ចំនួនអ្នកស្លាប់ចេះតែកើនឡើង! ហានិភ័យនៃការឆ្លងមេរោគ Corona មានខ្ពស់បំផុត ពេលនៅក្បែរអ្នកជំងឺ ក្នុងរង្វង់ 2ម៉ែត្រ

អ្នកជំនាញខាងរោគឆ្លងបានឱ្យដឹងថា ហានិភ័យនៃការឆ្លងមេរោគរលាកសួត Corona គឺមានខ្ពស់ណាស់ នៅពេលមនុស្សម្នាក់នៅក្បែរអ្នកជំងឺក្នុងរង្វង់ក្រោម 2ម៉ែត្រ។ កត្តានេះក៏ជាមូលហេតុដែលនាំឱ្យការឆ្លងរាលដាលនៃមេរោគនេះ កើនឡើងយ៉ាងឆាប់រហ័ស ពោលគឺអ្នកដែលបានឆ្លងមេរោគនេះកើនដល់ 11,791នាក់ និងអ្នកស្លាប់កើនដល់ 259នាក់ គិតមកត្រឹមព្រឹកនេះ (1មករា)។

នៅក្នុងតារាងបច្ចុប្បន្នភាពប្រចាំថ្ងៃ គណកម្មធិការសុខាភិបាលខេត្ត Hebei ថ្ងៃនេះ បានឱ្យដឹងថា ករណីបាត់បង់ជីវិតបន្ថែមដោយសារមេរោគ Corona (nCoV) មានចំនួន46នាក់ និងអ្នកឆ្លងថ្មីចំនួន 1,347នាក់។

ក្រុង Wuhan នៃខេត្ត Hebei នៅតែស្ថិតនៅលើកកំពូលតារាង ដោយមានអ្នកឆ្លងមេរោគ Corona ថ្មី ដល់ទៅ 576នាក់ និងករណីស្លាប់បន្ថែម 33នាក់។ ជាសរុប ចំនួនអ្នកស្លាប់ដោយសារមេរោគនេះនៅ Wuhan មានចំនួន 192នាក់ គិតមកត្រឹមព្រឹកនេះ។

កាលពីថ្ងៃទី 30 មករាកន្លងទៅ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នទូទាំងពិភពលោកចំពោះអាសន្នរោគនេះ។ អាសន្នរោគនេះ បានឆ្លងរាលដាលដល់ 27 ប្រទេស និងតំបន់ក្នុងពិភពលោក។ អេស្ប៉ាញ គឺជាប្រទេសថ្មីមួយទៀតដែលទើបតែរកឃើញករណីឆ្លងមេរោគ Corona ដំបូងបង្អស់របស់ខ្លួន។

សូមបញ្ជាក់ថា ការពិសោធរបស់ក្រុមវេជ្ជសាស្ត្រក្នុងពេលថ្មីៗនេះ បានបង្ហាញថា មេរោគ nCoV ប្រើពេល 5ថ្ងៃ ដើម្បីសំងំក្នុងរាងកាយមនុស្ស ប៉ុន្តែក៏អាចអូសបន្លាយដល់ទៅ 14ថ្ងៃ។ បន្ទាប់មក អ្នកជំងឺនឹងចាប់ផ្ដើមមានអាការគ្រុនក្ដៅ ក្អក និងកណ្ដាស់។

អ្នកជំនាញខាងរោគឆ្លងបានឱ្យដឹងថា ហានិភ័យនៃការឆ្លងគឺមានខ្ពស់បំផុត នៅពេលមនុស្សម្នាក់នៅក្បែរអ្នកជំងឺក្នុងរង្វង់ក្រោម 2ម៉ែត្រ។ អ្នកណាដែលបានស្រូបខ្យល់ ឬប៉ះពាល់ចំកម្ទេចធាតុរាវ ដែលមានមេរោគជាប់នៅលើខោអាវ ឬដៃជើងជាដើម អ្នកនោះនឹងត្រូវឆ្លងមេរោគមិនខាង៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement