ជនជាតិជប៉ុន 2នាក់ប្រាប់ការពិត បន្ទាប់ពីរដ្ឋបាលជប៉ុនបញ្ជូនយន្តហោះទៅទទួលមកប្រទេសកំណើតវិញ៖ “ស្ថានការណ៍ក្នុងទីក្រុង វូហាន កាន់តែយ៉ាប់យ៉ឺនជារឿយៗ”

ជនជាតិជប៉ុន 2នាក់គឺ លោក ថាខេអូ អាអូយ៉ាម៉ា និងលោក ថាកាយូគិ ខាតូ បានប្រាប់ទៅអ្នកសារព័ត៌មាន ក្រោយពីធ្វើដំណើរត្រឡប់ពីទីក្រុងវូហាន ប្រទេសចិន មកដល់ប្រទេសជប៉ុនវិញនៅព្រឹកថ្ងៃទី29 មករា​(ព្រឹក​មិញ)​ថា មានអារម្មណ៍ថា ធូរស្បើយក្នុងចិត្តដែលបានត្រឡប់មកដល់ប្រទេសកំណើតវិញ ចំណែកស្ថានការណ៍នៅក្នុងទីក្រុង វូហានវិញ កំពុងតែយ៉ាប់យ៉ឺនទៅៗជារឿយៗ ទោះជានៅអាចរកទិញម្ហូបអាហារ និងរបស់របរប្រើប្រាស់ចាំបាច់បានមែន តែក៏មិនងាយស្រួលដូចកាលពីមុនដែរ។

ទាំងលោក អាអូយ៉ាម៉ា និងលោក ខាតូ បានសម្ដែងនូវការលើកទឹកចិត្តដល់ពលរដ្ឋចិនដែលស្ថិតនៅក្នុងទីក្រុង​វូហាន និងបាននិយាយថា ពួកគាត់ទាំង 2នាក់បារម្ភពីមិត្តរួមការងារជនជាតិចិន និងជនជាតិជប៉ុនដទៃទៀតដែលកំពុងស្ថិតនៅក្នុងទីក្រុងនោះ។

Advertisement

លោក Takeo Aoyama (កណ្ដាល ខាង​ឆ្វេង) ជា​បុគ្គលិក​បម្រើ​ការ​ឱ្យ​ក្រុម​ហ៊ុន Nippon Steel Corp នៅ​ក្រុង​ Wuhan និង​លោក Takayuki Kato (កណ្ដាល​ ស្ដាំ) បម្រើ​ការ​នៅ​ក្នុង​ក្រុម​ហ៊ុន Intec នៅ​ Wuhan ប្រទេស​ចិន​

បុរសជនជាតិជប៉ុនទាំង 2នាក់បានធ្វើដំណើរត្រឡប់មកវិញជាមួយនឹងជនជាតិជប៉ុនចំនួន 206នាក់ដែលរដ្ឋបាលជប៉ុនម៉ៅយន្តហោះ 1គ្រឿងផ្ដាច់មុខរបស់ក្រុមហ៊ុនអាកាសចរណ៍ អល នីប៉ុន អ៊ែរឡាញ(ANA)ទៅទទួលត្រឡប់មកប្រទេសវិញ។

ក្រុមមន្រ្តីជប៉ុនបានបង្ហើបឱ្យដឹងថា ទាំង 206នាក់នេះ ជាអ្នកដែលរស់នៅជិតផ្សារលក់អាហារសមុទ្រ ហួណាន បំផុត ដែលគេជឿថា ជាកន្លែងកំណើតនៃការឆ្លងរាលដាលរបស់មេរោគវីរុស កូរ៉ូណាប្រភេទថ្មី និងបន្ទាប់ពីនេះ រដ្ឋបាលជប៉ុននឹងបន្តជម្លៀសជនជាតិជប៉ុនដែលនៅសេសសល់ដទៃទៀតឱ្យចាកចេញពីទីក្រុងនោះជាបណ្ដើរៗ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement