WHO កោះប្រជុំ​បន្ទាន់​ព្រោះតែ​ជំងឺ​អុត​ស្វា (monkeypox)

បុគ្គលិក​កំពុង​វាស់​កម្ដៅ​អ្នក​ដំណើរ​កាលពី​ខែ​ឧសភា ២០១៩ នៅ​ ឥណ្ឌូណេស៊ី ក្នុង​គ្រាដែល​មាន​ការ​បារម្ភ​អំពី​ជំងឺ​អុតស្វា

អង្គការ​សុខភាព​ពិភពលោក (WHO) បើក​កិច្ចប្រជុំ​បន្ទាន់​ដើម្បី​ពិភាក្សា​អំពី​រលក​នៃ​ការផ្ទុះ​ឆ្លង​ជំងឺ​អុត​ចម្លែក​ម្យ៉ាង​ដែល​ហៅថា អុត​ស្វា (monkeypox) ក្នុង​គ្រា​ដែល​នៅ អឺរ៉ុប ករណី​ឆ្លង​ជំងឺ​នេះ​អាច​ឡើងដល់​ជាង ១០០ នាក់​ទៅហើយ។

កិច្ចប្រជុំ​ខាងលើ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ២០ ឧសភា ដោយ​ក្រុមប្រឹក្សា​យុទ្ធសាស្ត្រ​និង​បច្ចេកទេស​ស្ដីពី​ការគំរាមកំហែង​ក្នុង​ការឆ្លង​រាលដាល​ដែល​អាច​ក្លាយជា​ជំងឺ​រាតត្បាត ឬ​ជំងឺ​រាតត្បាត​សកល (STAG-IH) នៃ អង្គការ​សុខភាព​ពិភពលោក។

STAG-IH មាន​ភារកិច្ច​ផ្ដល់យោបល់​អំពី​ហានិភ័យ​នៃ​ការឆ្លង​រាលដាល​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ទូទាំង​សកលលោក ប៉ុន្តែ​ស្ថាប័ន​នេះ​មិន​ទទួលខុសត្រូវ​ក្នុងការ​ប្រកាស​ស្ថានការណ៍​អាសន្ន​អំពី​សុខភាព​សាធារណៈ​នោះទេ។ ការប្រកាស​ស្ថានការណ៍​អាសន្ន គឺជា​ស្ថានការណ៍​អាសន្ន​កម្រិត​ខ្ពស់បំផុត​របស់ WHO ដែល​បច្ចុប្បន្ន​ត្រូវបាន​ធ្វើឡើង​ចំពោះ កូ​វីដ-១៩។

«នៅក្នុង​ដំណាក់កាល​នេះ ហានិភ័យ​ទំនងជា​នៅ​ទាប​នៅឡើយ» មន្ត្រីជាន់ខ្ពស់​មួយរូប​របស់ សហរដ្ឋ​អាម៉េរិក បាន​អះអាង​ដូច្នេះ ទាក់ទិន​នឹង​ជំងឺ​អុត​ស្វា (monkeypox)។

កិច្ច​ប្រជុំ​បន្ទាន់​របស់ WHO នេះ​ កើត​ឡើង​បន្ទាប់​ពី​ អឺរ៉ុប សង្ស័យ​ថា មាន​ការ​ឆ្លង​ជំងឺ​នេះ​ជាង​ ១០០ ករណី​ ក្នុង​ប្រទេស​ចំនួន ៩ គឺ​ បែលហ្ស៊ិក បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ ប៉ូឡូញ អេស្ប៉ាញ ស៊ុយអែត និង​ អង់គ្លេស។

ក្រៅ​ពី​តំបន់​អឺរ៉ុប ជំងឺ​អុតស្វា​ នេះ ក៏​ត្រូវ​បាន​គេ​រកឃើញ​មាន​នៅ​ សហរដ្ឋ​អាម៉េរិក កាណាដា និង​ អូស្ត្រាលី ផងដែរ​។

Advertisement