ពលរដ្ឋអាមេរិកនាំគ្នាសម្រុកទៅទិញ “ម៉ាស់” មកស្ដុកទុកប្រើរយៈពេលយូរ

នៅសហរដ្ឋអាមេរិក ប្រជាជនជាច្រើនបាននាំគ្នាទិញម៉ាស់ក្នុងចំនួនច្រើនៗ ដើម្បីទុកប្រើឱ្យបានយូរខែ ព្រោះ​តែ​ភ័យខ្លាចការឆ្លងរាលដាលនៃមេរោគ corona និងភ័យខ្លាចខ្វះឧបករណ៍ការពារដ៏សំខាន់មួយនេះ។

នៅលើផ្សារអនឡាញ Amazon អ្នកផ្គត់ផ្គង់ធំៗជាច្រើនបានឱ្យដឹងថា ខ្លួនត្រូវរង់ចាំរយៈពេលច្រើនសប្ដាហ៍ទៀតទើបអាចប្រគល់ទំនិញទៅអតិថិជនបាន។ អ្នកជំនាញផ្នែកសុខាភិបាលក៏បានព្រួយបារម្ភ​អំពី​ហានិ​ភ័យ​នៃ​ការខ្វះខាតម៉ាស់នៅក្នុងទីផ្សារដែរ ដែលការណ៍នេះនឹងនាំឱ្យមានមនុស្សកាន់តែច្រើនមានអារម្មណ៍កាន់តែភ័យខ្លាចឡើង ហើយអាចបណ្ដាលឱ្យទំនិញនេះឡើងថ្លៃបានទៀតផង។

ម៉ាស់ត្រូវបានគេចាត់ទុកជាខែលការពារមួយ ដែលអាចជួយកាត់បន្ថយការឆ្លងមេរោគនានានៅតាមទីប្រជុំជន ដូចជា ផ្សារ មន្ទីរពេទ្យ ការិយាល័យ ក្នុងរថយន្តក្រុង ឬភោជនីយដ្ឋាន។ល។

យោងតាមអ្នកជំនាញ ការដែលមនុស្សនាំគ្នាទៅទិញម៉ាស់ច្រើនបែបនេះ គឺមានន័យថា បណ្ដាមន្ទីរពេទ្យ ឬមណ្ឌលសុខភាពក៏កំពុងខ្វះខាតម៉ាស់ដែរ។ ក្រុមគ្រូពេទ្យដែលមានតួនាទីព្យាបាល និងថែទាំអ្នកជំងឺផ្លូវដង្ហើម គឺជាអ្នកដែលត្រូវប្រើប្រាស់ម៉ាស់ច្រើនជាងគេ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាសន្នរោគអាមេរិក​(Centers For Disease Control & Prevention ឬ CDC)។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិក

មន្ត្រីម្នាក់នៅ CDC បានឱ្យដឹងថា ពួកគេកំពុងចរចាជាមួយបណ្ដារោងចក្រផលិតម៉ាស់ ដើម្បីធ្វើយ៉ាងណាឱ្យមានម៉ាស់គ្រប់គ្រាន់តាមតម្រូវការ។ ប៉ុន្តែបណ្ឌិត Anita Patel មកពី CDC បាននិយាយថា៖ “យើងខ្ញុំគិតថា អ្នករាល់គ្នា នាំគ្នាទិញម៉ាស់មកទុកប្រើប្រាស់ គឺដោយសារការភ័យខ្លាច មិនមែនដោយសារតម្រូវការជាក់ស្ដែងនោះទេ”។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិក (United States Department of Health & Human Services (HHS) លោក Alex M. Azar II បានថ្លែងថា ការស្ដុកទុកម៉ាស់ក្នុងចំនួនច្រើន គឺជាការមិនចាំបាច់សម្រាប់ជនជាតិអាមេរិក ព្រោះថា ហានិភ័យទាក់ទិននឹងមេរោគនេះមិនខ្ពស់ទេ។

ម៉ាស់ គឺជាសម្ភារសុខាភិបាលមួយប្រភេទដែលត្រូវបានស្ដុកទុកក្នុងឃ្លាំងយុទ្ធសាស្ត្ររបស់អាមេរិក ហើយវាត្រូវបានផ្គត់ផ្គង់ទៅឱ្យមន្ទីរពេទ្យរដ្ឋនានានៅទូទាំងប្រទេស។ ប៉ុន្តែអ្នកជំនាញអាមេរិកបច្ចុប្បន្នក៏មិនដឹងដែរថា ម៉ាស់ដែលមាននៅក្នុងឃ្លាំង និងប្រភពផ្គត់ផ្គង់មានចំនួនគ្រប់សម្រាប់តម្រូវការដែរឬក៏អត់នោះទេ បើសិនជាការឆ្លងនៃអាសន្នរោគនេះអូសបន្លាយពេលយូរ។

ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​យប់​ថ្ងៃ​ទី 29​ មករា 2020 អាមេរិក​មាន​អ្នក​​ឆ្លង​មេរោគ corona ចំនួន 5ករណី។

រដ្ឋាភិបាលនៃប្រទេសជាច្រើនក្នុងពិភពលោក កំពុងព្យាយាមនាំពលរដ្ឋរបស់ពួកគេចេញពីតំបន់គ្រោះថ្នាក់ Wuhan នៃប្រទេសចិន ខណៈដែលមានអ្នកស្លាប់ដោយសារមេរោគ corona នេះ កំពុងកើនឡើងជាបន្តបន្ទាប់។

ក្រុមមន្ត្រីចិនបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារឆ្លងមេរោគរលាកសួតថ្មី corona បានកើនដល់ 170នាក់ និងអ្នកកំពុងផ្ទុកមេរោគនេះមានចំនួន 7,711នាក់៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement