មនុស្ស 5លាននាក់ បានចាកចេញពី Wuhan ទៅកាន់តំបន់ផ្សេងៗ និងរាប់ពាន់នាក់មកកម្ពុជា មុនការបិទទីក្រុងនេះ

មនុស្សប្រមាណ 5លាននាក់ បានចាកចេញពីតំបន់ Wuhan មុនពេលតំបន់នេះត្រូវបានដាក់បម្រាមគោចរកាលពីថ្ងៃទី23មករា ព្រោះតែការឆ្លងរាលដាលនៃមេរោគរលាកសួតប្រភេទថ្មី Corona។

បច្ចុប្បន្ន មនុស្សប្រមាណជា 9លាននាក់កំពុងស្ថិតនៅក្នុងតំបន់ Wuhan (ដែលជាទីតាំងឆ្លងមេរោគ Corona មុនគេ) នៃខេត្ត Hebei ប្រទេសចិន នេះបើតាមការឱ្យដឹងពីអភិបាលក្រុង លោក Zhou Xianwang។ អភិបាលក្រុងរូបនេះ បានបន្ថែមថា ក្នុងចំណោមអ្នកជំងឺ 2,700នាក់ដែលកំពុងត្រូវបានតាមដាន គឺមានប្រហែល 1,000នាក់អាចនឹងមានផ្ទុកមេរោគ Corona (nCoV)នេះ។

គិតមកដល់ព្រឹកថ្ងៃទី27 មករានេះ តំបន់ Wuhan មានអ្នកជំងឺដល់ទៅ 533នាក់ ត្រូវបានគេបញ្ជាក់ថា មានផ្ទុកជំងឺរលាកសួតថ្មី Corona។ ខេត្ត Hebei នៃប្រទេសចិន មានអ្នកជំងឺរលាកសួតជាងពាក់កណ្ដាលក្នុងចំណោមអ្នកជំងឺជាង 2,700នាក់នៅប្រទេសចិន នេះបើតាមគេហទំព័រ CNBC។

ទីភ្នាក់ងារសារព័ត៌មាន Aljazeera បានឱ្យដឹងដែរថា អាជ្ញាធរចិនបានបិទទ្វារទីក្រុងចំនួនជិត 20 ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកំណាច Corona ដែលបានសម្លាប់មនុស្សយ៉ាងតិច 81នាក់ ក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។

ទីភ្នាក់ងារសារព័ត៌មាន Nytimes បានដកស្រង់សម្ដីលោកអភិបាលក្រុង Wuhan លោក Zhou Xianwang ឱ្យដឹងថា មុនការដាក់បម្រាមគោចរ មានមនុស្សចំនួនប្រមាណជា 5លាននាក់បានចាកចេញពីទីក្រុង Wuhan ទៅកាន់តំបន់ផ្សេងៗក្នុងពិភពលោក។

បើតាមគេហទំព័រដែលមានឈ្មោះថា “ថ្មីៗ” បានសរសេរថា លោក ជា អូន អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នមានជនជាតិចិនដែលមកពីទីក្រុងវូហានចំនួនជាង 3,000នាក់បានស្នាក់នៅក្នុងប្រទេសកម្ពុជា ដោយពួកគេបានធ្វើដំណើរមកដល់កម្ពុជាតាំងពីថ្ងៃទី23 មករាកន្លងទៅ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement