រកឃើញ​ប្រភេទ​ឈាម​ដែល​បង្ក​ «ហានិភ័យ​ឆាប់​​ដាច់​សរសៃឈាម​ខួរក្បាល»

(សហរដ្ឋ​អាម៉េរិក)- ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ​វេ​ជ្ជា​សាស្ត្រ Maryland បាន​រកឃើញ​ទំនាក់ទំនង​រវាង​ប្រភេទ​ឈាម និង​អត្រា​ឈឺបេះដូង និង​ឆាប់​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល។

លទ្ធផល​នៃ​ការស្រាវជ្រាវ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Neurology កាលពី​ថ្ងៃទី 03 មករា 2023។ បន្ទាប់ពី​បាន​ពិនិត្យ​លើក​ត្តា​ទាក់ទង​នានា ក្រុម​អ្នកវិទ្យាសាស្ត្រ​ខាងលើ​បាន​រកឃើញថា ឈាម​ប្រភេទ A មាន​ហានិភ័យ​ដាច់​សរសៃឈាម​ខួរក្បាល​ឆាប់​ជាង 18% ធៀប​នឹង​​ក្រុម​ឈាម​ដទៃ។ ចំណែក​អ្នកមាន​ឈាម​ប្រភេទ O មាន​ហានិភ័យ​ទាប​ជាង 12%។

ដើម្បី​ទទួលបាន​លទ្ធផល​នេះ ក្រុម​អ្នកស្រាវជ្រាវ​បាន​វិភាគ​ទិន្នន័យ​ពី​ការស្រាវជ្រាវ​ចំនួន 48 លើក​ដែល​ធ្វើ​ឡើង​ទៅលើ​អ្នក​​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដោយសារ​ខ្វះ​ឈាម​ នៅលើ​មនុ​ស្សវ័យ​ក្រោម 60 ឆ្នាំ។ ក្នុងចំណោម​នោះ​មាន​អ្នកជំងឺ​ដាច់​សរសៃឈាម​ខួរកបាល​ចំនួន 17,000 នាក់ និង​មនុ​ស្សមាន​សុខភាព​ធម្មតា 600,000 នាក់។ អ្នក​ស្រា​ជ្រាវ​ក៏បាន​រកឃើញ​ទំនាក់ទំនង​រវាង​បញ្ហា​ឆាប់​ដាច់​សរសៃឈាម​ខួរក្បាល ជាមួយនឹង​តំបន់​នៃ​ក្រូម៉ូសូម​ដែលមាន​ហ្សែ​ន​កំណត់​ក្រុម​ឈាម (A, B, AB ឬ O)។

ក៏ប៉ុន្តែ បើទោះជា​បាន​រកឃើញថា ឈាម​ប្រភេទ A មាន​ហានិភ័យ​ដាច់​សរសៃឈាម​ខួរក្បាល​ខ្ពស់​ក៏ដោយ ក្រុម​អ្នកស្រាវជ្រាវ​បញ្ជាក់ថា អ្នក​ដែលមាន​ឈាម​ប្រភេទ​នេះ​មិនចាំបាច់​បារម្ភ​ឡើយ។ ពួកគេ​ជឿថា ហានិភ័យ​ដាច់​សរសៃឈាម​កើនឡើង​ គឺ​អាច​បណ្ដាលមកពី​បញ្ហា​​មាន​ឈាមកក។ ការសិក្សា​ស្រាវជ្រាវ​កន្លង​ក៏បាន​បង្ហាញថា អ្នក​ដែលមាន​ឈាម​ប្រភេទ A មាន​ហានិភ័យ​មាន​ឈាមកក​ក្នុង​សរសៃឈាម​ជ្រៅ «​ខ្ពស់​ជាងគេ» ​ផងដែរ៕

Advertisement