ប្រតិបត្តិការសម្រកទម្ងន់ក្រោយពេលប្រសូតបុត្ររួច

ស្រ្តីដែលទើបឆ្លងទន្លេរួចជាច្រើននាក់បានរអ៊ូឱ្យស្ដាប់ពាក់ព័ន្ធនឹងទម្ងន់ខ្លួនដែលមើលទៅដូចជាគ្មានសញ្ញាថានឹងស្រកចុះងាយៗនោះឡើយ ធ្វើឱ្យពួកគេពិបាកចិត្តខ្លាំង រហូតលែងចង់ញ៉ាំបាយទៀតផង។ នេះគឺជាបញ្ហាធំមួយរបស់ស្រ្តីដែលទើបប្រសូតបុត្ររួចគ្រប់រូប តែមិនចាំបាច់បារម្ភទេ ព្រោះអ្នកគ្រូ ឆវី មានវិធីគ្រប់គ្រងទម្ងន់ខ្លួនដោយមិនចាំបាច់វេទនាខ្លួនមកជម្រាបជូន ដោយគ្រាន់តែកែសម្រួលនិស្ស័យក្នុងការទទួលទានក៏អាចសម្រកទម្ងន់ខ្លួនបានដែរ។

• ទទួលទានអាហារយ៉ាងមានតុល្យភាព: គ្រប់គ្រងចំណែក និងបរិមាណអាហារពពួកបាយ និងម្សៅ បន្លែ ផ្លែឈើ ត្រី សណ្ដែក ស៊ុតផ្សិត តៅហ៊ូ ផលិតផលធ្វើអំពីទឹកដោះ និងខ្លាញ់ ទទួលទានឱ្យស័ក្តិសមល្មមក្នុងមួយថ្ងៃៗ។

• ទទួលទានអាហារធម្មជាតិ មិនកែច្នៃ: ដូចជាគ្រាប់ធញ្ញជាតិផ្សេងៗ បាយអង្ករសម្រូប ពោត មើមត្រាវ ដំឡូង សណ្ដែកខ្មៅ សណ្ដែកក្រហម និងគ្រាប់ធញ្ញជាតិដែលមានប្រេង ទទួលទានតែល្មមសមរម្យដើម្បីជាប្រភពផ្ដល់ថាមពល វីតាមីន សារធាតុរ៉ែ និងកាកសរសៃអាហារ។

• ទទួលទានបន្លែ និងផ្លែឈើដែលមានរសជាតិមិនផ្អែមខ្លាំង និងគ្រប់5ពណ៌: គឺពណ៌ស្វាយក្រហមបៃតង ស លឿងទុំ ដើម្បីបន្ថែមវីតាមីន សារធាតុរ៉ែ និងគីមីធម្មជាតិ សារធាតុគ្រប់ពណ៌ក្នុងបន្លែផ្លែឈើបង្កើនប្រព័ន្ធការពារជំងឺ។

• ចេះទទួលទាន: គឺចេះចៀសវាងពីអាហារដែលមានខ្លាញ់ច្រើន ផ្អែមខ្លាំងនិងប្រៃខ្លាំង ចេះទទួលទានឱ្យតិច និងចេះតមមិនទទួលទានតែម្ដង។

• ទទួលទានអាហារល្មមតែឆ្អែត: ក្នុងមួយពេលៗមិនបរិភោគច្រើនជ្រុលពេក។ ទទួលទានបែបបន្លែ បាយ ក្រុមអាហារមានប្រូតេអីុន = 2ៈ1ៈ1។

• ទទួលទានអាហារពេលព្រឹករាល់ថ្ងៃ: អាហារពេលព្រឹក គឺជាពេលអាហារចម្បងដ៏សំខាន់ ត្រូវទទួលទានរាល់ថ្ងៃ ដើម្បីចែកចាយបរិមាណថាមពលអាហារឱ្យស័ក្តិសមនឹងតម្រូវការរបស់រាង-កាយក្រៅពីនោះនៅជួយឱ្យរាងកាយមិនឃ្លានខ្លាំងនៅពេលរសៀល និងគ្រប់គ្រងអាហារពេលល្ងាចដោយទទួលទានតែបន្តិចបន្តួច។

• ទទួលទានអាហារពេលល្ងាចតាំងពីថ្ងៃ: ពេលសម្រាប់អាហារល្ងាច គួរទទួលទានមុនយ៉ាងតិច 4ម៉ោងមុនពេលចូលគេង ព្រោះមិនដូច្នោះទេ អំឡុងពេលគេងលក់ ប្រព័ន្ធប្រសាទនឹងបញ្ជាឱ្យរាងកាយសម្រាក ដូច្នេះអាហារដែលទទួលទានចូលទៅមុននឹងបន្តិចនឹងត្រូវរំលាយ និងក្លាយជាជាតិខ្លាញ់ប្រមូលសន្សំក្នុងរាកាយ។ បានដឹងបែបនេះហើយ ក៏ត្រូវតែប្រតិបត្តិតាមយ៉ាងម៉ឺងម៉ាត់ផង ដើម្បីស្រ្តីជាម្ដាយវ័យក្មេងថ្មោងថ្មីទាំងឡាយមានរូបរាងស្វែលស្អាតគ្រប់ៗគ្នា និងអាចគ្រប់គ្រងបេះដូងស្វាមីជាប់ក្នុងដៃរហូត៕

Advertisement