FDA កំពុង​ស្រាវជ្រាវ​លើ​ករណី​ទារក​ទី ១០ ដែល​បាន​ស្លាប់​បន្ទាប់ពី​ញ៉ាំ​ទឹកដោះគោ Abbott

ស្ថាប័ន​គ្រប់គ្រង​អាហារ និង​ឱសថ​អាម៉េរិក (FDA) ប្រកាស​បើក​ការស៊ើបអង្កេត​លើ​ករណី​ថ្មី​បំផុត ទាក់ទិន​នឹង​ទារក​ម្នាក់​ដែល​ត្រូវបាន​គេ​រាយការណ៍​ថា បាន​ស្លាប់ «បន្ទាប់ពី​ប្រើប្រាស់​ផលិតផល​ទឹកដោះគោ​រូបមន្ត​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Abbott»។

FDA មិនបាន​លើកឡើង​ច្បាស់​អំពី​ផលិតផល​ជាក់លាក់​របស់ Abbott ដែល​ទារក​ម្នា​ក់បាន​ស្លាប់​នោះ​ប្រើប្រាស់ ក៏ដូចជា​ទីតាំង​ផលិត ប៉ុន្តែ​បាន​បញ្ជាក់ថា ការស៊ើបអង្កេត​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​បឋម។

ចំណែក​អ្នកនាំពាក្យ​របស់ Abbott បានឱ្យដឹងថា បច្ចុប្បន្ន «មិនមាន​ការសន្និដ្ឋាន» ក៏ដូចជា «មិនមាន​ភ័ស្ដុតាង​ណាមួយ​ដែល​បង្ហាញ​អំពី​ទំនាក់ទំនង​នៃ​មូលហេតុ និង​លទ្ធផល» រវាង​បណ្ដា​ផលិតផល​របស់ Abbott និង​ការស្លាប់​របស់​ទារក​ខាងលើ​ឡើយ។

ការស៊ើបអង្កេត​ថ្មី​បំផុត​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពី FDA បាន​បើកភ្លើង​ខៀវ​ឱ្យ Abbott កាលពី​ជិត​មួយខែ​មុន ដោយ​អនុញ្ញាតឱ្យ​បើកទ្វារ​រោងចក្រ​ផលិត​ម្សៅ​ទឹកដោះគោ​របស់ខ្លួន​នៅ Sturgis ក្នុង​រដ្ឋ Michigan។ នេះ​គឺជា​រោងចក្រ​ផលិត​ម្សៅ​ទឹកដោះគោ​ធំជាងគេ​បង្អស់​នៅ សហរដ្ឋ​អាម៉េរិក។

រោងចក្រ​ខាងលើនេះ​ត្រូវ​បង្ខំ​ឱ្យ​បិទទ្វារ​កាលពី​ខែកុម្ភៈ ២០២២ បន្ទាប់ពី​មាន​ករណី​ទារក ៤ នាក់ បាន​ឆ្លង​មេរោគ ក្នុងនោះ​មាន ២ នាក់​បាន​ស្លាប់។ ប៉ុន្តែ លទ្ធផល​នៃ​ការស៊ើបអង្កេត​បានបង្ហាញ​ថា ផលិតផល​របស់ Abbott មិនមាន​លទ្ធ​ភាពជា​ប្រភព​ចម្លង​មេរោគ​នៅក្នុង​ករណី​ស្លាប់​របស់​ទារក​ខាងលើនេះ​ទេ។

សហរដ្ឋ​អាម៉េរិក បច្ចុប្បន្ន​ប្រឈម​នឹង​បញ្ហា​កង្វះ​ផលិតផល​ទឹកដោះគោ​នៅ​ទូទាំងប្រទេស។ កាលពី​ថ្ងៃទី ២២ មិថុនា រដ្ឋាភិបាល​របស់លោក បៃ​ដិ​ន បានប្រកាសថា កំពុងតែ​ជួយ​ជ្រោ​ម​ជ្រែក​ក្នុងការ​នាំចូល​ផលិតផល​ម្សៅ​ទឹកដោះគោ​សម្រាប់​កុមារ ប្រហែល ១៦ លាន​កំប៉ុង ពី ប្រទេស​ម៉ិ​ក​ស៊ិ​ក ដោយ​ចាប់ផ្ដើម​ពី​ចុង​សប្ដាហ៍​នេះ។

គិត​មកដល់​បច្ចុប្បន្ន FDA បាន​ពិនិត្យ និង​ស៊ើបអង្កេត​លើ​ការតវ៉ា​ចំនួន ១២៩ ករណី ទាក់ទង​នឹង​ផលិតផល​ទឹកដោះគោ​របស់ Abbott ក្នុងនោះ ភាគច្រើន​គឺជា​ការតវ៉ា​ដែល​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី Abbott ស្ម័គ្រចិត្ត​ប្រមូល​ផលិតផល​របស់ខ្លួន​មកវិញ​កាលពី​ថ្ងៃទី ១៧ កុម្ភៈ៕

Advertisement