WHO ថា «XBB.1.5 អាចជា​វ៉ា​រ្យ៉​ង់​របស់​​អូ​មី​ក្រុង​ដែល​ឆ្លង​លឿន​បំផុត»

លោកស្រី Maria Van Kerkhove

អង្គការ​សុខភាព​ពិភពលោក (WHO) មានការ​ព្រួយបារម្ភ​ចំពោះ XBB.1.5 ដែលជា​វ៉ា​រ្យ៉​ង់​ថ្មី​ក្នុង​​ត្រកូល​អូមីក្រុង​របស់វីរុស​បង្ក​ជំងឺ​កូ​វីដ-19 កំពុង​ឆ្លង​រាលដាល​នៅ សហរដ្ឋ​អាម៉េរិក ដោយ​យល់ថា វា​អាចជា​វីរុស​ដែល​អាច​ឆ្លង​រាលដាល​លឿន​ជាងគេ​បង្អស់។

ក្នុង​ខែធ្នូ 2022 អត្រា​នៃ​ការឆ្លង​កូ​វីដ-19 នៅ សហរដ្ឋ​អាម៉េរិក កើន​ពី 4% ឡើងទៅ 41% ក្នុងនោះ ជិត​ពាក់​កណ្ដាល​គឺ​បង្កឡើង​ដោយ XBB.1.5។ វេជ្ជបណ្ឌិត Ashish Jha មន្ត្រី​សុខាភិបាល​នៅ សេត​វិមាន បានឱ្យដឹងថា នេះ​គឺជា​កំណើន​ដ៏​គួរឱ្យភ្ញាក់ផ្អើល។

ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី 04 មករា 2022 លោកស្រី Maria Van Kerkhove ដែលជា​អ្នកជំនាញ​ផ្នែក​ជំងឺឆ្លង និង​ជា​មេដឹកនាំ​ផ្នែក​បច្ចេកទេស​ស្ដីពី​កូ​វីដ-19 ក៏បាន​យល់ឃើញ​ដូចខាងលើ។ វេជ្ជបណ្ឌិត Van Kerkhove ថ្លែងថា វ៉ា​រ្យ៉​ង់ XBB.1.5 បាន​ឆ្លង​ដល់​ប្រទេស​ចំនួន 29 ហើយ ក្រោយពី​បានបង្ហាញ​ខ្លួន​ដំបូង​នៅ សហរដ្ឋ​អាម៉េរិក។

វេជ្ជបណ្ឌិត Ashish Jha និយាយថា ការស្រាវជ្រាវ​ដើម្បី​ដឹង​អំពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ទៅលើ XBB.1.5 កំពុង​ត្រូវបាន​ធ្វើឡើង។ វ៉ា​រ្យ៉​ង់​នេះ​អាច​ឆ្លង​ផុត​ប្រព័ន្ធ​ភាពស៊ាំ​ដោយ​ងាយ និង​ឆ្លង​រាលដាល​ខ្លាំង ប៉ុន្តែ លោក Jha ថា មិនទាន់​ដឹង​ច្បាស់​ថា វីរុស​ថ្មី​នេះ​អាច​បង្ក​អាការរោគ​ធ្ងន់ធ្ងរ​ជាង​មុន ឬ​អត់​នៅឡើយ។

លោកស្រី Maria Van Kerkhove វិញ បានឱ្យដឹងថា WHO កំពុង​វាយតម្លៃ​ហានិភ័យ​លើ​វ៉ា​រ្យ៉​ង់​ថ្មី​របស់ អូ​មី​ក្រុង​នេះ។

XBB.1.5 គឺជា​ញាតិ​របស់​វ៉ា​រ្យ៉​ង់​ក្នុង​ត្រកូល​អូ​មី​ក្រុង XBB របស់​វីរុស SARS-CoV-2 ដែល​បង្កឱ្យមាន​ជំងឺ​កូ​វីដ-19។ XBB.1.5 កកើតឡើង​ពី​ការរួម​ផ្សំ​រវាង​សាខា​វ៉ា​រ្យ៉​ង់ BA.2.10.1 និង BA.2.75។ យោងតាម WHO បច្ចុប្បន្ន ទាំង XBB និង XBB.1.5 កំពុងមាន​ប្រៀប​ជាង​វ៉ា​រ្យ៉​ង់​ដទៃ​របស់ អូ​មី​ក្រុង។ XBB បាន​ឆ្លង​រាលដាល​ដល់​ប្រទេស​ចំនួន 70 បង្កឱ្យមាន​រលក​នៃ​ការឆ្លង​នៅ​តំបន់​មួយចំនួន​របស់ អាស៊ី រួមមាន​ទាំង ឥណ្ឌា និង​សិង្ហ​បុរី កាលពី​ខែតុលា 2022៕

Advertisement