បណ្ដា​ប្រទេស​នៅ អឺរ៉ុប «ដណ្ដើម​គ្នា​ទិញ» វ៉ាក់សាំង​បង្ការ​ជំងឺ​អុត​ស្វា (monkeypox)

បណ្ដា​ប្រទេស​នៅ អឺរ៉ុប កំពុង​ដុតដៃដុតជើង ក្នុង​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​អុត​ស្វា ដើម្បី​ត្រៀម​ទប់​ទល់នឹង​ស្ថានការណ៍​អាក្រក់​បំផុត​ក្នុង​គ្រា​ដែល​ករណី​ឆ្លង​មានការ​កើនឡើង។

អង់គ្លេស បាន​ចាក់​វ៉ាក់សាំង​ចំនួន ១,០០០ ដូ​ស ដល់​អ្នក​ដែល​បាន​ប៉ះពាល់​អ្នកជំងឺ បុគ្គល​ដែលមាន​ហានិភ័យ​ខ្ពស់ និង​បុគ្គលិក​សុខាភិបាល​ដែល​ថែទាំ​អ្នកជំងឺ​អុត​ស្វា។ ប្រទេស​នេះ​គ្រោង​នឹង​ចាក់​វ៉ាក់សាំង​បង្ការ​អុត​ស្វា​ប្រហែល ៣,៥០០ ដូ​ស​បន្ថែមទៀត​នៅក្នុងពេល​ដ៏​ខ្លី​ខាងមុខ។

ប្រទេស​បារាំង វិញ ក៏បាន​ប្រកាសថា កំពុង​ចាក់​វ៉ាក់សាំង​ជូន​ដល់​ក្រុម​អាទិភាព ជាក់ស្ដែង​គឺ​ក្រុម​អ្នក​ប៉ះពាល់ ឬ​នៅក្បែរ​អ្នកជំងឺ​អុត​ស្វា និង​ក្រុមគ្រូពេទ្យ​ជាដើម ដើម្បី​ទប់ស្កាត់​ការផ្ទុះ​ឆ្លង​ជំងឺ​នេះ។

បច្ចុប្បន្ន នៅ ទ្វីបអឺរ៉ុប មាន​វ៉ាក់សាំង​បង្ការ​ជំងឺ​អុត​ស្វា​តែមួយ​ប្រភេទ​ប៉ុណ្ណោះ ដែល​នេះ​បណ្ដាលឱ្យ​ប្រទេសមួយ​ចំនួន «ដណ្ដើម​គ្នា​ទិញ»។

Rolf Sass Sorensen ប្រធាន​ផ្នែក​ព័ត៌មាន និង​ទំនាក់ទំនង​វិនិយោគ​នៅ Bavarian Nordic ដែលជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​របស់ ដា​ណឺ​ម៉ាក ឱ្យដឹងថា «យើង​កំពុង​ចរចា​ជាមួយ​ប្រទេស​ជាច្រើន​ដែលមាន​តម្រូវ​ការទិញ​វ៉ាក់សាំង។ វ៉ាក់សាំង​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​ប្រឆាំងនឹង​ជំងឺ​អុតធំ (smallpox ឬ variola) នៅ សហភាព​អឺរ៉ុប ក៏ដូចជា​ជំងឺ​អុត​ស្វា​នៅ សហរដ្ឋ​អាម៉េរិក និង កាណាដា»។

រូប​ភាព​វីរុស​បង្ក​ជំងឺ​អុតស្វា

អង្គការ​សុខភាព​ពិភពលោក (WHO) រួម​នឹង​ស្ថាប័ន​បម្រុង​និង​ទប់ស្កាត់​ស្ថានការណ៍​អាសន្ន​ផ្នែក​សុខាភិបាល របស់ គណកម្មការ​អឺរ៉ុប (HERA) ក៏​កំពុងតែ​ចរចា​ជាមួយ​ក្រុមហ៊ុន Bavarian Nordic រឿង​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​អុត​ស្វា។

WHO បាន​អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស បង្កើន​ការតាមដាន ស្រាវជ្រាវ​អ្នក​ដែល​បាន​ប៉ះពាល់​អ្នកជំងឺ​អុត​ស្វា ឬ​សង្ស័យថា​វិជ្ជមាន​នឹង​វីរុស​បង្ក​ជំងឺ​នេះ។ ក៏ប៉ុន្តែ អង្គការ​នេះ​បាន​ព្រមាន​ថា ការដណ្ដើម​គ្នា​ទិញ​វ៉ាក់សាំង​នៅពេល​ករណី​ឆ្លង​នៅមានកម្រិត​ទាប​បែបនេះ​នឹង​នាំឱ្យមាន​ផល​មិនល្អ។

យោងតាម​ទិន្នន័យ​ថ្មី​បំផុត ប្រទេស​អង់គ្លេស បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​ជំងឺ​អុត​ស្វា​សរុប​ចំនួន ៧០ ករណី ចំណែក​បណ្ដា​ប្រទេស​នៅ អឺរ៉ុប ផ្សេងទៀត បាន​រកឃើញ​សរុប ៦៧ ករណី។

យោងតាម អង្គការ​សុខភាព​ពិភពលោក (WHO) ជំងឺ​អុត​ស្វា មិន​ងាយ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស។ វីរុស​នេះ​ឆ្លង​នៅពេល​មនុស្ស​ប៉ះពាល់​គ្នា​យូរ​ជាមួយនឹង​របួស ធាតុ​រាវ​របស់​រាងកាយ តំណក់ទឹក​ផ្លូវដង្ហើម ឬ​ស​ម្ភ​រ​ដែលមាន​ផ្ទុក​វីរុស ដូចជា ភួយ​ខ្នើយ​ជាដើម។ អាការ​ដំបូង​នៃ​ជំងឺ​អុត​ស្វា គឺ ក្ដៅខ្លួន ឈឺក្បាល ហើម​កូនកណ្ដុរ ឈឺ​ខ្នង និង​សាច់ដុំ ក្រោយមក​ក៏​ចេញ​ពងមាន​ខ្ទុះ​លើ​ស្បែក​នៅត្រង់​មុខ ដៃ និង​កន្លែង​ជាច្រើន​ទៀត​របស់​រាងកាយ។ រោង​សញ្ញា​ចាប់ផ្ដើម​បង្ហាញខ្លួន​ក្នុង​រង្វង់​ពី ១ ទៅ ២ សប្ដាហ៍ រាប់​ចាប់ពី​ពេល​ឆ្លង​វីរុស។

Advertisement