វិធី​ចាត់ការ​រឿង​ស្បែក ក្រោយពី​ត្រូវ​ដុត​ដោយ​កម្ដៅថ្ងៃ

បន្ទាប់​ពីការដើរ​លេង​កម្សាន្ត​នា​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​យ៉ាង​សប្បាយរីករាយ​នៅតាម​ឆ្នេរសមុទ្រ ទាំង​លេង​ទឹកសមុទ្រ គេង​ហាលខ្យល់​អាន​សៀវភៅ​បែបសប្បាយៗ តែ​បែរជា​បានមក​វិញ​នូវ​អាការ​ក្រហាយ​ស្បែក រមាស់ និង​របកស្បែក​នោះ តើ​ត្រូវ​រិះរក​វិធី​ណា​កុំឱ្យ​កើត​អាការ​ទាំងនេះ?

វិធី​ខាងក្រោម​នេះ​នឹង​ជួយ​សម្រាល​អាការ​រលាក​ស្បែក​ដោយសារ​កម្តៅថ្ងៃ ដើម្បី​ត្រៀម​ស្តារ​សភាព​ស្បែក​របស់​អ្នក​ឡើងវិញ ៖

1. ធ្វើឱ្យ​ស្បែក​ត្រជាក់
នៅពេល​ចាប់ផ្តើម​មាន​អារម្មណ៍​ថា ស្បែក​របស់​អ្នក​ចាប់ផ្តើម​របក ចូរ​ព្យាយាម​ធ្វើឱ្យ​ស្បែក​ត្រជាក់​ឡើងវិញ ការ​ងូតទឹក​ត្រជាក់ ហើយ​ជូត​ផ្តិត​ដោយ​កន្សែងពោះគោទន់ៗនឹង​ជួយ​ឱ្យ​ស្បែក​របស់​អ្នក​ស្រស់ស្រាយ​ឡើងវិញ តែ​កុំ​ប្រើការ​ជូត ឬ​ដុស​លើ​ស្បែក​ឱ្យ​ស្ងួត​ឱ្យសោះ ព្រោះ​នឹង​រឹតតែ​ធ្វើឱ្យ​ស្រទាប់​ស្បែ​ករបក​ចេញ​កាន់តែខ្លាំង​ឡើង។

2. លាប​គ្រី​ម​បំប៉ន​ស្បែក
រក​គ្រី​ម​លាប​ស្បែក​ដែលមាន​ចំណែក​ផ្សំ​របស់​ធាង​ប្រទាល​កន្ទុយក្រពើ​លាប ដើម្បី​ឱ្យមាន​សំណើម និង​មាន​ភាព​ស្រស់បស់​នៅជាប់​លើ​ស្បែក​ឱ្យបាន​យូរ​បំផុត ព្រោះ​សារធាតុ​ដែល​ចម្រាញ់​ចេញពី​ធាង​ប្រទាល​កន្ទុយក្រពើ​ជា​ឱសថ​បុរាណ​ធម្មជាតិ​ដែលមាន​គុណសម្បត្តិ​ជួយ​ក្នុងការ​ព្យាបាល​ស្លាកស្នាម និង​ជួយ​បំប៉ន​ស្រទាប់​ស្បែក។

3. ទទួលទាន​ទឹក​ឱ្យបាន​ច្រើន
នៅពេល​ស្បែក​របស់​អ្នក​ចាប់ផ្តើម​ខូចខាតការព្យាបាល​ឱ្យ​ត្រឡប់មក​ល្អជា​ថ្មី​ឡើងវិញ​ត្រូវ​ចាប់ផ្តើម​ពី​រាងកាយ​របស់​អ្នក ចូរ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន ដើម្បី​កុំឱ្យ​រាងកាយ​ខ្វះ​ជាតិ​ទឹក ដើម្បី​បង្កើន​សំណើម​របស់​ស្បែក។ ការទទួលទាន​ទឹក​ប្រមាណ​ជា8-10កែវ​ក្នុង​មួយថ្ងៃ​នៅក្នុង​អំឡុង​ពេលនេះ នឹង​ល្អ​ចំពោះ​សាច់ និង​ស្បែក​របស់​អ្នក។

4. ឈប់​អេះ
រឿង​មួយ​នេះ​អាច​នឹង​ពិបាក​សម្រាប់​អ្នកខ្លះ តែ​ការ​អេះ ឬ​កេះ​ស្រទាប់​ស្បែក​ដែល​របក​នោះ​ចេញ អាច​នឹង​ធ្វើឱ្យ​ស្បែក​កន្លែង​ល្អ​នៅ​ជិត​នោះ​របូត​ជាប់​មកជា​មួយ​ដែរ និង​អាចធ្វើឱ្យ​កើត​ស្លាកស្នាម​ឡើង​បាន វិធី​ជួយ​សម្រាល​អាការ​រមាស់​នេះ​អាចធ្វើ​បាន​ដោយ​ប្រើ​ទឹកកក​ស្អំ។

5. ការពារ​ស្បែក​យ៉ាង​ជាប់លាប់
ចំណុច​ចុង​ក្រោយនេះ លើក​ក្រោយ​បើ​ចង់​សប្បាយ​តាម​ឆ្នេរសមុទ្រ ឬ​កន្លែង​ដែលមាន​កម្តៅថ្ងៃ​ខ្លាំង សូមកុំ​ភ្លេច​ការពារ​ស្បែក​របស់​អ្នក​ជាមុនដោយ​គ្រី​ម​ការពារ​កម្តៅថ្ងៃ ហើយ​បើ​ចុះ​លេង​ទឹក​ក៏​កុំ​ភ្លេច​លាប​គ្រី​ម​បន្ថែម​រាល់ពេល​ឡើង​មកពី​ទឹក ហើយ​នៅ​មិនទាន់បាន​ចូលទៅ​ក្រោម​ម្លប់។ ចូរ​លាប​គ្រី​ម​ឱ្យ​សព្វ​នៅលើ​ស្បែក ទាំង​ផ្ទៃមុខ និង​កន្លែង​ខ្លះទៀត​ដូចជា ខាងក្រោយ​ត្រចៀក​ដែល​តែងតែ​ត្រូវបាន​ភ្លេច​ជា​ញឹកញាប់​សម្រាប់​នារី​ដែល​ទើប​ចេះ​លាប​គ្រី​មថ្មីៗ៕

Advertisement