ស្មៅ​បន្លា​ព្រះខ្លប ត្រូវ​បាន​ជនជាតិ​ចិន ចាត់ទុកជា​ថ្នាំ​​​សម្រាប់​ព្យាបាល​ជំងឺច្រើន​មុខ

កាលពី​ក្មេង ខ្ញុំ​ចូលចិត្ត​លេង​ស្មៅ​បន្លា​ព្រះខ្លប​នេះ ដោយសារតែ​នៅពេល​យកដៃ​ទៅ​ប៉ះ​ភ្លាម វា​ក៏​ខ្លប​ក្ដោប​ស្លឹក​ចូលក្នុង ហាក់​ផ្ដល់​ការគោរព​ដល់​ខ្ញុំ ប៉ុន្តែ មិនដឹងថា នៅ​ស្រុក​យើង មាន​បងប្អូន​ណា​យក​ស្មៅ​នេះ​មក​ធ្វើជា​ថ្នាំ ឬ​អត់។

ស្មៅ​បន្លា​ព្រះខ្លប មាន​បន្លាខ្លីៗ ស្លឹកល្អិតៗ កាលណា​ប៉ះពាល់​នឹង​អ្វីមួយ ឬ​កម្រើក​ដោយ​ខ្យល់​ក៏​ខ្លប​ក្ដោប​ស្លឹក​ចូលក្នុង ចំណែក​ផ្ការ​របស់​វា​វិញ​មាន​សម្បុរ​ក្រហម​ស្ទើរ​ស្វាយ។ ស្មៅ​បន្លា​ព្រះខ្លប ក៏​ត្រូវបាន​អ្នកស្រុក​ខ្លះ​ហៅថា ស្មៅ​បន្លា​បង្ក្រាប។ ស្មៅ​នេះ​ភាគច្រើន​ដុះ​នៅតាម​ចំការ​ដំណាំ ក្បែរ​ផ្ទះ​នៅ​ស្រុកស្រែ នៅ​មាត់បឹង ឬ​នៅតាម​វាល​ដែលមាន​រុក្ខជាតិ​ច្រើន។

ស្មៅ​បន្លា​ព្រះខ្លប​មានឈ្មោះ​វិទ្យាសាស្ត្រ​ថា Mimosa pudica L។ នៅ ប្រទេស​ចិន ស្មៅ​ប្រភេទ​នេះ ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​ច្រើន​មុខ។

១-កាត់បន្ថយ​ការឈឺចាប់

ស្លឹក និង​ដើម​របស់​ស្មៅ​នេះ​ផ្ទុក alkaloid ដែល​តែង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការកាត់បន្ថយ​ការឈឺចាប់ ឬ​ប្រើ​ជា​ថ្នាំស្ពឹក។ ដូច្នេះ អ្នកស្រុក​ចិន ចូលចិត្ត​យក​ស្មៅ​បន្លា​ព្រះខ្លប​ធ្វើជា​តែ​សម្រាប់​ឆុង​ផឹក​នៅពេល​ឈឺធ្មេញ ឈឺចង្កេះ ឬ​ឈឺសន្លាក់។

២-ព្យាបាល​ជំងឺ​ផ្លូវដង្ហើម

ឫស​របស់​ស្មៅ​នេះ​ត្រូវបាន​យកទៅ​ចិញ្ច្រាំ និង​យកទៅ​ព្យាបាល​ជំងឺ​រលាក​ទងសួត​រ៉ាំរ៉ៃ។ យក​ឫស​របស់​វា​ដែល​បាន​ចិញ្ច្រាំ​ប្រហែល ១០០ ក្រាម ដាក់ចូល​ទឹក ៦០០ មិ​ល្លី​លីត្រ រួច​ដាំ​ឱ្យ​ពុះ​រហូត​នៅសល់​ប្រហែល ១០០ មី​ល្លិ​លីត្រ ហើយ​ចែកជា ២ សម្រាប់​ផឹក​ក្នុង ១ ថ្ងៃ និង​ត្រូវ​ផឹក​ឱ្យបាន ១០ ថ្ងៃ សម្រាប់​ការព្យាបាល​ម្ដង។

៣-កាត់បន្ថយ​ការចុះ​ខ្សោយ​នៃ​ប្រព័ន្ធ​ប្រសាទ ពិបាក​គេង

លាង​ស្លឹក​របស់​ស្មៅ​បន្លា​ព្រះខ្លប​ឱ្យ​ស្អាត រួច​ហាល់​ស្ងួត ទុក​ឆុង​ផឹក​ម្ដង/ថ្ងៃ ក្នុង​រយៈពេល ១០ ថ្ងៃ។

៤-ព្យាបាល​របួស​ស្បែក

ក្នុង​រុក្ខជាតិ​នេះ​ផ្ទុក tannin ជំរុញ​ឱ្យ​ឈាមកក​បាន​លឿន មាន​ប្រសិទ្ធភាព​ក្នុងការ​ឃាត់ឈាម។ ពេល​ត្រូវរបួស​ស្បែក ជនជាតិ​ចិន តែង​យក​ស្លឹក​របស់​ស្មៅ​បន្លា​ព្រះខ្លប​ស្រស់ ចិញ្ច្រាំ​ឱ្យ​ល្អិត ចេញ​ជាតិ​ទឹក រួច​បិទ​លើ​កន្លែង​របួស។

ក្រៅពីនេះ ស្មៅ​បន្លា​ព្រះខ្លប​ក៏មាន​ប្រសិទ្ធភាព​មួយចំនួនទៀត​ដូចជា៖

-ព្យាបាល​បញ្ហា​រលាក​ក្រពះ
-ជួយ​បណ្ដេញ​ជាតិពុល​ក្នុង​ថ្លើម
-ព្យាបាល​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់
-ព្យាបាល​អាការ​ទល់ពោះ ពិបាក​រំលាយ​អាហារ

ទោះជា​យ៉ាងណាក៏ដោយ មុននឹង​ប្រើប្រាស់​ឱសថ​បុរាណ​នេះ គ្រប់គ្នា​គួរតែ​សួរ​យោបល់​ពី​គ្រូពេទ្យ​ជាមុន ពិសេស​គឺ​មិនត្រូវ​ប្រើ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ អ្នក​ដែលមាន​បញ្ហា​កម្លាំង​ចុះខ្សោយ ស្គម និង​ស្លេកស្លាំង៕

Advertisement