ករណី​ស្លាប់​ដោយ​សារ​មេរោគ​ Corona ដំបូង​បង្អស់នៅ​ខាង​ក្រៅ​ប្រទេស​ចិន​

​​អ្នក​ជំងឺ​ដែល​បាន​ឆ្លង​មេរោគ​ Corona ម្នាក់​បាន​ស្លាប់​នៅ​ឯក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ដែល​​នេះ​គឺ​ជា​ករណី​ដំបូង​បង្អស់​ អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​នៅ​ខាង​ក្រៅ​ប្រទេស​ចិន​ នេះ​បើ​យោង​តាម​អង្គ​ការ​សុខ​ភាព​ពិភពលោក​។

តំណាង​អង្គ​ការ​សុខ​ភាព​ពិភព​លោកប្រចាំ​​​ហ្វី​លីពីន លោក Rabindra Abeyasinghe បាន​មាន​ប្រសាសន៍​​កាល​ពី​ព្រឹក​មិញ​ថា “អ្នក​ដែល​បាន​ស្លាប់​នោះ​គឺ​ជា​ជនជាតិ​ចិន មក​ពី​ក្រុង​ Wuhan ដែល​ជាតំបន់​កំណើត​នៃ​វីរុស​ Corona (nCoV)។ នេះ​ជា​ករណី​ស្លាប់​ដំបូង​បង្អស់​នៅ​ក្រៅ​ប្រទេស​ចិន​”។

ជន​រងគ្រោះ​ដោយ​សារ​អាសន្នរោគ​ Corona ខាង​លើ មាន​អាយុ 44ឆ្នាំ ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​នៃ​ក្រុង​ម៉ានីល។ តាម​ការ​សន្និដ្ឋាន​របស់​មន្ត្រី​សុខាភិបាល បុរស​នេះ​ប្រហែល​បាន​ឆ្លង​មេរោគ​ដ៏​ប្រល័យ​នេះ​កាល​ពី​នៅ​ប្រទេស​ចិន មុន​ពេល​រួម​ដំណើរ​ជា​មួយ​ស្ត្រី​ម្នាក់​មក​កាន់​ហ្វីលីពីន​។ ស្ដ្រី​ម្នាក់​នេះ ត្រូវ​បាន​គេ​បញ្ជាក់​ថាជា​អ្នក​​មាន​ផ្ទុក​មេរោគ​ Corona ដំបូង​នៅ​ហ្វីលីពីន។​ ​បច្ចុប្បន្ន ស្ត្រី​នេះ​ទទួល​ការ​ព្យា​បាល​នៅឯ​មន្ទីរ​ពេទ្យមួយ​នៃ​ប្រទេស​នេះ​។

លោក Rabindra Abeyasinghe បាន​បន្ត​ថា ៖ “យ៉ាង​នេះ​ក្ដី គេ​ត្រូវ​ដឹង​ថា អ្នក​ជំងឺ​មិន​មែនជា​ករណី​ឆ្លង​រោគ​នៅ​ទី​នេះ​។ អ្នក​ជំងឺ​មក​ពី​តំបន់​កណ្ដាល​នៃ​អាសន្ន​រោគ (Wuhan)​”។

ហ្វីលីពីន កាល​ពី​បួន​ថ្ងៃ​មុនបាន​ប្រកាស​ផ្អាក​ការ​ផ្ដល់​ទិដ្ឋាការ​នៅ​នឹង​កន្លែង​ថ្មី​សម្រាប់​ពលរដ្ឋ​ចិន​ ដើម្បី​កាត់​បន្ថយចំនួន​នៃ​​ក្រុម​អ្នក​ទេស​ចរណ៍។ មន្ត្រី​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ហ្វីលីពីន បាន​ឱ្យ​ដឹង​ថា​ ប្រទេស​នេះ​មិន​ទាន់​បាន​ហាម​ពល​រដ្ឋ​ចិន​មក​កាន់​ប្រទេស​នេះ​នៅឡើយ​ ប៉ុន្តែ​ពួកគេ​ស្នើ​ឱ្យ​ពល​រដ្ឋ​ចិន​ធ្វើ​តេសត៍​រក​មេរោគ nCoV មិន​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​​ប្រទេស​ហ្វីលីពីន។ ចំណែក​នាយក​ដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល​ហ្វី​លីពីន បាន​ផ្អាក​ការ​ហោះ​ហើរ​ត្រង់​ពី​ក្រុង​ Wuhan។

ផែនទី​បង្ហាញ​ពី​វត្តមាន​របស់​អ្នក​​បាន​ឆ្លង​វីរូស​រលាក​សួត​ Corona

អាសន្ន​រោគ​រលាក​សួត​ដែល​បង្ក​ឡើង​ដោយ​វីរូស nCoV​ (Corona) បាន​កើន​ឡើង​នៅ​ក្រុង​ Wuhan តាំង​ពី​ថ្ងៃ​ទី 12​ធ្នូ ឆ្នាំ2019 ក្រោយ​មក​វា​បាន​រាល​ដាល​ដល់ 31ខេត្ត​ក្រុង​នៃ​ប្រទេស​ចិន​។ គិត​មកត្រឹម​​ថ្ងៃ​នេះ (2កុម្ភៈ) ​អ្នក​សា្លប់​ដោយ​សារ​មេរោគ​នេះ​ កើន​ដល់​ 304នាក់​នៅ​ប្រទេស​ចិន​ និង​មាន​អ្នក​ឆ្លង​មេរោគ​នេះចំនួន 14,451​នាក់។ នៅ​ខាង​ក្រៅ​ប្រទេស​​ចិន​វិញ មានប្រទេស​ និង​តំបន់​ចំនួន​26 ត្រូវ​គេ​រាយការណ៍​ថា មាន​អ្នក​ឆ្លង​វីរូស​នេះ ក្នុង​នោះ​មាន​ម្នាក់បាន​បាត់​បង់​ជីវិត​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Advertisement