វិធី​កែច្នៃ​ត្រសក់​ ធ្វើជា​ជំនួយការ​ផ្នែក​សម្រស់

ឱ្យតែ​និយាយ​ពី​រឿង​ថែរក្សា​សម្រស់ ស្ត្រីៗយើង​មិនសូវ​ដែល​ឱ្យ​កន្លងទៅទទេៗនោះទេ គឺ​តែងតែ​បបួលគ្នា​សាកល្បង​បើទោះជា​ពេលខ្លះ​ពួកគាត់​មិនទាន់​ទទួលបាន​លទ្ធផល​ជាទី​ពេញចិត្ត​ទាំងស្រុង​ក៏ដោយ ក៏​ពួកគាត់​មិនដែល​បោះបង់ចោល​វា​ទាំងស្រុង​នោះទេ។ លេខ​នេះ ឡា​រ៉ែ​ន សូម​ណែនាំ​ជំនួយការ​ផ្នែក​សម្រស់​មួយ​ប្រភេទ​ជូន​មិត្ត​អ្នកអាន​ទាំងឡាយ​ដែល​ស្រឡាញ់​ការថែរក្សា​សម្រស់​តាម​ក្បូន​ធម្មជាតិ ងាយៗ មិន​បារម្ភ​ខ្លាច​ថា​នឹងធ្វើ​ឱ្យមាន​ផលប៉ះពាល់​ចំពោះ​ស្បែក​នោះឡើយ។ ជំនួយ​ការដែល​យើង​និយាយ​ដល់​នោះ​គឺ ផ្លែ​ត្រសក់។ អ្នកណា​ក៏​ដឹងថា​ត្រសក់​ជា​បន្លែ​ដែល​ងាយ​រក​បំផុត ចំណែកឯ​តម្លៃ​ក៏​មិន​ថ្លៃ​ដែរ ហើយ​អ្វីដែល​សំខាន់​ជាងនេះទៅទៀត​នោះ បន្លែ​ប្រភេទ​នេះ​មានសមត្ថភាព​ច្រើនយ៉ាង​ក្នុង​ការជួយ​ឱ្យ​សម្រស់​របស់​អ្នកឱ្យ​​ផូរផង់​ជាង​មុន។ ចង់ដឹងថា​តើ​ផ្លែ​ត្រសក់​មាន​សមត្ថភាព​ពិសេស​អ្វីខ្លះ ដែល​អ្នក​គួរតែ​ជ្រើសរើស​មក​ធ្វើជា​ជំនួយការ​ក្នុងការ​ថែរក្សា​សម្រស់​នោះ សូម​តាមដាន​បន្ត​ជាមួយ​អត្ថបទ​ខាងក្រោម​ដូចតទៅ៖

1. ជួយ​ឱ្យ​ភ្នែក​ភ្លឺ​ថ្លា: រឿង​ជាក់ស្តែង​បំផុត​ដែល​ត្រសក់​អាចធ្វើឱ្យ​អ្នក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​នោះ​គឺ ការជួយ​បង្កើន​ភាព​ភ្លឺ​ថ្លា​ទៅដល់​បរិវេណ​ជុំវិញ​ភ្នែក។ ចិត​ត្រសក់​ជា​ចំណិត(ទទឹង​ផ្លែ) កម្រាស់​ស្តើង​ល្មម រួច​យកមកដាក់​លើ​ត្របកភ្នែក​របស់​អ្នក។ ទុកពេល​ឱ្យ​ត្រសក់20នាទី ដើម្បីឱ្យ​វា​បាន​បញ្ចេញ​វេទមន្ត កាត់បន្ថយ​អាការ​ហើម​ត្របកភ្នែក និង​សភាព​ខ្មៅ​ក្រោម​រង្វង់​ភ្នែក​ជាដើម។ នេះ​ជា​វិធី​ដែលមាន​ភាពងាយស្រួល​បំផុត សូម្បីតែ​អ្នកជំនាញ​ផ្នែក​តុបតែង​មុខ​ក៏​តែង​យក​វិធី​នេះ​មក​អនុវត្ត​ដែរ។

2. ម៉ាស​ធ្វើឱ្យ​ក្មេង​ជាង​វ័យ: ជា​រឿង​ធម្មតា​បំផុត​ដែល​គេ​តែងប្រើ​ផ្លែ​ត្រសក់ ដើម្បី​បង្កើន​ភាព​ក្មេងខ្ចី​ទៅដល់​ស្បែក។ ទឹក​ផ្លែ​ត្រសក់ (លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ2-3ដំណក់) យកមក​ធ្វើជា​ម៉ាស​បិទមុខ​នឹង​ជួយ​ឱ្យ​សម្បុរស្បែក​ភ្លឺ​ថ្លា និង​ផ្តល់នូវ​ភាពស្រស់​ស្រាយ​ដល់​ស្បែក​របស់​អ្នក។

3. សម្អាត​រន្ធ​រោម: ទឹក​ផ្លែ​ត្រសក់លាយ​ជាមួយ​ទឹកខ្មេះ​ផ្លែ​ប៉ោមប្រទាល​កន្ទុយក្រពើ និង​ទឹកផ្លែ​ប៉េងប៉ោះ​មាន​ប្រសិទ្ធភាពក្នុងការ​សម្អាត​រន្ធ​រោម​ឱ្យបាន​ស្អាត។ លាយ​សារធាតុ​ផ្សំ​ទាំងនោះ​ចូលគ្នា រួច​យក​សំឡី​ជ្រលក់​យក​ទឹក​របស់​វា មក​លាប​លើ​ផ្ទៃមុខ (លើកលែង​រង្វង់​ភ្នែក) ហើយ​សម្អាត​វា​ចេញ​វិញ បន្ទាប់ពី​រយៈពេល2-3នាទី​ក្រោយ។ ស្តាប់ទៅ​ដូចជា​មិនគួរ​ឱ្យ​ជឿ​ទេ​មែន​ទេ? សាក​បន្តិច​ទៅ​អ្នក​ពិតជា​អា​ចរក​ចម្លើយ​បាន​ដោយ​ខ្លួនឯង​ជាមិនខាន។

4. ម៉ាស​កម្ចាត់​មុន: លាយ​សាច់​ត្រសក់​ស្រស់ និង​រមៀត​ក្នុង​បរិមាណ​ស្មើគ្នា ជាមួយនឹង​ទឹកក្រូច​ឆ្មារ​មួយ​ផ្លែ អ្នក​អាចធ្វើ​ម៉ាស​កម្ចាត់​ប្រេង និង​មុន​លើ​ផ្ទៃមុខ​បាន​ហើយ។ យក​ល្បាយ​ទាំងនេះ​មក​លាប​លើ​ផ្ទៃមុខ ទុកចោល​ប្រហែលជា15នាទី សឹម​លាង​សម្អាត​ចេញ​វិញ​ជាការ​ស្រេច។

5. ម៉ាស​សម្អាត​ស្បែ​កមុខ: ត្រសក់​មួយ​ផ្លែ​កិន​ឱ្យ​ម៉ដ្ឋ​លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​មួយ​ផ្លែបន្ថែម​ដោយ​ទឹកឃ្មុំ​មួយ​ស្លាបព្រា ដើម្បីឱ្យ​ស្បែក​ភ្លឺរលោង។ទុកចោល20នាទី រួច​សម្អាត​ចេញ​ដោយ​ទឹក​ក្តៅឧណ្ហៗ។

6. ម៉ាស​ផ្តល់​សំណើម: ត្រសក់​ចិញ្ច្រាំ​រួច​កន្លះ​ពែង ផ្លែ​ប៊័រ​ទុំ​ចិញ្ច្រាំ​រួច​កន្លះ​ពែង ផ្នែក​ស​នៃ​ស៊ុត​មួយ​គ្រាប់ ម្សៅ​ទឹកដោះគោ2ស្លាបព្រា កិន​លាយចូលគ្នា​ឱ្យក្លាយ​ជា​ល្បាយ រួច​យកមក​លាប​លើ​ផ្ទៃមុខ។ គេង​សម្រាក30នាទី សឹម​ទៅ​សម្អាត​ផ្ទៃមុខ​របស់​អ្នក​ជាមួយនឹង​ទឹកស្អាត​ជាការ​ស្រេច។

7. ផ្តល់​សំណើម​ដល់​ស្បែក: ត្រសក់​មួយ​ផ្លែ កិន​លាយ​ជាមួយ​ប្រទាល​កន្ទុយក្រពើ​មួយស្លាបព្រា ទឹក​ផ្កា​កុលាប1ស្លាបព្រា និង​ទឹក​ក្រូចឆ្មារ​មួយ​ផ្លែ​ធំត្រង​យកតែ​ទឹក រួច​ដាក់​ក្នុង​ដប​ស្ព្រៃ​យ៍មួយ។ អ្នក​អាចយ​កវា​ទៅ​ទុក​ក្នុង​ទូរ​ទឹកកក សម្រាប់​យកមកប្រើ​នៅ​ថ្ងៃក្រោយ​ទៀត​ក៏បាន។ សម្រាប់​អ្នក​ដែលមាន​បញ្ហា​ស្បែក​ស្ងួត គួរតែ​សាកល្បង​វិធី​នេះ ព្រោះនេះ​គឺជា​ក្បួន​នៃ​ការផ្តល់​សំណើម​ដល់​ស្បែក​ដ៏​ល្អ​មួយ។

8. ព្យាបាល​ការ​រលាក​ដោយ​កម្តៅថ្ងៃ: ត្រសក់​ជា​បន្លែ​មួយ​ប្រភេទ​ដែលមាន​ផ្ទុក​ជាតិ​ទឹក​ច្រើន​ដូច្នេះ​ប្រសិនបើ​អ្នកដឹង​ខ្លួន​ថា​ស្បែក​កំពុង​ទទួលរង​ការ​រលាក​នោះ អ្នក​គួរតែ​យក​ត្រសក់​មួយ​ចំណិត​ទៅ​ដាក់​នៅលើ​ស្បែក​ត្រង់​កន្លែង​ដែល​រលាក ឬ​រមាស់​នោះ ដើម្បីឱ្យ​ជាតិ​ទឹក​នៅក្នុង​ផ្លែ​ត្រសក់​ចូលទៅ​ជួយ​សម្រួល​ដល់​បញ្ហា​នេះ​យ៉ាង​មាន​ប្រសិទ្ធភាព ។

9. ជួយ​ឱ្យ​សក់​ស្អាត: ការទទួល​ទាន​ទឹក​ផ្លែ​ត្រសក់​គឺជា​វិធី​ដ៏​ល្អ​បំផុត​សម្រាប់​សក់ ហើយ​វិធី​នេះ​ក៏​ត្រូវបាន​អ្នកជំនាញ​ណែនាំ​សម្រាប់​បញ្ឈប់​ការ​ជ្រុះ​សក់​ផងដែរ។ ក្រៅពី​ទទួលទាន​ហើយ​នោះ អ្នក​ក៏​អាច​យក​ទឹក​ត្រសក់​ទៅ​លាង​សរសៃសក់​ ដើម្បីឱ្យ​សក់​មើលទៅ​រលោង​មាន​សំណើម​ផងដែរ។

ឡា​រ៉ែ​ន មាន​នាទី​ត្រឹមតែ​ជា​អ្នក​បង្ហាញ ចំណែកឯ​ការអនុវត្ត​គឺជា​នាទី​របស់​អ្នក។ សូមឱ្យ​ទទួលបាន​ជោគជ័យ​ចំពោះ​ការព្យាយាម និង​ការថែរក្សា​សម្រស់​របស់​អ្នកណា៎!

Advertisement