មេរោគចម្លែកៗ និងគ្រោះថ្នាក់រាប់សិបប្រភេទ អាចរំដោះខ្លួន និងឆ្លងមកមនុស្ស បន្ទាប់ពីទន្លេទឹកកកនៅភ្នំទីបេត៍ រលាយ

ទឹកកកដែលបានរលាយនៅលើតំបន់ខ្ពង់រាបទីបេត៍ ដោយសារបម្រែបម្រួលអាកាសធាតុ អាចជាកត្តាជួយរំដោះមេរោគរាប់សិបប្រភេទដែលជាប់គាំងនៅក្នុងទឹកកកតាំងពីរាប់រយ ដល់រាប់ម៉ឺនឆ្នាំមុន ហើយមេរោគចម្លែកៗ និងប្រកបដោយគ្រោះថ្នាក់ទាំងនោះ អាចនឹងបង្កគ្រោះអាសន្នដល់សុខភាព ក៏ដូចជាជីវិតមនុស្សក្នុងពិភពលោកនេះផងដែរ។

យោងតាមលទ្ធផលនៃការពិសោធស្រាវជ្រាវដែលបានចុះផ្សាយនៅលើទំព័រទិន្នន័យវិទ្យាសាស្ដ្រ bioRxiv បានឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញមេរោគ 33ប្រភេទមានអាយុចាប់ពី 520 ទៅ 15,000ឆ្នាំ ដែលជាប់គាំងនៅក្នុងសមុទ្រទឹកកកដ៏ធំមួយនៅលើតំបន់ខ្ពង់រាបទីបេត៍ ភាគពាយព្យនៃប្រទេសចិន ក្នុងនោះមានមេរោគ 28ប្រភេទ មិនធ្លាប់ត្រូវបានគេស្គាល់ពីមុនមក។
លទ្ធនៃការស្រាវជ្រាវនេះត្រូវបានគេរកឃើញ បន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ត្របានពិនិត្យទៅលើស្នូលទឹកកកបុរាណចំនួន 2ផ្ទាំងដែលយកមកពីទន្លេទឹកកក Guliya កាលពីឆ្នាំ1992 និងឆ្នាំ2015។

មេរោគដែលត្រូវបានគេរកឃើញនៅក្នុងស្នូលទឹកកកទាំង 2នោះ មានភាពខុសគ្នាយ៉ាងច្រើន ដែលនេះអាចបណ្ដាលមកពីកត្តាអាកាសធាតុមានភាពខុសគ្នាក្នុងអំឡុងពេលទឹករាវប្រែជាកក។

ក្រុមអ្នកវិទ្យាសាស្ត្របានបង្ហាញពីការព្រួយបារម្ភចំពោះផលវិបាកនៃការរលាយទឹកកកនៅខ្ពង់រាបទីបេត៍ថា ៖ “ការដែលសមុទ្រទឹកកកបានបង្រួមផ្ទៃក្រឡារបស់វាយ៉ាងលឿនដោយសារបម្រែបម្រួលអាកាសធាតុ វាអាចធ្វើឱ្យបាត់បង់ទិន្នន័យស្ដីពីមេរោគទាំងនោះ ដែលវាអាចជួយឱ្យអ្នកវិទ្យាសាស្ត្រដឹងអំពីអាកាសធាតុកាលពីអតីតកាល។ ប៉ុន្តែ នេះមិនមែនជាបញ្ហាធំបំផុតនោះទេ។

ទន្លេទឹកកកទីបេត៍ គឺជាជម្រកនៃពពួកមេរោគចម្លែកៗដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្សបានគ្រប់ពេល

ការរលាយនៃទឹកកកក្នុងទន្លេទីបេត៍ អាចជាច្រកចេញមួយដែលជួយដោះលែងពពួកមេរោគ បាក់តេរី និងវីរុសដ៏គ្រោះថ្នាក់រាប់សិបប្រភេទ ចេញពីតំបន់នោះ ហើយពួកវាអាចឆ្លងមកសត្វ និងឆ្លងមកមនុស្ស ដែលជាហេតុអាចនាំឱ្យមានការផ្ទុះឡើងនូវអាសន្នរោគដូចគ្នានឹងមេរោគរលាកសួត Wuhan ដែលកំពុងរាតត្បាតពិភពលោកនាពេលបច្ចុប្បន្នដែរ៕

ប្រភព៖ សារព័ត៌មានបរទេស

មេរោគបង្ករលាកសួតថ្មី Wuhan – 6 ចំណុចដែលអ្នកត្រូវដឹងពីវា ដើម្បីការពារជីវិត
ហាងទំនិញនៅជប៉ុន ដាក់បដា “ហាមជនជាតិចិន” មិនឱ្យចូលទិញ ព្រោះខ្លាច…
អ្នកស្លាប់ដោយសារឆ្លងជម្ងឺរលាកសួត Wuhan កើនជិតទ្វេដង៖ ពលរដ្ឋចិនកំពុងភ័យខ្លាច…
មេរោគរលាកសួតថ្មី Wuhan បានឆ្លងដល់ប្រទេសជិតខាងកម្ពុជា

Advertisement