អង់គ្លេស បញ្ជាក់ថា ជំងឺ​អុត​ស្វា (monkeypox) ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស

ស្ថាប័ន​សន្តិសុខ​សុខាភិបាល​អង់គ្លេស (UKHSA) កាលពី​ថ្ងៃទី ០១ មិថុនា បានឱ្យដឹងថា ជំងឺ​អុត​ស្វា​ពិតជា​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស។

យោងតាម Reuters វីរុស​ដែល​តែង​បង្ក​ជា​ជំងឺ​រាតត្បាត​នៅ អាហ្វ្រិក​ខាងលិច និង អាហ្វ្រិក​កណ្ដាល នេះ ត្រូវបាន​គេ​ជឿថា អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​តាមរយៈ​ការប៉ះពាល់។ កាលពីដើម​ខែឧសភា ករណី​ឆ្លង​ជំងឺ​អុត​ស្វា ត្រូវបាន​រកឃើញ​នៅ​ខាងក្រៅ​ដែនដី​នៃ ទ្វីបអាហ្វ្រិក។

«ការផ្ទុះ​ឆ្លង​ជំងឺ​នាបច្ចុប្បន្ន គឺជា​សញ្ញា​ដំបូង​បង្ហាញថា វីរុស​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៅក្នុង ប្រទេស​អង់គ្លេស ក្នុង​ស្ថានការណ៍​ដែល​ទំនាក់ទំនង​រវាង​បណ្ដា​ករណី​ឆ្លង និង​ការ​ដើរហើរ​ទៅកាន់​ប្រទេស​ណាមួយ​ដែលមាន​ជំងឺ​នេះ នៅតែ​មិនទាន់​ត្រូវបាន​គេ​ដឹង» UKHSA ប្រកាស​ដូច្នេះ។

UKHSA ឱ្យដឹងថា ភាគច្រើន​នៃ​ករណី​ឆ្លង​នៅ អង់គ្លេស (១៣២ ករណី) ត្រូវបាន​រកឃើញ​នៅ ទីក្រុង​ឡុង​ដ៍ ក្នុងនោះ ១១១ ករណី​គឺជា​មនុស្ស​ដែល​ស្ថិតក្នុង​សហគមន៍ LGBTQ (អ្នក​ដែលមាន​ភេទ​ពិសេស/ស្រលាញ់​ភេទ​ដូចគ្នា)។ គិត​មកដល់​បច្ចុប្បន្ន UKHSA រក​ឃើញតែ​ករណី​ឆ្លង​ដែលមាន​ទំនាក់ទំនង​ជាមួយនឹង​បណ្ដា​ក្លឹប​រាត្រី​សម្រាប់​មនុស្ស​ភេទ​ទី​បី បន្ទប់​ឆ្ពុង (ស្ទី​ម​សូ​ណា) និង​កម្មវិធី​ណាត់ជួប​លើ​ទូរស័ព្ទ នៅ អង់គ្លេស ក៏ដូចជា​នៅ​បរទេស​ប៉ុណ្ណោះ។

អង់គ្លេស កំពុងតែ​ចាក់​វ៉ាក់សាំង Imvanex របស់​ក្រុមហ៊ុន Bavarian Nordic ដល់​ក្រុមមនុស្ស​ដែល​បាន​ប៉ះពាល់​ទៅនឹង​មនុស្ស​ដែល​ត្រូវបាន​បញ្ជាក់ថា មាន​ផ្ទុក ឬ​សង្ស័យថា​មាន​ផ្ទុក​វីរុស​អុត​ស្វា។

បច្ចុប្បន្ន ករណី​ឆ្លង​ជំងឺ​អុត​ស្វា​បន្ត​កើនឡើង​នៅ​ខាងក្រៅ ទ្វីបអាហ្វ្រិក ដែល​ភាគច្រើន​នៅ អឺរ៉ុប។ ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុង​ប្រឹងប្រែង​ក្នុងការ​ស្វែងរក​មូលហេតុ​ដែលនាំឱ្យ​មានការ​ផ្ទុះ​ឆ្លង​រាលដាល​ជំងឺ​នេះ។

ជំងឺ​អុត​ស្វា​ត្រូវបាន​រកឃើញ​ជា​លើកដំបូង​លើ​មនុស្ស​កាលពី​ឆ្នាំ ១៩៧០ នៅ ទ្វីបអាហ្វ្រិក ហើយ​ចាប់ពីពេលនោះ​មក ករណី​ឆ្លង​ស្ទើរតែ​ទាំងអស់​ត្រូវបាន​រកឃើញ​នៅ​តំបន់​ជនបទ និង​ព្រៃ​ត្រូ​ពិ​ក។ ប៉ុន្មាន​ទសវត្សរ៍​កន្លងមក មានតែ​ប៉ុន្មាន​ករណី​ប៉ុណ្ណោះ​ដែល​ត្រូវបាន​រកឃើញ។ ក្រោយមក ក្នុង​ឆ្នាំ ២០១៧ មាន​ជាង ២,៨០០ ករណី​ត្រូវបាន​សង្ស័យថា​បាន​ឆ្លង​ជំងឺ​នេះ នៅក្នុង​ប្រទេស​ចំនួន ។ ឆ្នាំ ២០២០ ចំនួន​ករណី​សង្ស័យ​ឆ្លង​ជំងឺ​អុត​ស្វា​បាន​កើន​ដល់​ជាង ៦,៣០០ នាក់ ក្នុងនោះ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ មាន​រហូតដល់ ៩៥%។ តួលេខ​នៃ​ករណី​សង្ស័យ​នេះ ក្រោយមក​បាន​ថយ​ចុះមក​នៅត្រឹម​ប្រហែល ៣,២០០ នាក់ ក្នុង​ឆ្នាំ ២០២១។

យោងតាម អង្គការ​សុខភាព​ពិភពលោក (WHO) ជំងឺ​អុត​ស្វា មិន​ងាយ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស។ វីរុស​នេះ​ឆ្លង​នៅពេល​មនុស្ស​ប៉ះពាល់​គ្នា​យូរ​ជាមួយនឹង​របួស ធាតុ​រាវ​របស់​រាងកាយ តំណក់ទឹក​ផ្លូវដង្ហើម ឬ​ស​ម្ភ​រ​ដែលមាន​ផ្ទុក​វីរុស ដូចជា ភួយ​ខ្នើយ​ជាដើម។ អាការ​ដំបូង​នៃ​ជំងឺ​អុត​ស្វា គឺ ក្ដៅខ្លួន ឈឺក្បាល ហើម​កូនកណ្ដុរ ឈឺ​ខ្នង និង​សាច់ដុំ ក្រោយមក​ក៏​ចេញ​ពងមាន​ខ្ទុះ​លើ​ស្បែក​នៅត្រង់​មុខ ដៃ និង​កន្លែង​ជាច្រើន​ទៀត​របស់​រាងកាយ។ រោង​សញ្ញា​ចាប់ផ្ដើម​បង្ហាញខ្លួន​ក្នុង​រង្វង់​ពី ១ ទៅ ២ សប្ដាហ៍ រាប់​ចាប់ពី​ពេល​ឆ្លង​វីរុស។

Advertisement