ធ្វើ​ម៉េច​ឱ្យមើលទៅ​នៅតែ​ស្អាត​ និង​ក្មេង​ជាង​វ័យ?

ភាពស្រស់ស្អាត ក្មេងខ្ចី អាច​មើល​ដឹងភ្លាមៗតាមរយៈ​រូបរាងកាយ​ផ្នែក​ខាងក្រៅ​របស់​អ្នក នៅពេល​យកមក​ប្រៀបធៀបជាមួយនឹងអាយុរបស់​អ្នក ហេតុនេះហើយ​បានជានារីៗភាគច្រើន ដែលមាន​អារម្មណ៍​ថា​វ័យ​របស់ខ្លួន​ចេះតែ​ជ្រេរ​ទៅមុខ តែងមាន​ការបារម្ភ​ថា ដំណើរ​ចាក​ឆ្ងាយ​នៃ​ភាព​ក្មេង​ស្អាតដែល​ធ្លាប់​នៅ​ជាមួយនឹង​មកដល់​នា​ថ្ងៃ​ណាមួយ។ ដោយហេតុថា គ្មាន​អ្នកណាម្នាក់​អាចដាក់​កំណត់​បានទេ​ថា ភាពស្រស់ស្អាត​នៅក្នុង​អំឡុង​វ័យ​ដែល​កំពុង​ពេញ​ស្អាត​នឹង​អាចស្ថិតនៅ​ជាមួយ​អ្នក​បានយូរ​ប៉ុណ្ណា? ដូច្នេះហើយ​បានជាម្នាក់ៗតែងតែ​ខិតខំ​ស្វែងរក​ស្ទើរ​គ្រប់​មធ្យោបាយ ដើម្បី​ចាប់ចង​ភាព​ក្មេង​ស្អាត​ឱ្យនៅ​ជាមួយ​ខ្លួន​ឱ្យបាន​កាន់តែ​យូរ។ មក​សាកល្បង​អនុវត្តតាម​វិធី​តាមបែប​សាមញ្ញ​ខាងក្រោម នោះ​លោក​អ្នកនឹង​ទទួលបាន​នូវ​ភាពស្រស់ស្អាត​ក្មេង​ជាង​វ័យ​ជាមិនខាន។

គិត​បែប​ក្មេង
មានការ​អះអាង​មួយ​ថា ការគិត​បែប​ក្មេង និង​សម្តែង​ចេញ​នូវ​សកម្មភាព​ដូច​ក្មេង (មិនមែន​សម្តៅ​ដល់​គំនិត ឬ សកម្មភាព​ដូច​កូនក្មេងតូចៗ ប៉ុន្តែ​ជា​វ័យ​មួយ​ដែល​ក្មេង​ជាង​អាយុ​អ្នក​បន្តិច) នឹងធ្វើ​ឱ្យ​អ្នក​មើលទៅ​ដូច​ក្មេង​ដែរ។ ការស្រាវជ្រាវ​បានបង្ហាញ​ថា មនុស្ស​ចាស់​មួយចំនួន​ដែល​មិន​ខ្វល់​ពី​វ័យ​របស់ខ្លួន ហើយ​នៅតែ​ធ្វើខ្លួន​ឱ្យ​សកម្ម​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ គឺ​ពិតជាធ្វើឱ្យ​ពួកគាត់​មើលទៅ​ក្មេង​ជាង​វ័យ និង​ប្រកបដោយ​សុខភាព​មាំមួន​ជាង បើ​ធៀប​ទៅនឹង​មនុស្ស​ចាស់​វ័យ​ដំណាលគ្នា។

ប្រើ​ក្រែ​ម​ការពារ​កម្តៅថ្ងៃ
មិន​ថា​អ្នក​ស្ថិតនៅក្នុង​វ័យ​ណា​នោះទេ ក្រែ​ម​ការពារ​កម្តៅថ្ងៃ​នៅតែមាន​តួនាទី​ជា​អង្គរក្ស​ដ៏​សំខាន់​ក្នុងការ​ថែរក្សា និង​ការពារ​ស្បែក​ឱ្យ​ចៀស​ផុតពី​ការ​រលាក​រោល​ពី​កម្តៅថ្ងៃ ជ្រីវជ្រួញ និង​ស្ងួត​គ្មាន​ជាតិ​សំណើម​ជាដើម។ ការថែរក្សា​ស្បែក​ជាមួយ​ក្រែ​ម​ការពារ​កម្តៅថ្ងៃ គួរតែ​ចាប់​ផ្តើមធ្វើ​តាំងពី​យូរណាស់​មកហើយ តែ​ក៏​មិនមែន​មានន័យថា​យឺត​ពេល​សម្រាប់​អ្នកនោះ​ដែរ។ ចាប់ផ្តើម​ពីថ្ងៃ​នេះ ដើម្បី​កាត់បន្ថយ​ដំណើរ​នៃ​ការឈានទៅរក​ភាព​ចាស់​ជ្រីវជ្រួញ​ឱ្យ​កើតមាន​យឺត​ជាង​វ័យ។

ភ្ញាក់ឡើង បញ្ចេញ​កម្លាំង
កុំ​រស់នៅ​ជាមួយនឹង​ភាពស្ពឹក​ស្រពន់​ស្តាយ​ភួយ​ស្តាយ​ខ្នើយ​នាពេល​ព្រឹក​ព្រលឹម​ឱ្យសោះ ព្រោះ​អ្វី​អ្នកដឹង​ទេ?​ ព្រោះថា ការដែល​អ្នក​ភ្ញាក់ឡើង​នាពេល​ព្រឹក​ព្រលឹម ហើយ​បញ្ចេញ​កម្លាំងភ្លាមៗ តាមរយៈ​ការហាត់​ប្រាណ20នាទី​ជា​រៀងរាល់ថ្ងៃ នឹង​ជួយ​ឱ្យ​រាងកាយ ក៏ដូចជា​អារម្មណ៍​កាន់តែ​ស្រស់ស្រាយ ហើយក៏​ដូចជា​កាវ​ដែល​ចាំ​បិទ​ទ្រនិចនាឡិកា​នៃ​រូប​សម្រស់​ឱ្យ​ផ្អាក​ធ្វើដំណើរ​ទៅមុខ​ផងដែរ។

គេង​ឱ្យបាន​គ្រប់គ្រាន់
អ្នកណា​ក៏​ដឹង​ដែរ​ថា​គេង​មិន​គ្រប់ ស្បែក​ស្រអាប់ ភ្នែក​ឡើង​ខ្មៅ គ្មាន​កម្លាំង ស្បែក​ក៏​ជ្រីវជ្រួញ ហេតុដូច្នេះ​ល្អ​បំផុត​គឺ​គេង​ឱ្យបាន​គ្រប់គ្រាន់ នោះ​ភាព​ក្មេងខ្ចី​ក៏​មិន​ទៅណា​ចោល​អ្នក​ដែរ។

លំហែកាយ
ភាព​ធុញថប់ គឺជា​កម្លាំង​ដ៏​សាហាវ​ក្នុងការ​រុញច្រាន​អ្នក​ឱ្យ​ដើរទៅ​ឱ្យទាន់​វ័យ ឬ​អាច​ដើរទៅ​ហួស​វ័យ​របស់​អ្នក​ទៅទៀត ហេតុនេះហើយ​រឿង​ដែល​អ្នក​មិនត្រូវ​ភ្លេច​នោះ​គឺ សម្រាក​ឱ្យបាន​ទៀងទាត់។ ស្វែងរក​ការ​លំហែកាយ​ក្នុងអំឡុងពេល​ដែលមាន​ការ​សម្រាក​ប្រចាំឆ្នាំ ឬ​ការ​សម្រាក​ក្នុង​ថ្ងៃ​បុណ្យជាតិ​នានា ដើម្បី​ការពារ​កុំឱ្យ​ភាព​ធុញថប់​មក​ជិត​អ្នក​បាន​ឱ្យសោះ។

ញ៉ាំ​តែ​បៃតង
បច្ចុប្បន្ននេះ​ជំនឿ​ដែលថា ការទទួល​ទាន​តែ​បៃតង​មួយ​កែវ​ក្នុង​មួយថ្ងៃ អាចជួយ​កាត់បន្ថយ​ឱកាស​នៃ​ការកើត​ជំងឺមហារីក ជួយ​រក្សា​ទម្ងន់​ឱ្យ​ស្ថិតនៅក្នុង​កម្រិត​សមស្រប ធ្វើឱ្យ​អារម្មណ៍​ស្រស់ស្រាយ ព្រមទាំង​មាន Antioxidants ដែល​ចាំ​ជួយ​ថែរក្សា​រាងកាយ​ឱ្យ​រឹងមាំ​ផង​នោះ កំពុងតែ​រីក​រាលដាល​ធំឡើងៗពីមួយថ្ងៃ​ទៅមួយថ្ងៃ ហេតុនេះ ចាប់ពី​បានដឹង​ដំណឹង​មួយ​នេះ ហើយសូម​ចាប់ផ្តើម​ចងមិត្ត​ជាមួយ​តែ​បៃតង​ភ្លាម​ទៅណា៎៕

Advertisement