ការសិក្សា​​​ស្រាវជ្រាវ​៖ «ការធ្វើ​ចំការ​ជួយ​កាត់បន្ថយ​ហានិភ័យ​កើត​ជំងឺមហារីក»

(សហរដ្ឋ​អាម៉េរិក)- ការសិក្សា​ស្រាវជ្រាវ​ថ្មី​បាន​បង្ហាញថា ការធ្វើ​ចំការ​អាច​កែលំអ​សុខភាព​រាងកាយ និង​ផ្លូវចិត្ត ជួយ​កាត់បន្ថយ​ហានិភ័យ​កើត​ជំងឺមហារីក។

លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ខាងលើនេះ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Lancet Planetary Health កាលពី​ថ្ងៃទី 07 មករា 2023។ នេះ​គឺជា​ការសិក្សា​ស្រាវជ្រាវ​បែប​ចៃដន្យ​មានការ​គ្រប់គ្រង​ដំបូង​បង្ហាញថា អ្នកធ្វើ​ចំការ​បរិភោគ​អាហារ​ដែលមាន​ជាតិ​សរសៃ​ច្រើន និង​បញ្ចេញ​កម្លាំង​ច្រើន មាន​ប្រសិទ្ធភាព​ក្នុងការ​កាត់បន្ថយ​ហានិភ័យ​កើត​ជំងឺមហារីក និង​ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន​មុខ​ទៀត នេះ​បើតាម​សាស្ត្រាចារ្យ Jill Litt មកពី​សាកលវិទ្យាល័យ Colorado Boulder ដែលជា​ប្រធាន​ក្រុម​សិក្សា​ស្រាវជ្រាវ​ខាងលើ។

លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ​ត្រូវបានធ្វើ​ឡើងលើ​អ្នកស្ម័គ្រចិត្ត 291 នាក់ ដែល​ចែកជា​ពីរ​ក្រុម រួមមាន ក្រុម​ធ្វើ​ចំការ និង​ក្រុម​មិន​ធ្វើ​ចំការ។

ក្រោយ​មួយរយៈ​ពេល អ្នកស្ម័គ្រចិត្ត​ទាំង 291 នាក់ ត្រូវបាន​សួរនាំ​អំពី​របប​អាហារ សុខភាព​ផ្លូវចិត្ត និង​វាស់​ស្ទង់​ទំហំ​​នានា​របស់​រាងកាយ និង​ពាក់​ម៉ាស៊ីន​តាមដាន​សកម្មភាព។

លទ្ធផល​បង្ហាញថា សារជាតិ​សរសៃ​ជា​មធ្យម​នៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​ក្រុម​អ្នកធ្វើ​ចំការ​ខ្ពស់ជាង 1.4 ក្រាម (7%) ធៀប​នឹង​ក្រុម​មិន​ធ្វើ​ចំការ។ ក្រុម​អ្នកជំនាញ​ឱ្យដឹងថា ជាតិ​សរសៃ​មាន​ឥទ្ធិពល​ទៅលើ​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាងកាយ របៀប​ដែល​មនុស្ស​រំលាយ​អាហារ សុខភាព​របស់​បាក់តេរី​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ កម្រិត​នៃ​ភាព «រសើប» នឹង​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺមហារីក​មួយចំនួន។

បរិមាណ​នៃ​ជាតិ​សរសៃ​ដែល​សមស្រប​សម្រាប់​មនុស្ស​ម្នាក់​​គឺ​ពី 25-38 ក្រាម​ជា​រៀងរាល់ថ្ងៃ។ ប៉ុន្តែ មនុស្សពេញវ័យ​នៅ​ទីក្រុង តែង​តែ​បរិភោគ​តិចជាង 16 ក្រាម។ «បន្ថែម​ជាតិ​សរសៃ 1 ក្រាម អាច​ជះឥទ្ធិពល​វិជ្ជមាន​ដល់​សុខភាព» នេះ​បើតាម James Hebert សហប្រធាន​នៃ​ក្រុម​ស្រាវជ្រាវ​ខាងលើ និង​ជា​ប្រធាន​កម្មវិធី​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺមហារីក​របស់​សាកលវិទ្យាល័យ Carolina ខាងត្បូង។

ក្រុម​អ្នកធ្វើ​ចំការ​ក្នុង​ការសិក្សា​នេះ បញ្ចេញ​កម្លាំង​យូរ​ជាង 42 នាទី ធៀប​នឹង​ក្រុម​មួយទៀត។ ស្ថាប័ន​សុខាភិបាល​ណែ​នាំឱ្យ​ហាត់ប្រាណ​ឱ្យបាន​យ៉ាងតិច 150 នាទី​ជា​រៀងរាល់​សប្ដាហ៍។

ក្រុម​អ្នកស្ម័គ្រចិត្ត​ក៏បាន​ឱ្យដឹងថា ការធ្វើ​ចំការ​ក៏​ជួយ​កាត់បន្ថយ​បញ្ហា​ថប់​អារម្មណ៍ និង​ភាព​តានតឹង​ក្នុង​ចិត្តផងដែរ​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​បញ្ជាក់ថា សូម្បីតែ​អ្នក​ទើបតែ​ចាប់​ផ្ដើមធ្វើ​ចំការ​ក៏​អាច​ទទួលបាន​ផលប្រយោជន៍​ច្រើន​ផ្នែក​សុខភាព​៕

Advertisement