សហរដ្ឋ​អាម៉េរិក បង្កើន​ការទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​អុត​ស្វា (Monkeypox)

រដ្ឋាភិបាល​អាម៉េរិក កំពុង​បញ្ជា​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​អុត​ស្វា​បន្ថែមទៀត ក្នុង​គ្រា​ដែល​តួលេខ​អ្នក​ឆ្លង​ជំងឺ​នេះ​ចេះតែ​កើនឡើង។

បច្ចុប្បន្ន សហរដ្ឋ​អាម៉េរិក បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​អុត​ស្វា ចំនួន ៤៥ នាក់ នៅក្នុង ១៥ រដ្ឋ និង​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន។ ចំណែក ករណី​ឆ្លង​ជំងឺ​នេះ​ជាង ១,៣០០ នាក់ ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ប្រហែល ៣០ ដែល​ស្ថិត​នៅក្រៅ ទ្វីបអាហ្វ្រិក។

ក្រុមមន្ត្រី​សុខាភិបាល​ឱ្យដឹងថា ហានិភ័យ​នៃ​ការផ្ទុះ​ឆ្លង​រាលដាល​ជំងឺ​អុត​ស្វា​ក្នុង​សហគមន៍​នៅ សហរដ្ឋ​អាម៉េរិក គឺ​ទាប ប៉ុន្តែ វិធានការ​សុខាភិបាល​ចាំបាច់​នានា​កំពុង​ត្រូវបាន​អនុវត្ត​ដើម្បី​ទប់ស្កាត់​រាល់​ស្ថានការណ៍​ដែល​អាច​កើតឡើង។ រដ្ឋាភិបាល​អាម៉េរិក បច្ចុប្បន្ន​មាន​វ៉ាក់សាំង​បង្ការ​ជំងឺ​អុត​ស្វា Jynnenos ចំនួន ៧២,០០០ ដូ​ស និង​មាន ៣០០,០០០ ដូ​ស​បន្ថែមទៀត​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ។ កាលពី​ម្សិលមិញ រដ្ឋាភិបាល​អាម៉េរិក ក៏បាន​ប្រកាសថា បាន​បញ្ជា​ទិញ​វ៉ាក់សាំង Jynnenos ចំនួន ៥០០,០០០ ដូ​ស ហើយ​ថា នឹង​ទទួលបាន​វ៉ាក់សាំង​ទាំងនេះ​នៅ​ចុងឆ្នាំ។

ក្រុមមន្ត្រី​​សហរដ្ឋ​អាម៉េរិក បានផ្ដល់​អនុសាសន៍​ឱ្យ​ប្រព័ន្ធ​សុខាភិបាល​ប្រទេស​នេះ តាមដាន​ឱ្យបាន​ម៉ត់ចត់​ចំពោះ​ករណី​ឆ្លង​ជំងឺ​អុត​ស្វា និង​ចាក់​វ៉ាក់សាំង​ជូន​ដល់​អ្នក​ដែល​បាន​ប៉ះពាល់ ឬ​នៅក្បែរ​ប្រភព​ចម្លង។ មកដល់ពេលនេះ វ៉ាក់សាំង​អុត​ស្វា​ប្រហែល ១,៤០០ ដូ​ស ត្រូវបាន​បែងចែក​ទៅកាន់​បណ្ដា​តំបន់​ដែលមាន​ករណី​ឆ្លង​ជំងឺ​នេះ។

អុត​ស្វា​គឺជា​ជំងឺ​រាតត្បាត​ដោយ​តំបន់​នៅ ទ្វីបអាហ្វ្រិក និង​ឆ្លង​រាលដាល​តាមរយៈ​ស្នាម​ខាំ​របស់​សត្វ​កកេរ ឬ​សត្វតូចៗ និង​មិនសូវ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស។ ប៉ុន្តែ កាលពី​ខែ​កន្លងទៅ ករណី​ឆ្លង​ជំងឺ​អុត​ស្វា​ជាច្រើន​បានបង្ហាញ​ខ្លួន​នៅ ទ្វីបអឺរ៉ុប និង អាម៉េរិក ហើយ​ក្នុងចំណោម​នោះ មាន​អ្នកជំងឺ​ជាច្រើន​មិនមាន​ប្រវត្តិ​ដើរហើរ​នៅ​បរទេស៕

Advertisement