អតីតមន្ត្រីនៅវិទ្យាស្ថានប៉ាស្ទ័រថា វីរុសកូរ៉ូណានឹងថយឥទ្ធិពល​ក្នុងសីតុណ្ហភាពនៅកម្ពុជា ព្រោះយើងជាប្រទេសក្តៅ មិនត្រជាក់ដូចនៅចិនទេ

ថ្មីៗនេះបន្ទាប់​ពីមានការព្រួយបារម្ភខ្លាំង​អំពីបញ្ហាជំងឺរលាកសួតថ្មីដែលកើតចេញពីមេរោគវីរុសកូរ៉ូណា (2019-nCov) លោកវេជ្ជបណ្ឌិត ជឹម ភក្ត្រា អតីតមន្ត្រីនៃមន្ទីរពិសោធន៍​នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដែលមានបទពិសោធជាង 10ឆ្នាំក្នុងមន្ទីរពិសោធន៍ បានបង្ហាញពីចំណេះដឹងមួយចំនួនចំពោះបញ្ហាមេរោគរលាកសួតថ្មីនេះដល់សាធារណជនបានដឹង។

នៅក្នុងនោះលោកវេជ្ជបណ្ឌិត បានបង្ហាញថា ជាទូទៅការចម្លងមេរោគវីរុសកូរ៉ូណាថ្មីនេះ អាចឆ្លងបានដោយអាស្រ័យលើកត្តា 3យ៉ាង គឺចំនួនមេរោគ កត្តាសីតុណ្ហភាព និង​ការប៉ះពាល់ និងនៅទល់មុខអ្នកជំងឺផ្ទាល់ដោយគ្មានរបាំងការពារ។

លោកបានបញ្ជាក់ផងដែរថា កត្តាដែលមិនងាយរាលដាលនៅក្នុងប្រទេសកម្ពុជាយើង គឺដោយសារតែប្រទេសយើងមានសីតុណ្ហភាពលើសពី 30អង្សារសេ ដែលធ្វើឱ្យមេរោគមិនអាចរស់បានទេនៅពេលខ្ទាតចេញពីអ្នកជំងឺណាម្នាក់ទៅមនុស្សផ្សេងទៀត ព្រោះមេរោគនេះអាចរស់បានតែក្នុងសីតុណ្ហភាពក្រោម 20អង្សារសេតែប៉ុណ្ណោះ។ ហេតុនេះប្រសិនបើស្ថិតនៅចម្ងាយពីគ្នា 1ម៉ែត្រ មិនងាយនឹងឆ្លងទេ។ ចំពោះបញ្ហាមួយផ្សេងទៀត គឺនៅកម្ពុជាមិនទាន់មានអ្នកឆ្លងជំងឺនេះច្រើននៅឡើយទេ ហេតុនេះសូមប្រជាពលរដ្ឋខ្មែរយើង កុំមានការព្រួយបារម្ភខ្លាំងពេកដែលនឹងនាំឱ្យជ្រួលច្របល់៕

 

 

Advertisement