ផឹកទឹក​មិន​បាន​គ្រប់គ្រាន់​ មាន​ហានិភ័យ «​ឆាប់​ស្លាប់ជាង​ 20%»

(សហរដ្ឋ​អាម៉េរិក) – ការសិក្សា​ស្រាវជ្រាវ​បាន​បង្ហាញថា មនុស្សពេញវ័យ​ដែល​ផឹកទឹក​មិនបាន​គ្រប់គ្រាន់​អាច​ចាស់​មុន​អាយុ ប្រឈម​នឹង​ហានិភ័យ​កើត​ជំងឺ​រ៉ាំរ៉ៃ​ខ្ពស់ នាំឱ្យ​ឆាប់​ស្លាប់។

លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ដែល​ត្រូវ​បានប្រកាស​នៅលើ​ទស្សនាវដ្ដី​វេជ្ជសាស្ត្រ Lancet កាលពី​ថ្ងៃទី 06 មករា 2023 គឺជា​ការស្រាវជ្រាវ​រប​ស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​វិទ្យាស្ថាន​ជាតិ​អាម៉េរិក។ ក្នុង 25 ឆ្នាំ​កន្លង ពួកគេ​បាន​វិភាគ​លទ្ធផល​នៃ​ការពិនិត្យ​សុខភាព​របស់​មនុស្សពេញវ័យ​ជាង 11,000 នាក់​នៅ សហរដ្ឋ​អាម៉េរិក ដែលមាន​អាយុ​ពី 45 ដល់ 66 ឆ្នាំ។

យោងតាម​បណ្ឌិត Natalia Dmitrieva មកពី​វិទ្យាស្ថាន​បេះដូង សួត និង​ឈាម នៃ​វិទ្យាស្ថាន​ជាតិ ដែលជា​ប្រធាន​ក្រុម​ស្រាវជ្រាវ ការបន្ថែម​ជាតិ​ទឹក​ដល់​រាងកាយ​នឹង​ជួយបន្ថយ​​ល្បឿន​នៃ​ការវិវត្ត​ទៅរក​ភាព​ចាស់។ ក្រុម​អ្នកជំនាញ​តាមដាន​បរិមាណ​ជាតិ​​ទឹកជា​មធ្យម​ដែល​បញ្ចូល​ទៅក្នុង​រាងកាយ​របស់​អ្នកស្ម័គ្រចិត្ត ដោយ​ការ​ពិនិត្យមើល​កំហាប់រ​បស់ សូ​ដ្យូ​ម​ក្នុង​ឈាម។ កំហាប់​សូ​ដ្យូ​ម​កាន់តែ​ខ្ពស់ មាន​ន័យ​ថា ​មនុស្ស​នោះ​ផឹកទឹកកា​ន់តែ​តិច។

បរិមាណ​មធ្យម​នៃ​សូ​ដ្យូ​ម​ក្នុង​រាងកាយ​របស់​អ្នកស្ម័គ្រចិត្ត​គឺ​ពី 135 ដល់ 146 millimole/លីត្រ។ មនុស្ស​ដែលមាន​បរិមាណ​សូ​ដ្យូ​ម​ខ្ពស់ជាង​កម្រិត​មធ្យម​នេះ មាន​សញ្ញា​នៃ​ភាព​ចាស់​ខ្ពស់ជាង 50%។ សញ្ញា​នៃ​ភាព​ចាស់​ទាំងនេះ​រួមមាន ខ្លាញ់​អាក្រក់​​ខ្ពស់ សម្ពាធ​ឈាម និង​ជាតិ​ស្ករ​កើនឡើង ចំណែក​ភ្នែក​ក៏​​រូង និង​ស្បែក​ស្ងួត។

«មនុស្ស​វ័យ​កណ្ដាល​ដែលមាន​ផ្ទុក​សារ​ជាតិ​​សូ​ដ្យូ​ម​ក្នុង​ឈាម​លើសពី 142 mmol/លីត្រ មាន​ហានិភ័យ​ស្លាប់​ខ្ពស់ជាង​ក្នុង​ផ្នែក​ជីវសាស្ត្រ ហើយ​​ហានិភ័យ​ឆាប់​ស្លាប់​កើន 20%» លទ្ធផល​នៃ​ការស្រាវជ្រាវ​បញ្ជាក់​ដូច្នេះ។

អ្នក​​ទាំង​ឡាយ​ដែល​ផឹកទឹក​តិច ផឹកទឹក​មិន​គ្រប់គ្រាន់ ប្រឈម​នឹង​ជំងឺ​វិ​វត្ត​ទៅជា​ធ្ងន់ធ្ងរ​ដែល​អាច​បណ្ដាលឱ្យ​ស្លាប់ ក្នុងនោះ​ជំងឺខ្សោយបេះដូង ដាច់​សរសៃឈាម​ខួរក្បាល ទឹកនោមផ្អែម បាត់បង់​ការចងចាំ និង​ជំងឺ​សួត​រ៉ាំរ៉ៃ។

យោងតាម NY Post សហរដ្ឋ​អាម៉េរិក ណែ​នាំឱ្យ​ផឹកទឹក​ឱ្យបាន​ពី 8 ទៅ 10 កែវជា​រៀងរាល់ថ្ងៃ។ ក៏ប៉ុន្តែ ការស្រាវជ្រាវ​កាលពី​ឆ្នាំ 2020 បាន​បង្ហាញថា មនុស្សពេញវ័យ​ប្រហែល​តែ 20% ប៉ុណ្ណោះ​ដែល​ផឹក​ទឹកបាន​គ្រប់គ្រាន់។ នៅពេល​មនុស្ស​កាន់តែ​ចាស់ អារម្មណ៍​នៃ​ការ​ស្រេកទឹក​ក៏​កាន់តែ​ថយចុះ ហើយ​ពួកគេ​ពិបាក​ដឹងបាន​ថា ខ្លួន​កំពុង​ខ្វះ​ជាតិ​ទឹក៕

Advertisement