អាការ​ឈឺក្បាល ប្រាប់​ពី​ជំងឺ​អ្វីខ្លះ?

អាការ​ឈឺក្បាល ក្រៅពី​ហុច​ផលប៉ះពាល់​ដល់​រាងកាយ​ហើយ​នោះ វា​នៅ​ហុច​ផលប៉ះពាល់​ចំពោះ​គុណភាព​ជីវិត​យ៉ាង​យ៉ាប់យឺន​ថែមទៀត​ផង។ អាការ​ឈឺក្បាល កើតឡើង​ពី​មូលហេតុ​ដូចជា ការឈឺចាប់ ភាព​តានតឹង ការ​បង្អត់អាហារ ការ​គេង​មិន​គ្រប់គ្រាន់ ការហាត់​ប្រាណ​លើស​កម្រិត ស្ថានភាព​ជុំវិញខ្លួន​អាប់អួរ ការសម្របសម្រួល​រាងកាយ​ទៅតាម​អាកា​សធាតុ​ផ្លាស់ប្ដូរ​មិនទាន់​ជាដើម។

អាការ​ឈឺក្បាល ត្រូវបាន​បែងចែក​ជាច្រើន​ប្រភេទ ដោយ​ប្រភេទ​នីមួយ​មាន​មូលហេតុ​ទៅតាម​រោគ ជំងឺ និង​ការព្យាបាល ដោយ​ការប្រើប្រាស់​ថ្នាំ។ ដូច្នេះ អ្នក​អាច​សង្កេត​ពី​ខ្លួនឯងបាន​ថា កំពុងមាន​អាការ​ឈឺក្បាល​បែបណា ដែល​បង្ហាញ​ឱ្យ​អ្នកឃើញ​ពី​ចំណុច​ឈឺចាប់​ជា​ចម្បងទើប​អ្នក​អាចសន្និដ្ឋាន​បាន​ពី​អា​ការដែល​បណ្តាលឱ្យ​ឈឺក្បាល​ជាប្រចាំ និង​មិន​ប្រក្រតី។ សូម​សង្កេតមើល​តាម​ចំណុច​ដូចខាងក្រោម​នេះ។

1. ឈឺក្បាល​ដោយសារ​ភាព​តានតឹង
យើង​រមែង​ជួប​ជា​ញឹកញាប់​បំផុត លក្ខណៈរោគ​គឺ ចាក់ ច្របាច់ ឬ​រួមរឹត​យ៉ាង​ណែន​នៅក្នុង​ខួរក្បាល ហើយ​មាន​អារម្មណ៍​ថា​ដូច​មាន​អ្វី​ចាក់​ដោត​នៅ​ចំហៀង​ក្បាល​សងខាង។ អ្នក​អាច​ទទួលទាន​ថ្នាំ​បំបាត់​អាការ​ឈឺក្បាល​តាម​ធម្មតា​បាន ដូចជា ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ឬ​ប្រភេទ​ថ្នាំ​បំបាត់​ការឈឺចាប់ ដែល​មិនមាន​ផ្សំ​សារធាតុ​ថ្នាំ​ស្ទេ​រី​ល​ក៏បាន។ ក្នុងករណី​ដែល​អ្នក​ឈឺក្បាល​លើសពី​រយៈពេល15ថ្ងៃ អ្នក​អាច​ប្រើប្រាស់​ថ្នាំ​ប្រភេទ​ពួក អី​ុ​ប៊ុ​យ (Ibuprofen) ហើយ​ប្រសិនបើ​ឈឺ​លើសពី6ខែ អ្នក​គប្បី​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ធ្វើការ​ព្យាបាល​ជាបន្ទាន់។

2. អាការ​ឈឺក្បាល​ខ្លាំង ឬ Migraine
អាការ​បែបនេះ ភាគច្រើន​បាន​ជួបប្រទះ​ចំពោះ​ស្ត្រី មានការ​ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​វដ្ត​រដូវ និង​មាន​បច្ច័យ​ប៉ះ​ទ​ង្កិ​ច​ជាច្រើន​ទៀត​ដូចជា ការ​ចាំង​ពន្លឺ ថ្លង់​សំឡេង​ខ្លាំង ឈឺក្បាល​ប្រកាំង​មួយ​ចំហៀង​ក្បាល​បែប​ហឹងៗត្រចៀក និង​អាច​កើតមាន​អាការ​ចង្អោរ​ចង់​ក្អួត ឬ​មាន​ក្អួត​មកជា​មួយ​ផង​ក៏មាន។ ករណី​ដែល​អ្នកមាន​អាការ​ឈឺចាប់​រយៈពេល4-72ម៉ោង អាច​ប្រើប្រាស់​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ឬ​ទទួលទាន​ថ្នាំ​បំបាត់​អាការ​ឈឺក្បាល​តាម​ធម្មតា ឬមួយ​ក៏​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ គឺ​កាន់តែ​ប្រសើរ។

3. ករណីផ្សេងៗ
– ករណី​ឈឺក្បាល​ជា​បណ្ដុំ ៖ មាន​អាការ​ឈឺចាប់​ច្រើន​ផ្នែក​នៃ​រាងកាយ អាច​នឹង​ឈឺចាប់​ខ្លាំងក្លា​នៅក្នុង​ពេលវេលាដដែលៗប្រចាំថ្ងៃ រួមមានឈឺចាប់​នៅ​បរិវេណ​ភ្នែក ហើយ​ភ្នែក​កើតមាន​សភាព​ក្រហម និង​ហូរ​ទឹកភ្នែក​ជាដើម។ អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ដើម្បី​ធ្វើការ​ព្យាបាល។

– ឈឺក្បាល​ដោយសារតែ​អាការ​រលាក ៖ អាការរោគ​កើតការ​ឈឺ​ចុកចាប់​នៅ​ម្ដុំ​ក្ដោងច្រមុះថ្ពាល់ ថ្កោ​ម និង​បរិវេណ​ត្រចៀក​ជាដើម។ បើ​មានការ​ឈឺក្បាល​ដោយសារ​មូលហេតុ​បែបនេះ អ្នក​គប្បី​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាប់ ដើម្បី​ទទួលបាន​ការណែនាំ និង​ការព្យាបាល​ត្រឹមត្រូវ ហើយ​ចៀសវាង​ការប្រើប្រាស់​ថ្នាំ​បំបាត់​ការឈឺចាប់​ដោយ​ខ្លួនឯង។

– ឈឺក្បាល​ដោយសារ​អ័រម៉ូន ៖ កើតចេញពី​ការប្រែប្រួល​អ័រម៉ូន​នៅក្នុង​រាងកាយ​ស្ត្រី ដូចជាខណៈ​តាំង​គ៌​ភ អំឡុងពេល​ប្រើប្រាស់​ថ្នាំ​ពន្យារកំណើត ឬ​ក្នុងអំឡុង​វ័យ40ឆ្នាំ​ឡើង។ អ្នក​អាច​លេបថ្នាំ​បំបាត់​អាការ​ឈឺចាប់ ដែល​មិនមាន​ផ្សំ​ពី​សារធាតុ​ថ្នាំ​ស្ទេ​រី​ល ឬ​ទៅ​ជួប​គ្រូពេទ្យ​ផ្ទាល់​តែម្ដង​ក៏បាន។

ចំណាំ ៖ ប្រសិនបើ​អ្នកមាន​អាការ​ឈឺក្បាល​ខ្លាំង សូម​ប្រញាប់​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់ មុននឹង​សម្រេចចិត្ត​ប្រើប្រាស់​ថ្នាំ​ដោយ​មិនមាន​ការចេញ​វេជ្ជបញ្ជា៕

Advertisement