្បន្ន ក្រុមហ៊ុន Brii Biosciences កំពុង​ដាក់ពាក្យ​ស្នើសុំ​ការអនុម័ត​ឱ្យប្រើ​ប្រាស់​បន្ទាន់​ចំពោះ​ថ្នាំ​នេះ នៅ សហរដ្ឋ​អាម៉េរិក៕

Advertisement