10 វិធីបន្ថយអាការក្អកឱ្យជាលឿនបំផុត

កើត​ជំងឺ​គ្រុនផ្ដាសាយ ហឺត ស្ងួត​ក ឆ្លង​មេរោគ​ក្នុង​ប្រព័ន្ធ​ដកដង្ហើម ប្រតិកម្ម​ចាញ់ ជក់បារី របេង បំពង់ខ្យល់​រីក និង​ផលប៉ះពាល់ផ្សេងៗពី​ថ្នាំ​មួយចំនួន ទាំងអស់នេះ​គឺជា​មូល​ហេតុដែល​ធ្វើឱ្យ​អ្នកកើត​អាការ​ក្អក ទាំង​ក្អក​ស្ងួត ក្អកមាន​ស្លេស្ម៍ ឬ​ក្អក​រ៉ាំរ៉ៃ ជាដើម តែ​មិន​ថា​ក្អក​បែបណាក៏ដោយ ក៏​វា​សាង​នូវ​ក្ដី​រំខាន​ដល់​អ្នក​រហូត​ទាំងយប់​ទាំង​ថ្ងៃ​ដែរ។ ពេលខ្លះ​ក្អក​ឡើង​ក្រហមមុខ ហើយ​ថែមទាំង​ក្អក​នៅក្នុង​ទីសាធារណៈ ដូចជា​នៅក្នុង​រថយន្តក្រុង​ជាដើម ក៏​ខ្លាច​គេឯង​សម្លឹងមុខ​ទៀតផង។ តែ​មិន​អី​ទេ ឡា​រ៉ែ​ន យល់ចិត្ត​លោកអ្នក​ចំពោះ​បញ្ហា​នេះ ទើប​ចង់​សូម​ណែនាំ​ពី​វិធី​បន្ថយ​អាការ​ក្អក​នេះ​ឱ្យ​ថយចុះ​យ៉ាង​លឿន​បំផុត ដែល​ទាំង​ងាយស្រួល និង​បាន​ផល​ល្អ​យ៉ាងពិត​ប្រាកដ។

1. ញ៉ាំ​ទឹក​ឱ្យ​ច្រើនឡើង
ចាប់ផ្ដើមងាយៗជាមួយនឹង​ការ​ញ៉ាំ​ទឹក​ក្នុងមួយថ្ងៃៗឱ្យបាន​ច្រើនឡើង។ អ្នកណា​ដែលមាន​ស្លេស្ម៍​នៅក្នុង​បំពង់ក ទឹកនឹង​ជួយ​រំលាយ​ស្លេស្ម៍​ឱ្យ​តិច​ចុះ​បាន ចំណែក​អ្នកណា​ដែលមាន​អាការ​ក្អកស្ងួតវិញ ទឹក​ក៏​ជួយ​ឱ្យមាន​សំណើម​នៅក្នុង​បំពង់ក​បានដែរ និង​ធ្វើឱ្យ​អា​ការឈឺ​ក្រហាយ​ក្នុង​បំពង់ក​ថយចុះ​បាន​ដូចគ្នា។

2. ញ៉ាំ​ទឹក​ក្ដៅឧណ្ហៗ
បើ​ជ្រើស​រើសយក​ការ​ញ៉ាំ​ទឹក​ឱ្យ​ច្រើនឡើង​ហើយ​នោះ ក៏​គួរ​ជ្រើសរើស​ញ៉ាំ​ទឹក​ក្ដៅឧណ្ហៗជំនួស​ការ​ញ៉ាំ​ទឹក​ត្រជាក់​វិញ ព្រោះ​ទឹក​ក្ដៅឧណ្ហៗនឹង​ជួយ​រំលាយ​ស្លេស្ម៍ និង​ផ្ដល់​សំណើម​នៅក្នុង​បំពង់ក​បានល្អ​ជាង​ទឹក​ត្រជាក់។ ក្រៅពីនេះ​នៅ​អាច​ជ្រើសរើស​ញ៉ាំ​ទឹក​ក្ដៅឧណ្ហៗលាយ​ទឹកឃ្មុំ និង​ក្រូចឆ្មារ​ក្នុង​ចន្លោះពេល​ថ្ងៃ​បាន​ផងដែរ។

3. ងូតទឹក​ក្ដៅឧណ្ហៗ
ខាងក្នុង​កក់ក្ដៅ​ហើយ ខាងក្រៅ​ក៏ត្រូវ​តែ​កក់ក្ដៅ​ផងដែរ។ ការ​ងូតទឹក​ក្ដៅឧណ្ហៗ ក្រៅពី​នឹង​ជួយ​កាត់បន្ថយ​សំបោរ​បាន​ហើយ នៅ​ល្អ​ចំពោះ​រាងកាយ​របស់​អ្នក​កើត​ជំងឺផ្ដាសាយ និង​កើត​ប្រតិកម្ម​ចាញ់ផ្សេងៗបាន​ទៀតផង។

4. បៀម​ថ្នាំ​បំបាត់​ក្អក
កុំ​គិតថា អាការ​ក្អក​នឹង​បាត់​ទៅវិញ​ដោយ​ឯកឯង​ឱ្យសោះ។ បើ​កើត​អាការ​ក្អកជាប់ៗគ្នា​ឡើង​កោង​ខ្លួន​ដូច​បង្គា ក្អក​ឡើង​មិត្ត​ភក្តិ​ជិតខាង​ធុញទ្រាន់​ហើយ​នោះ គួរ​ប្រញាប់​រក​ថ្នាំ​បំបាត់​ក្អក​មក​បៀម​ជាបន្ទាន់ ព្រោះ​ក្នុង​ថ្នាំ​បំបាត់​ក្អក​នឹងមាន​ផ្នែក​ផ្សំ​ដែល​នឹង​ជួយ​កាត់បន្ថយ​អាការ​ក្រហាយ​នៅក្នុង​បំពង់​កបាន។

5. ប្រើ​ម៉ាស៊ីន​ធ្វើឱ្យមាន​សំណើម​ក្នុង​អាកាសធាតុ
ផ្ទះ​ណា​ដែល​បើក​ម៉ាស៊ីនត្រជាក់​គេង ដល់ពេល​យប់​ជ្រៅ អាកាសធាតុ​អាច​នឹង​ស្ងួត​រហូត​ធ្វើឱ្យ​អាការ​ក្អក​ធ្ងន់ធ្ងរ​ឡើង​ជាង​មុន ហើយទោះជា​អាកាសធាតុ​នៅក្នុង​ផ្ទះ​អ្នកហាក់ដូចជា​ក្ដៅ​សើម​ស្រាប់​ហើយក៏​ដោយ តែ​សម្រាប់​អ្នកជំងឺ​ដែលមាន​អា​ការឈឺ​ក្រហាយ​បំពង់ក​ស្រាប់​ហើយ​នោះ ធាតុអាកាសស្ងួតៗ ត្រជាក់ៗនឹង​រឹតតែ​ធ្វើឱ្យ​អាការ​ក្អក​កម្រើក​ធ្ងន់ធ្ងរ​ឡើង​ជាង​មុន និង​អាចមាន​អាការ​តឹង​ច្រមុះ​រួមជាមួយ​ផង ដូច្នេះ​បើសិន​ប្រើ​ម៉ាស៊ីន​ធ្វើឱ្យមាន​សំណើម​ក្នុង​បន្ទប់​គេង​ផង​នោះ ក៏​នឹង​ជួយ​សម្រាល​អាការ​ក្អក និង​ឈឺ​ក្រហាយ​បំពង់​កបាន។
កំណត់សម្គាល់: ម៉ាស៊ីន​ធ្វើ​សំណើម ជា​ម៉ាស៊ីន​ដែល​ដោត​ភ្លើងអគ្គិសនី​ហើយ​មាន​ចំហាយ​ទឹក​បាញ់​ចេញមក អាច​បន្ថែម​ភាព​សើម​នៅក្នុង​អាកាសធាតុ​ក្នុង​បន្ទប់​បាន(មន្ទីរពេទ្យ​មួយចំនួន​នឹងមាន​ម៉ាស៊ីន​បន្ថែមសំណើម​នេះ​នៅក្នុង​បន្ទប់​អ្នកជំងឺ)។ វា​នឹងមាន​ក្លិនក្រអូប ឬ​គ្មាន​ក្លិន ស្រេច​តែ​ចំណង់​ចំណូលចិត្ត តែបើ​ជ្រើសរើស​មាន​ក្លិន ក៏​នឹង​ជួយ​ឱ្យ​គេង​លក់​ស្រួល ដូចជា ​ក្លិន​ផ្កា​ខា​បូ​ម៉ា​យ​ដ៍ ក្លិន​ផ្កា​ឡា​វេន​ឌើ​រ ក៏​នឹង​ជួយ​ឱ្យ​អ្នកងាយ​គេង​លក់ និង​សម្រាក​បាន​ពេញទំហឹង​ទៀតផង។

6. តម​ជក់បារី
អ្នកណា​ដែល​ជក់បារី គួរ​តម​ជក់បារី​ដាច់ខាត​ក្នុងអំឡុង​ពេលដែល​កើត​អាការ​ក្អក ព្រោះ​ការជក់បារី​នឹងធ្វើ​ឱ្យ​ក្រហាយ​បំពង់ក​កាន់តែខ្លាំង​ឡើង និង​ថែមទាំង​អាចធ្វើឱ្យ​កើត​ស្លេស្ម៍​ច្រើនឡើង​បាន​ទៀតផង(តែ ឡា​រ៉ែ​ន ​ចង់​ណែនាំ​ឱ្យ​ឈប់​ជក់បារី​តែម្ដងទៅ​ល្អ​ជាង)។ តែបើ​លោកអ្នក​មិនមែនជា​អ្នក​ជក់បារី​ទេនោះ ក៏​គួរ​ស្ថិតនៅ​ឱ្យ​ឆ្ងាយ​ពី​អ្នក​ជក់បារី ឬ​ក្រុមមនុស្ស​ដែល​ជក់បារី​ដូចគ្នា។

7. តម​ប្រើ​ទឹកអប់ និង​ស្រៃយ៍ផ្សេងៗ
គ្រឿងផ្សំ​របស់​ទឹកអប់ និង​ស្រៃយ៍ផ្សេងៗ (រួមទាំង​​ស្រៃយ៍ក្រអូប​ដែល​បាញ់​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់់​ផង) ធ្វើឱ្យ​រន្ធ​ច្រមុះ​កើត​អាការ​ស្ងួត​ក្រហាយ និង​អាចជា​មូល​ហេតុដែល​ធ្វើឱ្យ​កើតមាន​ស្លេស្ម៍​ច្រើនឡើង ឬ​ក្អក​រ៉ាំ​រ៉ៃបាន។

8. ចៀសវាង​ពី​ធូលី​ដី និង​ផ្សែងផ្សេងៗ
ក្រៅពី​ទឹកអប់ និង​​ស្រៃយ៍ហើយ អាកាសធាតុ​ជុំវិញខ្លួន ដូចជា​ អាកាសធាតុស្ងួតៗពី​ម៉ាស៊ីនត្រជាក់​ក្នុង​ការិយាល័យ ធូលី​ផ្សែង​ពី​បំពង់​សឺ​ម៉ាំង​ឡាន ផ្សែង​ពី​ការ​ចម្អិន​ម្ហូបអាហារ ធាតុអាកាស​ពុល​ទាំងអស់នេះ​អាចធ្វើឱ្យ​កើត​អាការ​ស្ងួត​ក្រហាយ​រន្ធ​ច្រមុះ និង​បំពង់​កបាន ដូច្នេះ​ខណៈដែល​កើត​អាការ​ក្អក គួរ​ពាក់​ម៉ាសបាំង​មាត់ និង​ច្រមុះ​ដើម្បី​ការពារ​ខ្លួនឯង​ពី​ធាតុអាកាស​ពុល​ទាំងនោះ​ផង។

9. គេង​សម្រាក​ឱ្យបាន​ច្រើនឡើង
ភាគច្រើន​ទៅ អាការ​ក្អក​ដែល​អាក្រក់ទៅជារឿយៗ ឬ​មិន​ងាយ​ជា​នោះ គឺ​ដោយសារតែ​រាងកាយ​មិនមាន​ពេលវេលា​ក្នុងការ​ជួសជុល​ខ្លួនឯង ព្រោះ​អ្នកប្រើប្រាស់​រាងកាយ​របស់​អ្នក​ធ្ងន់ធ្ងរ​ជ្រុល​ពេក រហូត​មាន​ពេល​សម្រាក​តិចតួច​បំផុត​ហ្នឹងឯង ដូច្នេះ​បើសិន​ដឹងខ្លួន​ថា​ឈឺ ក្អក​ខ្លាំង គួរ​ប្រញាប់​ចូល​គេង​តាំងពី​ក្បាល​ព្រលប់ តាំងពី​ធាតុអាកាស​នៅ​មិនទាន់​ត្រជាក់​ខ្លាំង និង​សម្រាក​ឱ្យបាន​គ្រប់គ្រាន់។

10. ទៅ​ជួប​គ្រូពេទ្យ
វិធី​ចុងក្រោយ​ដែល​អាច​ពឹង​បាន គឺ​ការ​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ឱ្យដឹង​គ្នា​តែម្ដងទៅ ព្រោះ​អាការ​ក្អក​ដែល​អ្នកកើតមក​យូរហើយ និង​ធ្វើ​គ្រប់​វិធី​ហើយក៏​នៅតែ​មិន​បាត់​ទៀត​នោះ អាច​នឹង​មិនមែនជា​អាការ​ក្អកធម្មតាៗនោះទេ អាចជា​អាការ​ដំបូង​ដែលជា​សញ្ញា​ដាស់តឿន​ពី​ជំងឺ​គ្រោះថ្នាក់ផ្សេងៗដែល​នឹង​កើត​នៅពេល​ក្រោយ ដូច្នេះ​ការ​ទៅ​ជួប​លោកគ្រូ​ពេទ្យ​គឺជា​រឿង​ចាំបាច់​បំផុត​សម្រាប់​នរណា​ក៏ដោយ​ដែលមាន​អាការ​ក្អកមិន​ធូរស្រាល​សោះ​ក្នុង​រយៈពេល 1-2សប្ដាហ៍៕

Advertisement