ស្ករ និងអំបិល តើមួយណាបំផ្លាញរាងកាយខ្លាំងជាង?

រាល់ថ្ងៃនេះ អ្នក​តែង​បានឮ​គេ​និយាយថា ធ្វើ​អ្វី​ក៏ដោយ ចូរ​រក្សា​ភាព​ល្មម រក្សា​ចំណុចកណ្ដាល​ឱ្យបាន(កុំ​ជ្រុល​ពេក និង​ក៏​កុំ​តិចពេក​ដែរ) ជាពិសេស​ក្នុង​រឿង​ការ​ទទួលទាន​អាហារ។ តែ​ពេល​និយាយ​អំពី​រឿង​ស្ករ និង​អំបិល​វិញ អ្នក​ក៏​ធ្លាប់​បានឮ​មក​ច្រើន​ដែរ​ថា បើ​ទទួលទាន​ក្នុង​បរិមាណ​ច្រើន​ជ្រុល​ពេក នឹង​ហុច​ផល​អាក្រក់​ដល់​រាងកាយ​របស់​អ្នក តែ​វា​ប្រាកដ​ណាស់​ថា ទាំង​ស្ករ និង​អំបិល​គឺ​សុទ្ធ​តែមាន​ភាព​សំខាន់​ចំពោះ​រាងកាយ​របស់​អ្នក ដោយ​ខួរក្បាល​ត្រូវការ​ស្ករ ដើម្បី​បង្កើន​កម្លាំង​ថាមពល ឯ​សាច់ដុំ​ក៏ត្រូវ​ការ​អំបិល​ដើម្បី​សាង​តុល្យភាព​ជាដើម។ សាស្ត្រាចារ្យ​មកពី​មហាវិទ្យាល័យ Touro College នៅ​ទីក្រុង​ញី​វ​យ៉​កបាន​និយាយថា ការទទួល​ទាន​ស្ករ និង​អំបិល​ច្រើន​ជ្រុល​ពេក នឹង​ហុច​ផលប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ច្រើនណាស់ ដូច្នេះ​ពេលនេះ​សូម​មក​មើល​ពី​ផលប៉ះពាល់​ដល់​រាងកាយ​ដោយសារ​ស្ករ និងអំបិល​វិញ​ប្រសើរ​ជាង។

ស្ករ
បើ​អ្នក​ទទួលទាន​អាហារ​ពី​ធម្មជាតិ អ្នកនឹង​បានជា​តិ​ស្ករ​ក្នុង​បរិមាណ​មិន​ច្រើន​ប៉ុន្មាន​ទេ។ អាហារ​ធម្មជាតិ​ដែលមាន​ជាតិ​ស្ករ ច្រើនតែ​មកពី​ផ្លែឈើ តែ​បញ្ហា​របស់​អ្នក​ស្ថិតនៅត្រង់​ការទទួល​ទាន​ជាតិ​ស្ករ​ដែល​បានមកពី​ការ​ចម្រាញ់ ហើយ​អ្នក​បន្ថែម​វា​ចូលទៅក្នុង​អាហារ​ដែល​អ្នក​ទទួលទាន ដើម្បី​បង្កើន​រសជាតិ។

បើ​អ្នក​សាកល្បង​មក​មើល​អាហារ​ធម្មជាតិ ដូចជា ទឹកដោះ និង​ទឹក​ផ្លែឈើ 100% វិញ​នោះ អាហារ​ពពួក​នេះ​មាន​ជាតិ​ស្ករ​ពី​ធម្មជាតិ និង​មាន​ថាមពល​មួយចំនួន ខណៈពេល​ជាមួយគ្នា​ក៏មាន​គុណ​តម្លៃ​ខាង​អាហារផ្សេងៗទៀតផង​ដែរ ដូចជាវីតាមីន សារធាតុ​រ៉ែប្រូ​តេ​អ៊ីន​ក្នុង​ទឹកដោះ និង​ប៉ូ​លី​ហ្វ៊ី​ណុល​ជាដើម។ ចំណែក​ភេសជ្ជៈ​ដែល​លាយ​ស្ករ ដូចជា ទឹកក្រូច​កំប៉ុង តែ ឬ​កាហ្វេ​ទឹកដោះគោ ពពួក​នេះ​ច្រើន​មាន​ស្ករ​ជា​ចម្បងខណៈដែល​គុណ​តម្លៃ​ខាង​អាហារ​មានតិចតួចហើយ​ពួក​នំផ្សេងៗក៏​ដូចគ្នា​ដែរ។ អាហារ​ពពួក​នេះ​គ្មាន​កាក​សរសៃ​អាហារ ប្រូ​តេ​អី​ុ​ន វីតាមីន ឬ​សារធាតុ​រ៉ែ ដែលមាន​ប្រយោជន៍​ដល់​រាងកាយ​ច្រើន​ទេ ដូច្នេះ​ទើប​មិនមែនជា​រឿង​ប្លែក​ឡើយ​ដែល​អ្នក​ទទួលទាន​រប​ស់​ប្រភេទ​នេះ​ចូលទៅច្រើនៗ នឹង​កើតរោគ​ធាត់ និង​ខ្វះ​សារធាតុ​អាហារ​ដែល​ចាំបាច់។

អ្នកជំនាញ​ខាង​ភោជនាហារ​មកពី​រដ្ឋ​តិច​សាស់​បាន​និយាយថា ស្ករ​គ្រប់​ប្រភេទ មិនថាតែ​ស្ករស ទឹក​ស្ករ ឬ​ស្ករត្នោត​នោះឡើយ សុទ្ធតែ​ហុច​ផល​ដល់​រាងកាយ​មិន​ខុសគ្នា​ឡើយ នោះ​គឺវា​នឹង​ទៅ​បង្កើន​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​ដែលជា​ហេតុនាំឱ្យ​មានការ​ផលិត​អី​ុ​ន​ស៊ូ​លីន ហើយ​រាងកាយ​របស់​អ្នកនឹង​បញ្ចេញ​អ៊ីន​ស៊ី​លីន​នេះ ដើម្បី​បណ្ដេញ​ជាតិ​ស្ករ​ចេញពី​ក្នុង​ឈាមទៅ​កោសិកា ដើម្បី​ប្រើប្រាស់​ក្នុង​ការផ្ដល់​កម្លាំង​ថាមពល។ កម្មវិធី​នេះ​ក៏​ជា​កម្មវិធី​ទូទៅ​មួយ​របស់​រាងកាយ​ដែរ តែ​បើសិនជា​ពេលណា​អ្នក​បរិភោគ​ស្ករ​ច្រើន​ជ្រុល​ពេក កម្មវិធី​ប្រមូល​សន្សំ​ជាតិ​ខ្លាញ់​នឹង​ធ្វើការ​ច្រើនឡើង រឹតតែ​រាងកាយ​សាង​អ៊ីន​ស៊ូ​លីន​ច្រើនឡើង​ពេលណា ក៏​នឹង​រឹតតែ​សន្សំ​ខ្លាញ់​ច្រើនឡើង​ពេលនោះ​ដែរ លុះ​យូរថ្ងៃ​ទៅក៏​អភិវឌ្ឍ​ទៅជា​រោគ​ទឹកនោមផ្អែម​ប្រភេទ​ទី2 ហើយនឹង​បង្កើន​ភាព​ប្រថុយប្រថាន​ដល់​ការ​កើតរោគ​ក្រលៀន រោគ​បេះដូង និង​រោគ​សរសៃឈាម​កកស្ទះ​ទៀតផង។

ការដែល​រាងកាយ​បានទទួល​ជាតិ​ស្ករ​ច្រើនជ្រុល​ពេក ជាពិសេស​ស្ករ​ចម្រាញ់ នឹង​ធ្វើឱ្យ​ប្រព័ន្ធ​ការរំលាយ​បឺត​ជ្រាប​អាហារ​របស់​អ្នក​ប្រែប្រួល​ទៅតាម​នោះដែរ។ ការ​រលាក​ក្លាយ​នឹង​ងាយ​កើតឡើង និង​នាំ​ឆ្ពោះទៅរក​ជំងឺ​ចង្រៃ​ច្រើនយ៉ាង។ លោក Rachel Head អ្នកជំនាញ​ការ ដែល​ធ្វើការស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​ជំងឺ​ទឹកនោមផ្អែម​បាន​ប្រាប់ថា មានការ​សិក្សា​ស្រាវជ្រាវ​មួយ​បាន​រកឃើញ​ភាព​ពាក់ព័ន្ធ​គ្នា​របស់​ការបរិភោគ​ស្ករ​ច្រើន​ជ្រុល​ពេក ជាមួយនឹង​ការ​មាន​កម្រិត​ខ្លាញ់​ក្នុង​ឈាម​ខុស​ប្រក្រតី លើសឈាម ជំងឺថ្លើមជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ និង​ជំងឺ​បេះដូង។

អំបិល
យើង​នាំគ្នា​មក​មើល​ផល​អាក្រក់​ពី​ការបរិភោគអំបិល​ច្រើន​ជ្រុល​ពេក(ទទួលទាន​ប្រៃ)វិញ​ម្ដង។ ប្រាកដ​ណាស់​ថា រាងកាយ​របស់​អ្នកត្រូវការ​អំបិល​ ដើម្បី​ធ្វើការ​ងារ​ដែល​តុល្យភាព​របស់​កោសិកា​ក្នុង​រាងកាយ តែ​អំបិល​ដែល​ច្រើន​ជ្រុល​ពេក ក៏​ហុច​ផលប៉ះពាល់​ដល់​រាងកាយ​របស់​អ្នក​បានដូចគ្នា។ អ្នកជំនាញការ​បាន​និយាយថា សម្រាប់​មនុស្ស​ដែលមាន​សុខភាព​ល្អ ការបានទទួល​អំបិល​ក្នុង​បរិមាណ​មធ្យម​ដល់​ច្រើន​បន្តិច​ក៏ដោយក៏​រាងកាយ​របស់​អ្នកចាត់ការ​បានដែរ តែ​បើសិនជា​បានទទួល​ក្នុង​បរិមាណ​ដែល​ច្រើន​ជ្រុល​ពេកជាប់ៗគ្នា​រយៈពេល​យូរ​នោះ វា​នឹង​ហុច​ផលប៉ះពាល់​ដល់​រាងកាយ​យ៉ាងពិត​ប្រាកដ។ មានការ​ណែនាំ​ថា អ្នក​គួរ​ទទួលទាន​អំបិល​ក្នុង​មួយថ្ងៃ​ឱ្យ​តិចជាង2,300មី​ល្លី​ក្រាម ឬ​ប្រមាណ​ជា1ស្លាបព្រា​កាហ្វេ​តែប៉ុណ្ណោះ។ តែ​មនុស្ស​ភាគច្រើន​នាំគ្នា​បរិភោគ​ប្រមាណ​ជា 3,400មី​ល្លី​ក្រាម​ក្នុង​1ថ្ងៃ។

អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ដែល​អ្នកជំនាញការ​ជឿថា សូ​ដ្យូ​ម​ធ្វើឱ្យ​កើត​សភាវ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ការដែល​អ្នក​មិនអាច​គ្រប់គ្រង​សម្ពាធ​ឈាម​បាន​នោះ នឹង​នាំ​ឆ្ពោះទៅរក​បញ្ហា​សុខភាព​ជាច្រើន ទាំង​ជំងឺ​បេះដូងសរសៃឈាម​កកស្ទះ និង​រោគ​ក្រលៀន។ វេជ្ជបណ្ឌិត​ជំនាញ​បាន​និយាយថា រាងកាយ​របស់​មនុស្ស​មួយចំនួន​មាន​ភាព​រហ័ស​ជាមួយ​អំបិល​ណាស់ រឹតតែ​បើសិនជា​អ្នកណា​ដែលមាន​សភាវសម្ពាធ​ឈាម​ឡើង​ខ្ពស់​ផង​នោះ រឹតតែ​ត្រូវ​ប្រយ័ត្ន​ខ្លាំង។ អាហារ​ដែល​អ្នកទទួល​ទាន​តាម​ភោជនីយដ្ឋាន​មាន​អំបិល​ច្រើន ក្រៅពីនោះ​នៅ​ពេញ​ទៅ
ដោយ​ខ្លាញ់ និង​ផ្ដល់​ថាមពល​ខ្ពស់​ទៀតផង ដូច្នេះ​បើ​សុខភាព​របស់​អ្នក​មិន​រឹងមាំ មាន​សភាវ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ផង​នោះ គួរ​ធ្វើ​ម្ហូបអាហារ​ដោយ​ខ្លួនឯង​ទទួលទាន​នៅផ្ទះ​វិញ​ប្រសើរ​ជាង។

ដូច្នេះ បើ​ចង់ឱ្យ​សរុប​នោះ​គឺ មិនថាតែ​ស្ករ ឬ​អំបិល​នោះទេ បើ​ទទួលទាន​ក្នុង​បរិមាណ​ដែល​ច្រើន​ជ្រុល​ពេក គឺ​នឹង​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​ដល់​រាងកាយ​ធ្ងន់ធ្ងរប៉ុនៗគ្នា​ហ្នឹងឯង៕

Advertisement