ដល់​រដូវ​ភ្លៀងហើយ ស្វែងយល់ពីការមើល​ថែខ្លួន​ក្រោយពេល​ទទឹកភ្លៀង

ក្រោយពេល​ឈប់​ធ្វើការ តើ​មានបាន​ណាត់​ជាមួយ​អ្នកណា​នៅទីណា​ឬទេ​ចា៎ស? ព្រោះ​មុន​ងើប​ចេញពី​តុ​ធ្វើការ ឃើញ​ខំប្រឹង​តែង​មុខ​តែង​មាត់​រៀបចំខ្លួន​យ៉ាង​ស្អាត តែ​ពេល​ចេញទៅ បែរជា​ជួបនឹង​អូន​ភិ​រុណ​ដែល​បង្អុរ​ចុះមក​ពីលើ​មេឃ​ទៅវិញ។ ហ៊ឹស! ដល់​ម៉ោង​ចេញ​ពីធ្វើការ​ពឹប ភ្លៀង​ធ្លា​ក់មក​ប្រាវ! ធ្វើឱ្យ​ត្រូវ​ទទឹកភ្លៀង​ជោក និង​ស្រួល​មិន​ស្រួល​កើត​ជំងឺ​ផ្ដាសាយ​ទៀតផង… ដូច្នេះ តើ​យើង​ត្រូវ​មើលថែទាំ​ខ្លួន​យ៉ាងណា​ពេល​ទទឹក​ទឹកភ្លៀង​ ដើម្បី​កុំឱ្យ​ជំងឺ​ដ​ង្កា​ត់​សួររក​មុខ?

1. ប្រញាប់​ដោះ​សម្លៀកបំពាក់​ដែល​ទទឹក​ទឹកភ្លៀង​នោះ​ចេញ​ភ្លាម
រាងកាយ​ដែល​រងា​ញ័រញាក់​ពី​ការ​ទទឹក​ទឹកភ្លៀង​ដែល​ត្រជាក់​ស្រេ​ប​នោះ ក្រោយពី​ត្រឡប់មក​ដល់ផ្ទះ គួរ​ប្រញាប់​ដោះ​សម្លៀកបំពាក់​ដែល​សើម​ជោក​នោះ​ចេញ ព្រោះ​ទុក​យូរ​អាច​នឹងធ្វើ​ឱ្យ​អ្នកកើត​ផ្ដាសាយ និង​អាច​កើតមាន​មេរោគ​ផ្សិត​ ដោយសារ​ការ​ផ្អាប់​របស់​សម្លៀកបំពាក់​ដែល​ទទឹក​ទឹកភ្លៀង​យូរ ហើយ​សម្លៀកបំពាក់​នោះ​ក៏​គួរតែ​រក្សា​ថែទាំ​ដោយ​ការប្រញាប់​ដាក់​បោកគក់​សម្អាតភ្លាមៗដែរ។

2. ងូតទឹក កក់សក់ ដើម្បី​ជម្រះ​រាងកាយ​ពី​វត្ថុ​កខ្វក់​ដែល​អាច​ជាប់​មកជា​មួយ​ទឹកភ្លៀង
ទឹកភ្លៀង​ដែល​មក​ប៉ះ​នឹង​រាងកាយ​របស់​អ្នក ក្រៅពី​ត្រជាក់​ហើយ អាច​នឹងមាន​វត្ថុ​កខ្វក់​លាយ​ឡូកឡំ​មកជា​មួយ ដូច្នេះ​ក្រោយពី​ទទឹកភ្លៀង​ហើយ​ គួរ​ប្រញាប់​កក់សក់ និង​ងូតទឹក​ដើម្បី​សម្អាត​រាងកាយ ដោយ​អាច​នឹង​ងូតទឹក​ក្ដៅឧណ្ហៗ ដើម្បី​ផ្ដល់​ភាពកក់ក្ដៅ​ដល់​រាងកាយ​ឡើងវិញ ហើយ​ខណៈពេល​ងូតទឹក​គួរប្រើ​សាប៊ូ​ដុស​សម្អាត​ជើង(ជាពិសេស​ត្រឹម​ជង្គង់​ចុះក្រោម)ឱ្យបាន​ស្អាត ដើម្បី​កម្ចាត់​មេរោគ ឬវត្ថុ​កខ្វក់​ដែល​ជាប់​មកជា​មួយ​ទឹក​ដែល​ដក់​ខណៈពេល​ភ្លៀង។

3. ធ្វើឱ្យ​រាងកាយ​ស្ងួត មិន​ទទឹក​សើម
ក្រោយពី​ងូតទឹក​រួច ចូរ​ប្រញាប់​ជូត​សក់​ក្បាល និង​រាងកាយ​ឱ្យ​ស្ងួត កុំឱ្យ​ទទឹក​សើម​ខ្លួន​យូរ រួច​ប្រញាប់​ស្លៀក​សម្លៀកបំពាក់​ថ្មី​ដើម្បី​ធ្វើឱ្យ​រាងកាយ​មាន​អារម្មណ៍​កក់ក្ដៅ​ជាប់​ជានិច្ច។

4. ធ្វើឱ្យ​រាងកាយ​កក់ក្ដៅ
តាមរយៈ​ការដើរ​ហាលភ្លៀង អាចធ្វើឱ្យ​រាងកាយ​បានទទួល​ភាព​ត្រជាក់​ខ្លាំង​ហួសហេតុ ដូច្នេះ​គួរ​ប្រញាប់​ធ្វើឱ្យ​សីតុណ្ហភាព​ក្នុង​រាងកាយ​កក់ក្ដៅ​ឡើងវិញ ដូចជា ការ​ញ៉ាំ​ទឹក​ខ្ញី​ក្ដៅឧណ្ហៗមួយ​កែវ ដើម្បី​ធ្វើឱ្យ​រាងកាយ​មាន​អារម្មណ៍​ធូរស្រាល និង​ឃ្លាត​ចាក​ឆ្ងាយ​ពី​អាការ​គ្រុនផ្ដាសាយ។

5. គេង​សម្រាក និង​គេង​លក់​ឱ្យបាន​គ្រប់គ្រាន់
បន្ទាប់ពី​នឿយហត់​ពី​ការ​ដើរកាត់​ខ្យល់កាត់​ភ្លៀង ដើម្បី​មកដល់​កន្លែង​ស្នាក់នៅ ហើយ​ដើម្បីឱ្យ​រាងកាយ​រឹងប៉ឹង​ឡើងវិញ និង​ត្រៀម​ជាស្រេច​សម្រាប់​ការចាប់ផ្ដើម​ជីវិត​នៅ​ថ្ងៃ​បន្ទាប់​ទៀត​នោះ អ្នក​គួរ​ប្រញាប់​គេង​សម្រាក​ឱ្យបាន​គ្រប់គ្រាន់។

6. ដាក់​ឆ័ត្រ ឬ​អាវ​ភ្លៀង​តាម​ខ្លួន
ក្នុងអំឡុង​រដូវភ្លៀង​ដែល​អាច​នឹង​ជួប​ជាមួយ​អូន​ភិ​រុណ​ក្នុងអំឡុងពេល​ក្រោយ​ម៉ោង​ចប់​ពី​ការងារ​ក្នុងមួយថ្ងៃៗនោះ អ្នក​គួរតែដាក់​ឆ័ត្រ ឬ​អាវ​ភ្លៀង​តូច​មួយ​ជាប់​ខ្លួន ឬ​ដាក់(ឆ័ត្រ​បត់)នៅក្នុង​កាបូបយួរ ដើម្បី​ត្រៀម​ជាស្រេច​ក្នុងការ​ទប់ទល់​នឹង​ដំណក់ទឹកភ្លៀង​ដែល​អាច​នឹង​បង្អុរ​ចុះមក​ដោយ​មិនបាន​ណាត់​ទុកជាមុន។

ទឹកភ្លៀង​ដែល​ធ្លាក់​មកពី​លើ​មេឃ​អាចធ្វើឱ្យ​គ្រប់គ្នា​ទទឹក​ខ្លួនប្រាណ និង​រងា​ញ័រញាក់ ដូច្នេះ​វិធី​ការមើល​ថែទាំ​ខ្លួន​ក្រោយពេល​ទទឹកភ្លៀង គឺជា​វិធី​មួយទៀត​ដែល​ធ្វើឱ្យ​អ្នក​ឃ្លាត​ចាក​ឆ្ងាយពី​ជំងឺ​គ្រុនផ្ដាសាយ ដែល​អាចមក​ជាមួយ​ទឹកភ្លៀង​បាន ក្រៅពី​សម្រាប់​មើលថែទាំ​ខ្លួនឯង​ហើយ អាច​សាកល្បង​នាំយក​វិធី​នេះ​ទៅប្រើ​ជាមួយ​មនុស្ស​ដែល​អង្គុយ​ក្បែរ​អ្នក ដើម្បី​ជួយ​បន្ថែម​ភាពកក់ក្ដៅ​ក្នុង​រដូវភ្លៀង ដែល​ត្រជាក់​បាន​ទៀតផង​ចា៎ស អ្នកគ្រូ ឆវី ថា ច្បាស់​ជា​កាន់តែ​កក់ក្ដៅ​ឡើង​មិន​ខាន៕

Advertisement