ចង់​មាន​អាយុ​វែង100ឆ្នាំ ចូរ​ធ្វើតាម5ចំណុច​ខាងក្រោម​នេះ

ទោះជា​វិទ្យាសាស្ត្រ​ខាង​ពន្យារ​វ័យ​ឈានទៅ​មុខ និង​ទំនើប​ប៉ុនណា​ក៏ដោយ តែ​ការធ្វើ​កិច្ចការងារ​បែបងាយៗមួយចំនួន​ជាប់​ជាប្រចាំ​រៀងរាល់ថ្ងៃ​ក៏​អាចជួយ​ឱ្យ​អ្នកមាន​អាយុ​វែង​បាន​ដូចគ្នា​ដែរ។ សារព័ត៌មាន ឌឹ មី​រើ​រ៍ អន​ឡាញ របស់​ប្រទេស​អង់គ្លេស​បានចុះផ្សាយឱ្យ​យើង​ដឹង​ដូចខាងក្រោម​នេះ៖

1. ឈរជើង​ម្ខាង : រៀងរាល់​ព្រឹក ដូចជា ក្នុងពេល​តុបតែង​ខ្លួន សាកល្បង​ហ្វឹកហាត់​ការ​ទប់​លំនឹង​ខ្លួន​ដោយ​ការឈរជើង​ម្ខាង ព្រោះ​វា​ជាការ​សាង​តុល្យភាព​របស់​រាងកាយ (ឆ្អឹង​កង​ខ្នង ឆ្អឹងត្រគាក និង​ក្រពះ) នៅពេល​អាយុ​ច្រើន​ទៅ វា​នឹង​ជួយ​ការពារ​ឧប្បត្តិហេតុ​ពី​ការ​ដួល​បាក់ឆ្អឹង​បាន។

2. មាន​ភេទ​សម្ពន្ធ​ជាប់លាប់​ជាប្រចាំ : យ៉ាងតិច​មួយ​សប្ដាហ៍ 2ដង ព្រោះ​តាមរយៈ​ការងារ​ស្រាវជ្រាវ​បាន​រកឃើញថា អ្នក​ដែលមាន​ភេទ​សម្ពន្ធ (រួមភេទ) តិចជាង​មួយខែ​ម្ដង មានឱកាស​ប្រថុយ​នឹង​ការស្លាប់​មុន​វ័យ​ដល់​ទៅ​ពីរដង ច្រើនជាង​អ្នក​ដែលមាន​ភេទ​សម្ពន្ធ​មួយ​សប្ដាហ៍ 2ដង ព្រោះ​វា​នឹង​ជួយ​កាត់បន្ថយ​ភាព​ធុញថប់​តានតឹង​ក្នុង​អារម្មណ៍ និង​ធ្វើឱ្យ​គេង​លក់​ស្រួល​ឡើង។

3. តម​ប្រើ​គ្រី​ម​ការពារ​កម្ដៅថ្ងៃ​ក្នុងអំឡុង​ម៉ោង 7.00 – 9.00 : ព្រោះ​គ្រី​ម​ការពារ​កម្ដៅថ្ងៃ​នឹង​ទៅ​ស្រោប​ស្រទាប់​ស្បែក ធ្វើឱ្យ​វីតាមីន D ពី​ពន្លឺ​ថ្ងៃ​មិនអាច​ជ្រៀតចូល​ទៅក្នុង​ស្បែ​កបាន ហុច​ផល​ឱ្យ​កើត​ជំងឺ​ពុក​ឆ្អឹង និង​ជំងឺ​បេះដូង។

4. សើច​ក្នុង​មួយថ្ងៃ​ឱ្យបាន​យ៉ាងតិច20ដង : ជាការ​ជំរុញ​ប្រព័ន្ធ​ប្រឆាំង​ជំងឺ បន្ថយ​អ័រម៉ូន​ភាព​ធុញថប់​តានតឹង និង​បង្កើន​កម្រិត ធី​សែ​ល​ល៍ (T cell) ក្នុងការ​ការពារ និង​តតាំង​នឹង​រោគ​មហារីក។

5. ច្រៀង​ខណៈពេល​ងូតទឹក : តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​លើ​ក្រុម​អ្នកចម្រៀង​ច្រៀង​ជា​ពួក​របស់​មហាវិទ្យាល័យ យេ​ល និង​មហាវិទ្យាល័យ ហា​វ៉ាដ សហរដ្ឋអាមេរិក​បាន​រកឃើញថា ពួកគេ​មាន​អាយុ​គិត​ជា​មធ្យម​កើនឡើង​ច្រើន ព្រោះ​ការ​ច្រៀង​ចម្រៀង​អាចជួយ​កាត់បន្ថយ​ភាព​ធុញថប់​តានតឹង ការពារ​រោគ​បេះដូង និង​ជួយ​មិនឱ្យ​កើត​ជំងឺ​សោកសៅ​បាន។ ឃើញ​ទេ… 5ចំណុច​ខាងលើ​អាចធ្វើឱ្យ​អ្នក​អាយុ​វែង​បាន មិនចាំបាច់​អស់​លុយ​មួយរយ​រៀល​ណា​ឡើយ៕

Advertisement