វិធី​ការពារ​មិនឱ្យ​ភាយ​ក្លិន​មិនល្អ​ក្នុង​ថ្ងៃ​មក​រដូវ

នៅក្នុង​គំនិត​របស់​មនុស្ស​ស្រី​ស្ទើរតែ​ទាំងអស់គ្នា ថ្ងៃ​មក​រដូវម្តងៗអាច​ចាត់ទុកថា​គឺជា​ពេលវេលា​ដែល​គួរឱ្យ​ធុញទ្រាន់​បំផុត ព្រោះ​តែមានអារម្មណ៍​ទើសទាល់ ពិបាក​ក្នុង​ការធ្វើ​ចលនា មាន​អារម្មណ៍​ស្អុះស្អាប់ ជាពិសេស​គឺ​តែងតែមាន​ការបារម្ភ​ថា​ខ្លាច​មាន​ក្លិន​មិនល្អ​ភាយ​ចេញមក​ខាងក្រៅ ដោយសារតែ​ការប្រែប្រួល​នៃ​អ័រ​ម៉ូ​ន​ផង និង​ឈាមរដូវ​ផង​នោះឯង។

បើ​ដូច្នេះ ឡា​រ៉ែ​ន គិតថា អត្ថបទ​មួយ​នេះ​នឹង​ក្លាយជា​អត្ថបទ​ដែលមាន​ប្រយោជន៍​បំផុត​សម្រាប់​ស្ត្រី​ទាំងឡាយ​ដែលមាន​ការព្រួយបារម្ភ​ពី​បញ្ហា​មួយ​នេះ ព្រោះថា​យើង​នឹង​ប្រាប់​អ្នក​ថា​តើ​អ្នក​គួរ​ធ្វើ​យ៉ាងដូចម្តេច​ដើម្បី​បំបាត់ចោល​នូវ​ក្លិន​មិនល្អ​អស់ទាំងនោះ។

ងូតទឹក​សម្អាត​កាយ
នេះ​ជា​រឿង​ចាំបាច់​បំផុត​ដែល​អ្នក​ត្រូវធ្វើ។ អ្នក​ប្រហែលជា​មានការ​ងារ​ដែល​ត្រូវធ្វើ​ក៏ពិតមែន ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ អ្នក​គួរតែ​ឆ្លៀតពេល​ងូតទឹក​សម្អាត​កាយ​ឱ្យបាន​ច្រើនជាង​ពេល​ធម្មតា​បន្តិច (អាច3ដង​ក្នុង​មួយថ្ងៃ បើ​អ្នក​មិនសូវមាន​ពេល) ហើយ​រាល់ពេល​ងូតទឹកម្តងៗអ្នក​ត្រូវធ្វើ​ការសម្អាត​រាងកាយ​ឱ្យបាន​ស្អាត​ដោយ​សាប៊ូ ជាពិសេស​នៅ​កន្លែងសំខាន់ៗមួយចំនួន​ដូចជា ប្រដាប់ភេទ (ព្រោះ​មាន​មេរោគ​ច្រើន ​ហើយ​ក៏មាន​ក្លិន​មិនល្អ​ច្រើន​ដែរ) និង​ក្លៀក​ជាដើម​ដែលជា​បណ្តុំ​នៃ​ញើស និង​បាក់តេរីផ្សេងៗដែល​បង្កឱ្យមាន​ក្លិន​ភាយ​ចេញមកក្រៅ។

ការពារ​ខ្លួន​កុំ​ឱ្យមាន​ក្លិន​ភាយ​ចេញមកក្រៅ
មិន​ថា​វា​ជា​ក្លិន​ខ្លួន ឬ​ក្លិនឆ្អាប​នោះទេ គឺ​សុទ្ធតែ​ត្រូវការ​ការពារ​ទុកជាមុន ដោយ​ខាងតែបាន។ ស្ត្រី​ខ្លះ​អាច​នឹងមាន​ក្លិន​ខ្លួន​ភាយ​ចេញមក​នៅពេល​មក​រដូវម្តងៗ ដូច្នេះ​បើ​មាន​វិធី​ការពារ​ទុកជាមុន​គឺជា​រឿង​ល្អ​មួយ​ដែល​អ្នក​គួរតែ​ធ្វើ។ ការប្រើ​សាជូរ សាប៊ូ កម្ចាត់​រោមក្លៀក​ចេញ និង​ប្រើ​ទឹកអប់​បន្ថែម​ក្លិនក្រអូប​ជាដើម គឺជា​វិធីងាយៗតែមាន​ប្រសិទ្ធភាព​ក្នុង​ការជួយ​ទប់ស្កាត់​ក្លិន​មិនល្អ​បាន។

ជ្រើសរើស​សាច់​ក្រណាត់​សម្លៀកបំពាក់
សាច់​ក្រណាត់​អាវ និងខោ​ទ្រនាប់​ក្នុង​ដែល​ត្រូវ​ស្លៀក​ក្នុង​ពេលវេលា​បែបនេះ គួរតែ​ជា​សាច់​ក្រណាត់​ដែល​ដេរ​ចេញពី​សំឡីកប្បាស។ ការ​ពាក់អាវរលុងៗ ក៏ដូចជា​ខោ​ទ្រនាប់​ដែល​ផលិត​ចេញពី​សំឡីកប្បាស​គឺ​ដើម្បី​ឱ្យមាន​ខ្យល់​ចេញចូល​បានល្អ មិន​ហប់ មិន​ក្តៅ ដែល​ធ្វើឱ្យ​បែកញើស ឬ​ផ្អាប់​ទុក​នូវ​ក្លិន​មិនល្អ។

សំឡី​អនាម័យ
និយាយ​ដល់​សំឡី​អនាម័យ ឡា​រ៉ែ​ន ដឹង​ច្បាស់​ថា អ្នកនាង​កញ្ញា​ទាំងឡាយ​ពិតជា​មាន​ម៉ាក​ប្រចាំកាយ​ដែល​តែងតែ​ប្រើ​ជាប្រចាំ​ហើយ​មែន​ទេ? ជាការ​ពិតណាស់​ប្រសិនបើ​អ្នក​រកឃើញ​ម៉ាក​ណាមួយ​ដែល​អាចធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ថា​ស្រួលខ្លួន​មិន​ប៉ះពាល់​អី​ហើយ​នោះ គួរតែ​ប្រើ​វា​ជាប្រចាំ​ទៅ ព្រោះ​ការផ្លាស់ប្តូរ ឬ​សាកល្បង​ម៉ាកថ្មីៗញឹកញាប់​ពេក​ក៏​មិនមាន​ផល​ល្អ​ចំពោះ​អ្នក​ដែរ។

ប្តូរ​សំឡី​អនាម័យ
មិនមែនជា​រឿង​លំបាក​នោះទេ​ដែល​គ្រាន់តែ​ដាក់​សំឡី​អនាម័យ​ទៅតាម​កាបូប ទុក​សម្រាប់ធ្វើ​ការផ្លាស់​ប្តូរ ហើយ​ការផ្លាស់ប្តូរ​នេះ​គួរតែ​ធ្វើឡើង​ក្នុង​រយៈពេល3 ឬ4ម៉ោង​ម្តង ព្រោះ​បើ​ទុក​យូរពេក​វា​នឹង​បង្កឱ្យមាន​ក្លិន​ភាយ​ចេញមកក្រៅ​បាន ឬ​អាច​នឹង​ចម្លង​មេរោគ ឬ​រលាក​ស្បែក​របស់​អ្នក​ថែម​ទៀតផង៕

Advertisement