គន្លឹះទាំង5 ក្នុងការផ្លាស់ប្ដូរស្បែកមុខ ខ្មៅខ្លោចដោយកម្ដៅថ្ងៃឱ្យត្រឡប់មកសភាពដើម

បន្ទាប់ពីបានសប្បាយរីករាយនៅក្នុងថ្ងៃមហាសង្ក្រាន្ដឆ្នាំថ្មីរយៈពេល3ថ្ងៃ-4ថ្ងៃមក ពិតប្រាកដណាស់ រឿងដំបូង​ដែល​សុភាព​នារី-សុភាពបុរសយើងនឹកព្រួយបារម្ភបំផុតនោះគឺ សភាពស្បែកមុខ និងស្បែកដងខ្លួន ដែលខ្មៅខ្លោចដោយសារកម្ដៅថ្ងៃ​ដ៏សែន​ក្ដៅ ព្រោះថាទាំងទទឹក ទាំងថ្ងៃក្ដៅ និងម្សៅផងនោះ ទោះបីជាស្បែករបស់អ្នកស្រស់ស្អាតប៉ុនណាក៏ដោយក៏ទ្រទ្រង់មិនរួចដែរ។ ដូច្នេះហើយ នៅថ្ងៃនេះ ទស្សនាវដ្តី ឡារ៉ែន សូមណែនាំពីគន្លឹះទាំង5 ដែលជួយសាងនូវភាពស្រស់ស្អាតចំពោះស្បែកមុខរបស់អ្នក ឱ្យត្រឡប់មករកសភាពដូចដើមវិញដូចខាងក្រោមនេះ។

1. ហាមចេញត្រូវកម្ដៅថ្ងៃមួយរយៈពេល
កម្ដៅថ្ងៃនេះហើយដែលគួរឱ្យប្រយ័ត្នខ្លាំងបំផុត វាធ្វើឱ្យស្បែករបស់អ្នកខូចបានដោយងាយ ព្រោះថាបន្ទាប់ពីបាន​ធ្វើដំណើរ​កម្សាន្ដក្នុង​ថ្ងៃចូលឆ្នាំថ្មីហើយមក អ្នកគួរតែប្រយ័ត្នរឿងចេញទៅខាងក្រៅត្រូវកម្ដៅថ្ងៃខ្លាំងបន្តិច។ ប្រសិនបើចាំបាច់បំផុតនោះ អ្នក​ត្រូវតែប្រើប្រាស់ក្រែមលាបការពារកម្ដៅថ្ងៃឱ្យបាន2-3ជាន់ ហើយត្រូវពាក់មួកផងដែរ ព្រោះវាអាចជួយ​ការពារស្បែក​ដែល​ខូច​ហើយ​នោះ មិនឱ្យវាកាន់តែខូចជាងនេះទៅទៀត។

2. ផ្អាកប្រើប្រាស់គ្រឿងសម្អាងផាត់មុខមួយរយៈពេលសិន
នារីៗភាគច្រើនច្បាស់ជានិយមប្រើគ្រឿងសម្អាងតុបតែងមុខពេលចេញទៅធ្វើការ ទៅសាលារៀន ឬចេញទៅខាងក្រៅ ក៏​ប៉ុន្ដែ​ដោយសារតែ​ស្បែករបស់អ្នកបានទទួលរងនូវការខូច-ខាតដោយសារកម្ដៅថ្ងៃហើយនោះ សូមអ្នកកុំប្រញាប់ប្រើប្រាស់​គ្រឿង​សម្អាងដើម្បីបិទបាំងស្បែកមុខរបស់អ្នកឱ្យសោះ យ៉ាងហោចណាស់ក៏គួរតែផ្អាកប្រើប្រាស់ក្នុងរយៈពេលពី1-2 អាទិត្យ​សិន ព្រោះ​ថាដើម្បីពន្យារពេលឱ្យស្បែកមុខបានដុះកោសិកាថ្មី និងគួរតែប្ដូរមកប្រើប្រាស់ផលិតផលដែលជួយ​បណ្ដុះ​កោសិកា​ស្បែក ឬបំប៉ន​ស្បែកមុខវិញទើបជាការប្រសើរ។

3. ប្រើគ្រីមបំប៉នស្បែកមុខជាប្រចាំ
ក្រៅពីការថែរក្សាស្បែកមុខឱ្យមានភាពស្រស់ស្អាតហើយ ការលាបគ្រីមបំប៉នស្បែកមុខ ក៏ជាវិធីសាស្ត្រដ៏​សំខាន់មួយ​ក្នុងការ​ជួយឱ្យស្បែកវិលមករកសភាពដើមវិញបានយ៉ាងឆាប់រហ័សផងដែរ។ យកល្អ ខណៈដែលអ្នកលាបគ្រីមនៅលើស្បែកមុខហើយ អ្នកគួរតែប្រើម្រាមដៃម៉ាស្សាថ្នមៗនៅលើស្បែកមុខរបស់អ្នកដើម្បីឱ្យកោសិកាស្បែករបស់អ្នករស់ឡើងវិញ។

4. ធ្វើម៉ាសសម្រាប់បិទមុខជាប្រចាំថ្ងៃ
មាននារីៗជាច្រើនមិនសូវជាចូលចិត្តលាបក្រែម ឬលាបម្សៅលាបមុខមុនពេលចូលគេងនោះទេ ដូច្នេះហើយ អ្នកគួរ​តែ​រក​ម៉ាសបិទមុខមកជំនួបក្រែមលាបមុខ ដែលវាអាចជួយព្យាបាលស្បែកមុខដែលខូចនោះឱ្យមានភាពល្អប្រសើរឡើងវិញ។ ការ​បិទ​ម៉ាសនៅលើស្បែកមុខ ក៏ជាវិធីសាស្រ្តក្នុងការបន្ថែមវីតាមីនឱ្យស្បែកមុខបានយ៉ាងល្អប្រសើរផងដែរ។ យ៉ាងណាមិញ អ្នកគួរតែ​ជ្រើសរើសម៉ាសបិទមុខណាដែលសម្បូរទៅដោយវីតាមីន E វីតាមីន C និងវីតាមីន B3 ឱ្យបានច្រើន។ ចំណុចមួយទៀត ដើម្បីចំណេញថវិកាបានមួយផ្នែក អ្នកអាចប្រើទឹកដោះគោស្រស់មកធ្វើជាម៉ាសបិទមុខក៏បានដែរ។

5. ទទួលទានបន្លែ ផ្លែឈើ និងទឹកឱ្យបាន
ច្រើននេះក៏ជាវិធីសាស្ត្រមួយទៀតដែលជួយឱ្យស្បែកមុខរបស់អ្នកត្រឡប់មកមានសំណើមដូចមុនដែរ គឺការទទួលទានបន្លែ ផ្លែ​ឈើ និងទឹកឱ្យបានច្រើន។ ខណៈ​បរិមាណ​សារធាតុ​សរសៃនៅ​ក្នុង​របប​អាហារ​ត្រូវបានថយ​ចុះនោះ ហានិភ័យដែលបណ្តាលឱ្យ​កើត​មាន​ជំងឺ​រលាក​ផ្សេង​ៗក៏​នឹង​កើនឡើងផងដែរ។ ដូច្នេះ របប​អាហារ​ទទួលទាន​ដែល​សម្បូរ​ដោយសារ​ធាតុ​សរសៃមិន​ត្រឹមតែ​អាច​​ទប់ស្កាត់ការរលាកតែប៉ុណ្ណោះទេ តែវាក៏ជួយក្នុងការព្យាបាលស្បែកមុខដែលរលាកដោយកម្ដៅថ្ងៃ​ឱ្យមាន​ជីវិត និងស្រស់​បំព្រង​ឡើងវិញបានផងដែរ។

ដូច្នេះសូមសាកល្បងតាមវិធីសាស្ត្រខាងលើនេះ ដើម្បីឱ្យស្បែកមុខរបស់អ្នកត្រឡប់មករកសភាព​ស្រស់​ស្អាត និងភ្លឺថ្លាឡើងវិញយ៉ាងឆាប់រហ័សទាន់ចិត្ត៕

Advertisement