ប្រធានាធិបតី​អ៊ូ​ហ្ក​ង់​ដា បញ្ជាក់ថា មាន​ករណី​ស្លាប់​ច្រើន​នាក់​ដោយសារ​ជំងឺ​អេ​បូ​ឡា (Ebola)

ការផ្ទុះ​ឆ្លង​រាលដាល​របស់​រោគរាតត្បាត​អេ​បូ​ឡា នៅ ប្រទេស​អ៊ូ​ហ្ក​ង់​ដា ដែល​ត្រូវបាន​ប្រកាស​កាលពី​សប្ដាហ៍​កន្លង បានធ្វើឱ្យ​មានការ​ព្រួយបារម្ភ​អំពី​វិបត្តិ​សុខាភិបាល​ធ្ងន់ធ្ងរ​នៅ​ប្រទេស​នេះ។

កាលពី​ថ្ងៃទី ២៨ កញ្ញា ប្រធានាធិបតី​អ៊ូ​ហ្ក​ង់​ដា Yoweri Museveni បានឱ្យដឹងថា មាន​មនុស្ស​ចំនួន ៥ នាក់ ត្រូវបាន​បញ្ជាក់ថា បាន​ស្លាប់​ដោយសារ អេ​បូ​ឡា នៅ​ប្រទេស​នេះ និង ១៩ ករណី​ទៀត​ក៏​ត្រូវបាន​សង្ស័យថា ស្លាប់​ដោយសារ​ជំងឺ​នេះ ព្រោះ​តែមាន​រោគសញ្ញា​ដូច​ជំងឺ​អេ​បូ​ឡា ប៉ុន្តែ​មិនត្រូវ​បាន​ពិនិត្យ​សំណាក​មុនពេល​ពួកគេ​ស្លាប់។

លោក Museveni បន្ថែមថា ករណី​ឆ្លង​អេ​បូ​ឡា ចំនួន ១៩ នាក់​ក៏ត្រូវ​បាន​រកឃើញ ក្នុងនោះ​មាន​ទាំង​បុគ្គលិក​សុខាភិបាល ៦ នាក់​ផងដែរ។

ក៏ប៉ុន្តែ ប្រធានាធិបតី​អ៊ូ​ហ្ក​ង់​ដា បាន​អះអាងថា នឹង​មិនមាន​ការបិទ​ខ្ទប់​នោះទេ ព្រោះ​យល់ថា ជំងឺ​រាតត្បាត​អេ​បូ​ឡា ងាយ​គ្រប់គ្រង​ជាង កូ​វីដ-១៩។

ការផ្ទុះ​ឆ្លង​រាលដាល​របស់​រោគរាតត្បាត​អេ​បូ​ឡា នៅ ប្រទេស​អ៊ូ​ហ្ក​ង់​ដា ដែល​ត្រូវបាន​ប្រកាស​កាលពី​សប្ដាហ៍​កន្លង បានធ្វើឱ្យ​មានការ​ព្រួយបារម្ភ​អំពី​វិបត្តិ​សុខាភិបាល​ធ្ងន់ធ្ងរ​នៅ​ប្រទេស​ដែលមាន​ប្រជាជន ៤៥ លាន​នាក់​នេះ។

បច្ចុប្បន្ន​មិនទាន់មាន​វ៉ាក់សាំង​សម្រាប់​អេ​បូ​ឡា​ប្រភេទ Sudan ដែលជា​វីរុស​បង្កឱ្យមាន​ករណី​ឆ្លង​ថ្មី​បំផុត​នៅ អ៊ូ​ហ្ក​ង់​ដា។

អេ​បូ​ឡា ភាគច្រើន​ឆ្លងតាម​រយៈ​ការប៉ះពាល់​ជាតិ​ទឹករងៃ​របស់​រាងកាយ​អ្នកជំងឺ។ រោគសញ្ញា​របស់​ជំងឺ​នេះ មានដូចជា អស់កម្លាំង​ខ្លាំង ឈឺ​សាច់ដុំ ឈឺក្បាល និង​ឈឺបំពង់ក ក្អួតចង្អោរ រាក និង​ចេញ​កន្ទួល។

អង្គការ​សុខភាព​ពិភពលោក (WHO) បានឱ្យដឹងថា ការឆ្លង​រាលដាល​របស់​វីរុស Ebola-Sudan មាន​កម្រិត​ទាប​ជាង ធៀប​នឹង Ebola-Zaire ជា​វីរុស​ដែល​បានសម្លាប់​មនុស្ស​ជិត ២,៣០០ នាក់ នៅក្នុង​រលក​នៃ​ការផ្ទុះ​ឆ្លង​ចន្លោះ​ពី​ឆ្នាំ ២០១៨ ដល់ ២០២០ នៅ សាធារណរដ្ឋ​កុង​ហ្គោ៕

Advertisement