អង្គការ​សុខភាព​ពិភពលោក បញ្ជាក់​ថា ជំងឺ​អុត​ស្វា «មិន​បង្ក​ហានិភ័យ​​ធ្ងន់​ធ្ងរ​​» ចំពោះ​​ប្រព័ន្ធ​​សុខាភិបាល​​​របស់​ពិភព​លោក

ជំងឺ​អុត​ស្វា (monkeypox) បង្ក «ហានិភ័យ​បង្គួរ» ចំពោះ​សុខាភិបាល​សាធារណៈ​នៅក្នុង​ពិភពលោក។ ប្រកាស​នេះ​ត្រូវបាន អង្គការ​សុខភាព​ពិភពលោក (WHO) លើកឡើង​កាលពី​ថ្ងៃទី ២៩ ឧសភា ក្នុង​គ្រា​ដែល​ករណី​ឆ្លង​ជំងឺ​នេះ​កើតមាន​នៅក្នុង​បណ្ដា​ប្រទេស​ដែល​មិន​ធ្លាប់​កើតមាន​ជំងឺ​នេះ។

WHO ឱ្យដឹងថា ហានិភ័យ​ទាក់ទង​នឹង​សុខាភិបាល​សាធារណៈ​អាច​កើនឡើង​ខ្ពស់ បើសិន​វីរុស​បង្ក​ជំងឺ​អុត​ស្វា​ក្លាយជា​ភ្នាក់ងារ​បង្ក​រោគ និង​ឆ្លង​រាលដាល​ទៅក្នុង​ក្រុមមនុស្ស​ដែលមាន​ហានិភ័យ​កើត​ជំងឺ​ធ្ងន់ធ្ងរ​ដូចជា កុមារ ឬ​អ្នក​ដែលមាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ។

យោងតាម​ស្ថិតិ គិត​ត្រឹម​ថ្ងៃទី ២៦ ឧសភា មាន​ករណី​ឆ្លង​ជំងឺ​អុត​ស្វា​ចំនួន ២៥៧ នាក់ និង​ករណី​សង្ស័យថា​បាន​ឆ្លង​ចំនួន ១២០ នាក់ ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ចំនួន ២៣ ក្នុងនោះ​មាន​ប្រទេស​ជាច្រើន​ដែល​ពីមុនមក មិន​ធ្លាប់​កើតមាន​ជំងឺ​នេះ។

មកដល់​បច្ចុប្បន្ន មិនទាន់មាន​របាយការណ៍​ស្ដីពី​ករណី​ស្លាប់​ដោយសារ​ជំងឺ​អុត​ស្វា​នេះ​នៅឡើយ។ ប៉ុន្តែ អង្គការ​សុខភាព​ពិភពលោក បាន​បញ្ជាក់ថា អាច​នឹងមាន​ករណី​ឆ្លង​ថ្មី​ជាច្រើន​ទៀត គ្រា​ដែល​អង្គការ​នេះ​កំពុង​តាមដាន​នៅតាម​បណ្ដា​ប្រទេស​ដែលមាន និង​មិនមាន​ករណី​ឆ្លង​ជំងឺ​អុត​ស្វា។

Advertisement