វិធីជួយសង្គ្រោះ​មនុស្សឱ្យ​រួច​ផុតពី​ការ​ឆក់​ខ្សែភ្លើង

ស្មេរ​បាន​អានព័ត៌មាន​មួយ​នៅក្នុង​សារព័ត៌មាន​បរទេស​ដែល​និយាយ​អំពី​កូនប្រុស​អាយុ5ឆ្នាំ​ម្នា​ក់បាន​ជួយ​ម្ដាយ​របស់ខ្លួន​ដែល​ត្រូវ​ខ្សែភ្លើង​ឆក់​ឱ្យ​រួច​រស់​ជីវិត​ឡើងវិញ​ដោយ​ការ “ធាក់” ព្រោះ​ធ្លាប់​ឃើញ​នៅក្នុង ​ខ្សែភាពយន្តឯកសារ​នៅក្នុង​ទូរទស្សន៍។ អាន​ចប់​ហើយ ស្មេរ​មាន​អារម្មណ៍​រំភើបចិត្ត និង​នឹក​ស្ងើចសរសើរ​ក្នុង​ចិត្ត​ដែល​ក្មេងប្រុស​តូច​មួយ​មានចំណេះដឹង​ក្នុង​រឿង​ការជួយសង្គ្រោះ​មនុស្ស​ពី​ការ​ឆក់​ខ្សែភ្លើង​បាន តែ​ការ​ធាក់ខ្លាំងៗនេះ​ជា​វិធី​ដែល​ត្រឹមត្រូវ​ឬទេ? ឬ​មាន​វិធី​ផ្សេងទៀត​ដែល​អាចជួយ​សង្គ្រោះ​អ្នក​ដែល​ត្រូវ​ខ្សែភ្លើង​ឆក់​បាន​ដូចគ្នា​ដែរ? ដូច្នេះ​សូម​នាំគ្នា​តាមដាន​ជា​បន្ត។

វិធី​ជួយសង្គ្រោះ​ពី​ការ “ឆក់​ខ្សែភ្លើង”

ក្នុងករណី​ខ្លួនឯង​ត្រូវ​ខ្សែភ្លើង​ឆក់
1. តាំងស្មារតី ប្រមូល​កម្លាំង​ទាំងអស់​ដែលមាន កញ្ឆក់​ដៃ ជើង ឬ​អវយវៈ​ណា​ដែល​ប៉ះ​នឹង​វត្ថុ​ដែល​ធ្វើឱ្យ​កើតការ​ឆក់​ចរន្តអគ្គិសនី​ចេញពី​ត្រង់នោះ​ឱ្យបាន​ខ្លាំង​បំផុត តែបើ​មិនបាន​សម្រេចចូរ​ស្រែកហៅ​ឱ្យគេ​ជួយយ៉ាខ្លាំងៗផុត​សំឡេង។

2. កុំឱ្យ​អ្នក​ដែល​ចូល​មកជួយ​ប៉ះ​នឹង​រាងកាយ​របស់​អ្នក​ដោយផ្ទាល់​ជាដាច់ខាត ដូចជា​ចាប់ដៃ ឬ​ចាប់ជើង មិនបាន​ជាដាច់ខាត។

3. បើសិនជា​សម្លឹង​រកមើល​វត្ថុ​អ្វីដែល​មិន​ចម្លងចរន្តអគ្គិសនី​បាន ដូចជា ឈើ ក្រណាត់ ជ័រ-​ប្លា​ស្ទិ​ក ចូរ​ស្រែកប្រាប់​អ្នកដទៃ​ឱ្យ​យក​វត្ថុ​នោះមក​ជួយ​កៀរ ឆ្កឹះ ឬ​កៀស​ខ្សែភ្លើង​ដែល​ចម្លង​ចរន្តអគ្គិសនី​នោះ​ចេញ ឬ​ឱ្យគេ​យក​ក្រណាត់​មក​ទាក់​ចង្កេះ​អ្នក រួច​ទាញ​កញ្ឆក់​ចេញពី​ត្រង់​នោះមក​ឱ្យបាន។

4. បើ​មាន​អ្នក​មកជួយ​ហើយ តែ​មិន​អាចធ្វើ​អ្វី​បាន ចូរ​ប្រាប់​ឱ្យគេ​រកមើល​បារ៉ែត​ភ្លើង ឬ​ឌី​ហ្ស​ង់​ទ័​រ​មេភ្លើង​ដើម្បី​កាច់​បិទ​ចរន្តអគ្គិសនី។

ក្នុងករណី​ចូលទៅ​ជួយ​អ្នក​ដែល​ត្រូវ​ចរន្ត​អគ្គិស​នី​ឆក់
1. កុំរ​ហន់​ចូលទៅ​ជួយ​ដោយ​ការចាប់​ប៉ះ​ផ្នែក​ណាមួយនៃ​រាងកាយរបស់​ជនរងគ្រោះ​ ដោយ​ត្រង់ ចូរ​រក្សា​ចម្ងាយ​ឱ្យ​ឆ្ងាយ​ពី​ជនរងគ្រោះ​បន្តិចសង្កេតមើល​ឱ្យ​ច្បាស់​ថា​ដើមហេតុ​របស់​ចរន្តអគ្គិសនី​ដែល​បណ្ដាលឱ្យ​ឆក់​ជនរងគ្រោះនោះ​ចេញ​មកពី​ត្រង់ណា ហើយ​នៅ​ឱ្យ​ឆ្ងាយ​ពី​ត្រង់នោះ​សិន។

2. បើសិន​នៅក្នុង​ផ្ទះ មិនបាន​ពាក់​ស្បែកជើង ចូ​ររត់ទៅរក​ស្បែកជើង​មក​ពាក់​ជាមុនសិន កុំឱ្យ​ជើង​ប៉ះ​នឹង​ដី ឬ​កម្រាល​ឥដ្ឋ។ បើ​គ្មាន​ស្បែកជើង ចូរ​ឈរ​នៅលើ​ផ្ទាំង​ក្រណាត់ក្រាស់ៗ គំនរ​សៀវភៅ ឡាំង​ឈើ ឬ​ឡាំង​ក្រដាសក៏បាន។

3. សម្លឹង​រកមើល​វត្ថុ​ដែល​មិន​ចម្លង​ចរន្តអគ្គិសនី ដូចជា ឈើ ក្រណាត់ ក្រដាស​រឹង ខ្សែ​ទុយោ ស្រោមដៃក្រាស់ៗ ឬខ្សែ​ផ្សេងៗ (គ្រប់យ៉ាង​ត្រូវ​ស្ងួតមិន​សើម​ទឹក) អាច​ប្រើ​វត្ថុ​ទាំងនោះ​កៀស ឬ​ឆ្កឹះ​អ្វីដែល​ធ្វើឱ្យ​ជនរងគ្រោះ​ត្រូវ​អគ្គិសនី​ឆក់​ចេញពី​រាងកាយ​ជនរងគ្រោះ (ដូចជាកៀស​ខ្សែភ្លើង​ចេញ ឆ្កឹះ​ដៃ ឬ​ជើង​ជនរងគ្រោះ​ចេញពី​បរិវេណ​ដែលមាន​អគ្គិសនី​ឆក់​នោះ ឬ​បើ​ជនរងគ្រោះ​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ទូទាំង​រាងកាយ ចូរ​ប្រើ​ក្រណាត់​ស្ងួត​រុំ​ដៃ​ខ្លួនឯង​ឱ្យ​ក្រាស់រួចហើយ​ច្រាន ឬ​ចា​ប់ទាញ​កញ្ឆក់​ខ្លួន​ជនរងគ្រោះ​ចេញពី​ត្រង់នោះ​ឱ្យ​ខ្លាំង និង​ឆាប់រហ័ស (អ្នក​ជួយ​ត្រូវ​ពាក់​ស្បែកជើង​ផង​ណា៎)។

4. បើសិនជា​ជ្រើសរើស​ជួយ​ជនរងគ្រោះ​ដោយ​ការ​ធាក់ ក៏​អាចធ្វើ​បានដែរ តែ​បរិវេណ​ជុំវិញ​ជនរងគ្រោះ​នោះ​ត្រូវតែ​ជាទី​ធ្លា​ស្រឡះ។ ចូរ​ឱ្យ​ជនរងគ្រោះ​ទម្លាក់ខ្លួន​ដេក​ជាមុនសិន ដើម្បី​កុំឱ្យ​កើតមាន​គ្រោះថ្នាក់​ផ្សេងទៀត។ មុននឹង​ធាក់ ត្រូវ​ស្រែកប្រាប់​ជនរងគ្រោះ​ជាមុនសិនរួច​សឹម​ធាក់​ម្ដុំ​ត្រគាក​យ៉ាង​រហ័ស និង​ខ្លាំង​ល្មមតែ​ឱ្យ​របូត​ផុត​ចេញពី​ទីនោះ​តែម្ដង​ក្នុង​មួយ​ជើង។ តែ​បើសិនជា​អាច​ចៀសវាង​បាន ចូរ​ប្រើ​វិធី​ក្នុង​ចំណុច​ទី3 វិញ​ប្រសើ​ជាង ព្រោះ​វិធី​នេះ​អាចធ្វើឱ្យ​ជនរងគ្រោះ​ទទួលរង​របួស​ថែមទៀត​បាន។

5. ក្នុងករណី​ដែល​ប្រទះឃើញ​អ្នក​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ក្នុង​បរិវេណ​ដែល​ប្រថុយប្រថានខ្លាំងពេក ដូចជា​ក្នុង​បន្ទប់ទឹក​ដែល​កម្រាល​ឥដ្ឋ​សើម ចូរ​ត់ទៅ​កន្លែង​ប្រអប់​ចែកចាយ​ភ្លើង​ខាងក្នុង​ផ្ទះ (បារ៉ែត ឬ​ឌី​ហ្ស​ង់​ទ័​រ) ហើយ​កាច់​កុងតាក់​បិទ​ភ្លាម រួច​សាកល្បង​បើក​បិទ​អំពូល​ភ្លើង​សាកមើល ដើម្បីឱ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា ចរន្តអគ្គិសនី​ត្រូវបាន​បិទ​ទាំងស្រុង​ឬ​នៅ? រួច​សឹមរ​ត់ទៅ​ជួយ​ជនរងគ្រោះ។

6. នៅពេល​ជួយ​ជនរងគ្រោះ​បាន​ហើយ គួរពិនិត្យមើល​ថា តើ​គេ​នៅមាន​ស្មារតី​ច្រើន ឬ​តិច​ប៉ុនណា។ បើ​នៅមាន​សតិ​ស្មារតី​គ្រ​ប់​គ្រាន់ចូរ​ឱ្យគេ​គេង​សម្រាក រួច​ពិនិត្យមើល​តាម​រាងកាយ​របស់គេ​ដោយត្រួសៗថា តើ​មាន​រងរបួស​ត្រង់ណា​ធ្ងន់ធ្ងរ​ឬទេ? ភាគច្រើន អាចមាន​ជ្រុះ​សក់ មាន​ស្នាម​ក្រហមជាំ​នៅលើ​ដៃជើង ដងខ្លួន ខ្នង និង​បើ​មាន​ពាក់​ខ្សែក​ដែល​ធ្វើ​ពី​ប្រាក់ ស្ពាន់ ឬ​មាស អាចមាន​ស្នាម​ឆេះ​នៅលើ​ស្បែក​ត្រង់​កន្លែង​នោះ និង​នៅលើ​បាតជើង​អាចមាន​ស្នាម​ខ្លោច​ដូច​ឆេះ​ភ្លើង​ដូច្នោះ​ដែរ។

7. បើ​មាន​របួស តែ​មិនសូវ​ជា​ធ្ងន់ធ្ងរ​ពេក​នោះចូរ​ប្រញាប់​បញ្ជូនទៅ​មន្ទី​រពេទ្យ តែបើ​ជនរងគ្រោះ​បាត់បង់​ស្មារតី ចូរ​ប្រញាប់​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ (ឡានពេទ្យ) ហើយ​ក្នុងអំឡុង​ពេលនោះ បើ​ជនរងគ្រោះ​បាត់​ដង្ហើម (លែង​ដកដង្ហើម) ឬ​បេះដូង​លែង​ដំណើរការ ចូរ​ប្រញាប់​ជួយសង្គ្រោះ​ដោយ​ការ​ផ្លុំ​ខ្យល់​ចូល​មាត់​ដើម្បី​សង្គ្រោះ​ប្រព័ន្ធ​ដកដង្ហើម ឬ​សង្កត់​ដើមទ្រូង​ធ្វើ​ចលនា​បេះដូង​ជា​ប្រញាប់។ អ្វីដែល​ត្រូវមាន​ឱ្យ​ច្រើន​បំផុត​នៅពេលនោះ​គឺ ស្មារតី និង​ចំណេះដឹង​គ្រឹះ​ក្នុង​រឿង​ចរន្តអគ្គិសនី ដើម្បី​ជួយសង្គ្រោះ​ក្នុងករណី​អាសន្ន​បន្ទាន់​បែបនេះ៕

Advertisement